ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូHonda moove យ៉ាងលឿន ខណៈមកដល់ចំណុចផ្លូវបំបែកជាបួនមិនប្រយ័ត្ន ជ្រុលទៅបុករថយន្តRAV4 ចំបញ្ឆិតពីមុខពេញទំហឹង បណ្ដាលឲ្យម្ចាស់ម៉ូតូរងរបួសសន្លប់ស្តូកស្ដឹងនៅនឹងកន្លែង ហើយត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមៗ ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយលេខ១៩៩ កែងនឹងផ្លូវលេខ៤៣០ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
តាមប្រភពពីកន្លែងបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូHonda Moove ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1FH-1863 ធ្វើដំណើរតាមបណ្ដោយផ្លូវ៤៣០ ទិសដៅពីត្បូងទៅជើងយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើមិនបានប្រយ័ត្នផ្លូវបំបែកជាបួន ក៏បានជ្រុលទៅបុករថយន្តRAV4 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2N-5793 បើកបរដោយប្ដីប្រពន្ធពីរនាក់ធ្វើដំណើរតមបណ្ដោយផ្លូវលេខ១៩៩ ទិសដៅកើតទៅលិច ត្រូវម៉ូតូបុកចំបញ្ឆិតពីមុខ ផ្នែកខាងឆេ្វង ពេញទំហឹង បណ្ដាលឲ្យម្ចាស់ម៉ូតូដួលបោកនឹងថ្នល់ រងរបួសធ្ងន់ ហើយភ្លាមៗ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យឯកជន ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានទទួលផ្នែកចរាចរណ៍ បានចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូដែលជាវត្ថុតាង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន រង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ