ភ្នំពេញ៖ បុរសម្នាក់សង្ស័យងងឹតមុខបានបើកម៉ូតូរេចង្កូតជ្រុលទៅបុករថយន្ដ Tacoma ដែលគេចតស្ងៀមនៅលើចិញ្ចើមផ្លូវពីក្រោយ បណ្ដាលឲ្យដួលសន្លប់ស្ដូកស្ដឹងរងរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជាង២សៀល ថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតនៅក្នុងភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដែលត្រូវម៉ូតូបុកពីក្រោយ ម៉ាក TOYOTA TACOMA ពាក់ស្លាកលេខ ភ្នំពេញ 2Y-7497 រីឯម្ចាស់ម៉ូតូ ក៏មិនបានប្រាប់ពីអត្តសញ្ញាណនោះដែរ គ្រាន់តែដឹងថា រស់នៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលប៉ុណ្ណោះ ម៉ូតូម៉ាកហុងដា Wave ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BX-7228។
ប្រភពពត៌មាននៅកន្លែងកើតហេតុ គេឃើញបុរសបើកម៉ូតូម្នាក់ឯង តាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីត្បូងទៅជើងស្របគ្នា ជាមួយរថយន្ដ ខណៈមកដល់កន្លែងកើតហេតុប្រហែលអ្នកបើកម៉ូតូងងឹតមុខ បានជ្រុលចង្កូតទៅបុករថយន្ដពីក្រោយពេញទំហឹង បណ្ដាលឲ្យដួលសន្លប់ស្ដូកស្ដឹងរងរបួសធ្ងន់ ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះត្រួតពិនិត្យនៅកន្លែងកើតហេតុមួយសន្ទុះ ស្រាប់តែមានសាច់ញាតិបុរសម្ចាស់ម៉ូតូមកដល់ និងអះអាងថា បានដោះស្រាយគ្នារួចរាល់ហើយ ដោយគ្មានខាងណាសងខាងណានោះទេ «ពោលគឺស្មើគ្នារវាងរថយន្ដ នឹងម៉ូតូ» ឯជនរងគ្រោះត្រូវបានដឹកយកទៅព្យាបាលនៅឯមន្ទីរពេទ្យ ៕ ជ្រោយពេជ្រ