ព័ត៌មានទាន់ហេតុការណ៍៖

អ្នកសម្តែងជាគីម ជុងអ៊ុន បានទៅដល់សិង្ហបុរី រង់ចាំជួបលោកត្រាំ

ចែករំលែក៖

បុរសដែលក្លែងធ្វើជាមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានធ្វើដំណើរទៅដល់ប្រទេសសិង្ហបុរី ដោយដើរកម្សាន្តថតរូប អនុស្សាវរីយ៍ជាមួយពលរដ្ឋ បើទោះបី ជំនួប ពិតប្រាកដរវាង លោកត្រាំនឹងលោកគីម ជុងអ៊ុន មិនទាន់បានធ្វើឡើងនៅឡើយក្តី។

លោក Howard X ដើរតួជា គីម ជុង អ៊ុន បានទៅដល់សិង្ហបុរី កាលពីថ្ងៃទី២៧ ខែឧសភា ហើយដើរកម្សាន្តនៅទីក្រុងទី ប្រជុំជនថតរូបអនុស្សាវរីយ៍ជាមួយអ្នកទេសចរ។ លោក បន្តទៀតថា គោលដៅនៃ ដំណើរទស្សនកិច្ចនេះគឺដើម្បី ជូនពរដល់ ជំនួបរវាងលោកគីម ជុងអ៊ុន នឹងលោកត្រាំ ប្រព្រឹត្តទៅដោយជោគជ័យនៅថ្ងៃទី ១២ ខែមិថុនាខាងមុខនៅប្រទេសសិង្ហបុរី។

លោក Howard X បាននិយាយ ថា« លោកដូណាល់ ត្រាំ ខ្ញុំបានទៅដល់ សិង្ហបុរីហើយ ខ្ញុំកំពុងតែរង់ចាំលោកបង្ហាញវត្តមាន»។ចំណែក មិត្តភក្តិឈ្មោះ Dennis Alan ដែលដើរតួនាទីជា លោកត្រាំ មិន អាចមកកាន់សិង្ហបុរីនៅសប្តាហ៍នេះឡើយ ប៉ុន្តែលោកនឹងមកដល់សិង្ហបុរីមុនកិច្ចប្រជុំអាមេរិក-កូរ៉េខាងជើង។

ពាក់ព័ន្ធនឹងជំនួបនៅសិង្ហបុរី ប្រធា នាធិបតីកូរ៉េខាងត្បូង លោកមូន ជេអុីន អាចនឹងធ្វើដំណើរទៅកាន់ទីនោះដើម្បី ចូលរួមកិច្ចប្រជុំត្រីភាគី អាមេរិក-កូរ៉េខាង ត្បូងនិងកូរ៉េខាងជើង។

សារព័ត៌មាន យុនហាប់របស់កូរ៉េខាង ត្បូង នៅថ្ងៃទី ២៨ខែឧសភាបាន ដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់នៅក្នុងវិមានប្រធានាធិបតីមកបញ្ជាក់ថា លោក មូន ជេុអីន អាច នឹងទៅកាន់ប្រទេសសិង្ហបុរីចូលរួមកិច្ច ប្រជុំត្រីភាគី។ ប៉ុន្តែកិច្ចប្រជុំត្រីភាគី នឹង ត្រូវបានធ្វើឡើង អាស្រ័យទៅលើលទ្ធផលនៃជំនួបកំពូលរវាងលោកត្រាំនឹងលោកគីម ជុងអ៊ុន។

ចំណែកកិច្ចពិភាក្សារវាងមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងនឹងកូរ៉េខាងត្បូងវិញ ពេល នេះបានតភ្ជាប់ឡើងវិញហើយ ក្រោយ លុបចោលដោយសារតែការធ្វើសមយុទ្ធ រវាងអាមេរិកនិងកូរ៉េខាងត្បូង ។ មន្ត្រីយោធាកូរ៉េខាងត្បូងបានបញ្ជាក់ផងដែរថា បើ មានកិច្ចពិភាក្សាលើផ្នែកយោធា គឺជារឿង មួយយ៉ាងល្អប្រសើរបំផុត។ ក្រសួងការពារ ជាតិកូរ៉េខាងត្បូង បានឲ្យដឹងនាថ្ងៃទី២៨ ខែឧសភាថា ខ្លួនបានត្រៀមលក្ខណៈរួច ជាស្រេច ដើម្បីបើកកិច្ចពិភាក្សាជុំវិញបញ្ហាយោធាជាមួយកូរ៉េខាងជើង នៅពេលណា មួយក៏បាន។

អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូងលោកស្រី ឆយ យុនស៊ូ (Choi Hyun-soo) បានប្រកាសថា ក្រសួងបានត្រៀមខ្លួនជាស្រេចដើម្បីបើកកិច្ចប្រជុំជាន់ខ្ពស់អន្តរកូរ៉េ ជុំវិញបញ្ហាយោធានៃប្រទេសទាំងពីរ នៅគ្រប់ពេលទាំងអស់ បើមានការព្រម ព្រៀងគ្នា។ លោកស្រី Choi បានបន្ថែម ទៀតថា កិច្ចពិភាក្សាអំពីបញ្ហាយោធារវាងមន្រ្តីយោធាជាន់ខ្ពស់មកពីកូរ៉េទាំងពីរ នឹងត្រូវជំរុញឲ្យផុសផុលឡើងថែមទៀត នៅក្រោយកិច្ចពិភាក្សាអន្តរកូរ៉េកម្រិតខ្ពស់ ដែលនឹងត្រូវបានរៀបចំធ្វើឡើងនាថ្ងៃទី១ ខែមិថុនា។

គួរជម្រាបថា ប្រធានាធិបតីកូរ៉េខាង ត្បូង លោក មូន ជេអុីន និងប្រមុខដឹកនាំ កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជួប មុខគ្នាជាលើកទីពីរកាលពីថ្ងៃសៅរ៍កន្លងទៅនេះ នៅអគាររបស់កូរ៉េខាងជើងក្នុងភូមិ Panmunjom ដែលជាតំបន់ខណ្ឌចែក ឧបទ្វីបកូរ៉េ។ លោក មូន និងលោក គីម បានឯកភាពគ្នាក្នុងការបន្តបើកកិច្ចពិភាក្សាអន្តរកូរ៉េកម្រិតខ្ពស់ឡើងវិញ ដែលទីក្រុង ព្យុងយ៉ាង បានផ្អាកដោយសារតែការធ្វើ សមយុទ្ធយោធាផ្លូវអាកាសកូរ៉េខាងត្បូង-អាមេរិក។

បន្ទាប់ពីនេះ កិច្ចប្រជុំអន្តរកូរ៉េជាន់ខ្ពស់ស្តីពីបញ្ហាយោធា ដើម្បីបន្ធូរបន្ថយភាព តានតឹង និងកិច្ចប្រជុំមួយទៀត ស្តីពីការ ជួបជុំគ្នាឡើងវិញនៃក្រុមគ្រួសារដែលបានបែកបាក់គ្នា កាលពីសម័យសង្រ្គាមកូរ៉េឆ្នាំ ១៩៥០ ដល់ឆ្នាំ១៩៥៣ ក៏ត្រូវបានគ្រោងនឹងប្រព្រឹត្តទៅផងដែរ៕ ម៉ែវ សាធី


ចែករំលែក៖