ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលចាប់ខ្លួនប្ដីកំណាចស្រវឹងស្រាកាប់ប្រពន្ធហើយរត់គេចបាន៣ថ្ងៃ

ចែករំលែក៖

ខេត្តស្ទឹងត្រែងៈ ប្ដីកំណាចម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកសៀមប៉ាង បានតាមដាននឹងធ្វើការស្រាវជ្រាវតាមចាប់ខ្លួន បន្ទាប់ពីស្រវឹងស្រាប្រើកាំបិតកាប់ទៅប្រពន្ធរងរបួសក្បាលធ្ងន់រួចរត់គេចខ្លួនបាន៣ថ្ងៃ។

លោកវរសេនីយ៍ឯក ជឹម អេន អធិការនគរបាលស្រុកសៀមប៉ាង បានឲ្យដឹងថា ការតាមចាប់ខ្លួនបុរសនេះធ្វើឡើងនៅ ថ្ងៃ សៅរ៍ ១២ កើត ខែ ជេស្ឋ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែ ឧសភា ឆ្នាំ ២០១៨ ព្រោះជនសង្ស័យបានយកកាំបិតកាប់ប្រពន្ធរបស់ខ្លួន ឈ្មោះ មឹក ណុក អាយុ៣០ឆ្នាំនៅភូមិ ឃុំព្រែកមាស ស្រុកសៀមប៉ាង នៅវេលាម៉ោង៨និង១៥នាទីព្រឹកកាលពីថ្ងៃទី២៣ ឧសភាកន្លងមកថ្មីៗនេះហើយគេចខ្លួនបាត់ ។

លោកអធិការបន្តថា ជនសង្ស័យឈ្មោះ ជិន សៀវអ៊ីវ អាយុ៣៦ឆ្នាំ មានស្រុកកំណើត ស្រុកពោធិរៀង ខេត្តព្រៃវែងដោយសារស្រវឹងស្រា ហើយ ពេលកាប់ប្រពន្ធខ្លួនរួច រត់ចូលព្រៃបាត់ ចំណែកប្រពន្ធរងរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋជិតខាងនាំយកទៅសង្គ្រោះនៅមណ្ឌលសុខភាព។ប្តីប្រពន្ធ១គូនេះធ្វើជាកម្មករស៊ីឈ្នួលចាំចម្ការឲ្យថៅកែឈ្មោះ ខៀវ វិចិត្រ នៅភូមិរិទ្ធសែនមានជ័យ ជិតចំណុចដំក្រឡ ក្នុងភូមិសាស្ត្រ សង្កាត់សាមគ្គី ក្រុង/ខេត្តស្ទឹងត្រែងនេះតែម្តង ៕សហការី


ចែករំលែក៖