ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គិសនីឆេះស្លាកយីហោហាងម៉ាស្សា មួយកន្លែងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទាំងកណ្តាលអធ្រាត្រ

ចែករំលែក៖

ភ្នំពេញ៖ ឆ្លងចរន្តអគ្គិសនី ឆាបឆេះស្លាកយីហោហាងម៉ាស្សា មួយកន្លែងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទាំងកណ្តាលអធ្រាត្រ។

ហេតុការណ៍បង្កឲ្យមានការភ្ញាក់ ផ្អើលនេះបានកើតឡើងកាលាពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចហាងម៉ាស្សាយីហោដឺឡាគួ នៅតាមបណ្តោយផ្លូវលេខ២៦៥កែងនិងផ្លូវលេខ២១០ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពពីបុគ្គលិកបម្រើការងារនៅនឹងកន្លែងកើតហតុខាងលើបានឲ្យដឹងថា មុននឹងមានអគ្គិភ័យឆាបឆេះស្លាកយីហោនៅចំណុចកើតហេតុខាងលើនេះ រូបគាត់បានឃើញចរន្តអគ្គិសនីឆ្លងចេញជាអណ្តាតភ្លើងហើយឆេះស្លាកយីហោធ្វើពីជ័រដាក់តាំងនៅនឹងមុខជាប់នឹងជញ្ជាំងហាងម៉ាស្សាកម្ពស់ពីដីប្រមាណជា៤ទៅ៥ម៉ែត្រ។ ភ្លាមៗនោះបុគ្គលិកដែលបម្រើការនៅនឹងកន្លែងកើតបានទំនាក់ទំនងទៅសមត្ថកិច្ចឲ្យចុះជួយអន្តរាគមន៍ ព្រមទាំងប្រជាពលរដ្ឋ និងបុគ្គលិកហាងម៉ាស្សាម្នាក់បានកាន់ដងអំបោសឡើងទៅកន្លែងដែលឆេះវាយអណ្តាតភ្លើងឲ្យរលត់ទៅវិញភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ក្រោយពីមើលសភាពការណ៍នៅនឹងកន្លែងកើតហេតុពិតជាបានរលត់ទាំងស្រុង ហើយការខូចខាតតិចតួចប៉ុណ្ណោះ និងមិនបង្កឲ្យមានអ្នកណារងរបួសទេ ៕ ជ្រោយពេជ្រ


ចែករំលែក៖