ភ្នំពេញ៖ អតីតស្រីស្អាតកម្មវិធីប្រឡងកញ្ញាឯកនួនអាណុង អ្នកនាងវ៉េង តារាវរឌីបានបាត់មុខពីសិល្បៈអស់ជាង១០ឆ្នាំ ។ លេចមុខជាថ្មី ស្រាប់តែតារាសម្តែងរូបនេះ បានបើកជំនួញថ្លៃជិត១០ម៉ឺនដុល្លារអាមេរិក ។
អ្នកនាង វ៉េង តារាវរឌី ធ្លាប់មានប្រវត្តិចូលបម្រើវិស័យសម្តែងកាលពី១០ឆ្នាំមុន បន្ទាប់ពីនាងទទួលបានពានរង្វាន់ជាស្រីស្អាតក្នុងកម្មវិធីប្រកួតកញ្ញាឯកនួនអាណុង និងនីកុន ។ ភាពយន្តឈុតផ្សព្វផ្សាយផលិតផល និងបទចម្រៀងខារ៉ាអូខេមួយចំនួនត្រូវបានតារារូបនេះចូលរួមសម្តែងមុនពេលនាងចេញទៅរស់នៅជាមួយអតីតស្វាមីនៅប្រទេសអូស្ត្រាលី ។
អ្នកនាងបញ្ជាក់ថាក្រោយចែកផ្លូវគ្នាជាមួយស្វាមីនាងបានមករស់នៅជួបជុំសាច់ញាតិបងប្អូននៅទឹកដីកំណើតដោយមានកូនប្រុសម្នាក់មកជាមួយផងដែរ ។ នាងថានៅទីនេះខ្ញុំមានសាច់ញាតិច្រើន និងមានការងារមុខរបរដែលអាចឲ្យកូននាងរៀនសូត្របានគ្រប់គ្រាន់ហើយនាងក៏រស់នៅដោយសប្បាយចិត្តដែរ ។
នាងថា មុខជំនួញថ្មីរបស់នាងនៅខាងក្រោយកាហ្វេ Brown សួនច្បារវត្តបុទុមវត្តី គឺចំណាយទុនខ្ទង់ជិត១០ម៉ឺនដុល្លារដែលបម្រើកាហ្វេអាហារពេលព្រឹកថ្ងៃត្រង់ និងគ្រៀងក្លែមពេលល្ងាច ។ នាងថាជំនួញនេះ នាងមិនបានគ្រប់គ្រងបានដិតដល់ទេ ព្រោះតែត្រូវបំពេញការងារខាងក្រៅផងដែរ ដែលនាងគឺជាជំនួយការផ្ទាល់អគ្គនាយក្រុមហ៊ុនមួយដែលត្រូវចេញចូលក្រៅប្រទេសជាញឹកញាប់ផងដែរ ។
អតីតារាស្រីមានឈ្មោះហៅក្រៅថា ជំទាវតូចរូបនេះ លើកឡើងដែរថា ពីមុនហាងរបស់នាងតូចទើបត្រូវរើមកហាងថ្មីដែលអាចទទួលភ្ញៀវបានច្រើនជាងមុន ហើយនាងក៏មានគម្រោងបើកដំណើរការហាងថ្មីនៅលើទឹកដីនៃខេត្តសៀមរាបផងដែរ ប៉ុន្តែនាងត្រូវការអ្នកជួយមើលការខុសត្រូវច្រើនទើបត្រូវពន្យាពេល ។
នាងបញ្ជាក់ដែរថា ការបង្ហាញមុខជាថ្មីនាងមិនមានបំណងវិលរកការសម្តែងទេ ប៉ុន្តែចិត្តនៅតែស្រលាញ់ចូលចិត្តហើយក៏មានប្អូនៗសិល្បករជំនាន់ក្រោយមួយចំនួនរាប់អាននាងផងដែរ ។ នាងថាមិនទាន់នឹកចង់ចូលប្រឡូកសិល្បៈវិញទេ ព្រោះតែមមាញឹកខ្លាំងនឹងការងារជាច្រើន ប៉ុន្តែចិត្ត និងបេះដូងនៅតែដល់ជាប់ជាមួយអាជីពសិល្បៈដដែល៕ វឌ្ឍនា