ភ្នំពេញ៖ ចោរស្រីម្នាក់ដែលជា មុខសញ្ញាជំនាញខាងវះយកកាបូបលុយពីភ្ញៀវដែលមកចូលទិញអីវ៉ាន់តាមបណ្តាផ្សារក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបានសន្តិសុខផ្សារបន្លែច្បារអំពៅ ចាប់ខ្លួនបានហើយ ។
ករណីឃាត់ខ្លួនស្រ្តីសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៦ និង ១០ នាទីព្រឹក ថ្ងៃសៅរ៍ ១២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចក្នុងផ្សារបន្លែច្បារអំពៅ ភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ស្ត្រីសង្ស័យឈ្មោះ លឹម អុល អាយុ៣១ឆ្នាំ មានទីលំនៅផ្ទះជួលស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ។ចំណែកស្ត្រីរងគ្រោះឈ្មោះ ហុង សូដានី អាយុ៣៨ឆ្នាំមាន ទីលំនៅ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ (ក្បែរផ្សារ) មានលុយ ១០០ ដុល្លារ លុយខ្មែរ ១៥ ម៉ឺនរៀល រួមទាំងអត្តសញ្ញាណប័ណ្ណ និងនាមប័ណ្ណ។
គួរបញ្ជាក់ថា នៅពេលដែលកម្លាំងសន្តិសុខផ្សារច្បារអំពៅចាប់ខ្លួនបញ្ជូនទៅនគរបាលប៉ុស្តិ៍ច្បារអំពៅទី២ គឺស្ត្រីរូបនេះត្រូវបានជនរងគ្រោះចង្អុលមុខថា ជាអ្នកវះហោប៉ៅខោគាត់យកកាបូបដៃ ខណៈពេលដែលមកទិញអីវ៉ាន់នៅផ្សារបន្លែច្បារអំពៅ មានទីតាំងស្ថិតនៅភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ហើយត្រូវប្រជាពលរដ្ឋជាច្រើនចង់ស្ទុះមកវាយតាមកំហឹង ព្រោះស្ត្រីខាងលើតែងតែធ្វើសកម្មភាពវះហោប៉ៅយកកាបូបលុយតាមផ្សារមិនដែលខកខាន តែ ថ្ងៃនេះជាថ្ងៃស៊យក៏ត្រូវជាប់អន្ទាក់សន្តិសុខផ្សារតែម្តង ។
ក្រោយពេលសមត្ថកិច្ចធ្វើការសាកសួររួច ក៏បានបញ្ជូនខ្លួនជនសង្ស័យ ទៅកាន់អធិការដ្ឋានខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្ដតាមនីតិធី ៕ ស តារា