ខេត្តកំពង់ស្ពឺ៖ បុរសជាជនបរទេសម្នាក់ ដែលគេស្គាល់ថា ជាជនជាតិអូស្ត្រាលីបានរងរបួសធ្ងន់ធ្ងរ ហើយត្រូវបាររថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ខណៈដែលជិះម៉ូតូដួលម្នាក់ឯង កាលពីវេលាម៉ោង១១និង០៥នាទីព្រឹក ថ្ងៃសៅរ៍ ១២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤១ទៅលេខ-៤២ ចំណុចភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
តាមសម្តីរបស់អ្នកឃើញហេតុការណ៍បានប្រាប់នគរបាលចរាចរណ៍ឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញមានម៉ូតូ០១គ្រឿងម៉ាកហុងដាឃ្លីក ពណ៌សលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១J.៥០០០បើកបរដោយឈ្មោះ BRUCE NOBLE ភេទប្រុស អាយុ៥៦ឆ្នាំ (ដែលគេស្គាល់ថាជាជនជាតិអូស្ត្រាលី)បានជិះម៉ូតូម្នាក់ឯងតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីទិសខាងកើតទៅទិសខាងលិចលុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែបានរ៉េចង្កូតដួលខ្លួនឯង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរពេលឃើញដូចនោះអ្នកធ្វើដំណើរ ក៏បានទូរសព្ទ័ទៅនគរបាលមូលដ្ឋាន ចុះពិនិត្យនិងបានហៅរថយន្តសាមុយ បានដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរ ពេទ្យបង្អែកខេត្តកំពង់ស្ពឺផងដែរ។ក្រោយកើតហេតុនគរបាលជំនាញបានចុះទៅធ្វើការវាស់វែងនៅកន្លែងកើតហេតុ នគរបាលនិយាយថាម៉ូតូរបស់បុរសជនបរទេសនោះខូចខាតកំរិតស្រាលនោះទេ ដោយសារតែដួលខ្លួនឯង។
បន្ទាប់ពីបញ្ជូនបុរសជាជនបរទេសទៅព្យាបាលហើយ ចំពោះម៉ូតូនគរបាលបានដឹកយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទងរង់ចាំជនរងគ្រោះទៅតតួលយកវិញ ៕ សេនា សក្តិ