ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីមេម៉ាយកូន ២សាច់សខ្ចីម្នាក់ត្រូវប្រុសព្រានបោកយកទាំងខ្លួន និងអស់ទាំងប្រាក់រួចគេចខ្លួនបាត់ស្រមោលបន្ទាប់ពីពួកគេចូលផ្ទះសំណាក់ក្រេបទឹកឃ្មុំជាមួយគ្នាជាច្រើនយប់ ស្ថិតក្នុង ក្រុងប៉ោយប៉ែត ហើយទើបបង្កការភ្ញាក់ ផ្អើលនៅរសៀលថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០១៨ គ្រាដែលនាងទៅប្តឹងសមត្ថកិច្ចឲ្យជួយធ្វើអន្តរាគមន៍ ។
ស្ត្រីរងគ្រោះឈ្មោះ ឡត មុំ អាយុ៣៧ ឆ្នាំ មេម៉ាយកូន២ មានទីលំនៅក្នុងភូមិ លាបទង ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។ នាងបានអង្គុយអស់សង្ឃឹមនិងរៀបរាប់ថា នាងមានទំនាក់ទំនងស្នេហ៍ជាមួយបុរសម្នាក់តាមហ្វេសប៊ុកជាភាសាថៃឈ្មោះ វ៉ាន់ រយៈពេលជិត១ខែមកហើយ។ កាលពី ប៉ុន្មានថ្ងៃមុនបុរសរូបនោះបានលួងលោមនាងកុហកថា គេជាបុរសពោះម៉ាយ និងសុំយកនាងធ្វើជាប្រពន្ធរៀបការស្របច្បាប់។ ក្រោយមកបុរសនោះបានបបួលនាងទៅធ្វើការនៅប្រទេសថៃ ហើយឱ្យនាងរក ប្រាក់១ម៉ឺនបាតធ្វើលិខិតឆ្លងដែនខ្វះប៉ុន្មានគេជាអ្នកជួយចេញឲ្យទាំងអស់។ លុះនាង ធ្វើដំណើរមកដល់ក្រុងប៉ោយប៉ែតជួបគ្នា ប្រុសព្រានក៏នាំនាងឡើងផ្ទះសំណាក់រស់នៅជុំគ្នាដូចប្តី-ប្រពន្ធ និងបានក្រេបទឹកឃ្មុំជាមួយគ្នាជាច្រើនលើកទៀតផង ។
នាងបានបន្តថា ក្រោយពីបុរសនោះ ទទួលប្រាក់ចំនួន១ម៉ឺនបាតរួច បែរជាគេថា សាច់ញាតិគេក៏ត្រូវទៅធ្វើការនៅស្រុកថៃដែរ ហើយកុហកថាខ្វះប្រាក់នាងក៏ទាក់ទង ទៅស្រុកឱ្យម្តាយចងការប្រាក់អ្នកជិតខាងវេរលុយតាមវីងឱ្យបន្ថែមចំនួន៣លានរៀលទៀត។ ចំពោះការរត់ការឯកសារដើម្បីធ្វើ លិខិតឆ្លងដែនដំបូងបុរសនោះថា ធ្វើតែ២ ថ្ងៃបានហើយដឹងអីនាងមកស្នាក់នៅក្នុងក្រុងប៉ោយប៉ែតជាច្រើនយប់។ លុះនៅព្រឹក ថ្ងៃទី២៨ ខែឧសភា នាងរវល់ងូតទឹកក្នុង បន្ទប់ចេញមកវិញស្រាប់តែបាត់បុរសនោះ និងកាបូបខោអាវរបស់នាងពីបន្ទប់ផ្ទះ សំណាក់អស់រលីង ។
ស្ត្រីរងគ្រោះបានបន្ថែមថា បុរសនោះ គេចទៅបាត់ ប៉ុន្តែទូរស័ព្ទរបស់គេនៅទាក់ទងបានហើយពេលនាងសួរតាមទូរស័ព្ទគេប្រាប់ឱ្យនាងទៅអង្គុយរង់ចាំក្នុងបរិវេណវត្តបាលិលេយ្យដោយកុហកថា គេទៅដក ប្រាក់ឲ្យវិញ។ ទីបំផុតប្រុសព្រានក៏បិទ ហ្វេសប៊ុក(ឈ្មោះវ៉ាន់ វ័យជាង៣០ឆ្នាំ ដែល ប្រើហ្វេសប៊ុកជាភាសាថៃឈ្មោះវ៉ាន់ ហើយ ប្រើប្រាស់ទូរស័ព្ទលេខ 097 5 938 568) ឯលេខទូរស័ព្ទដែលទំនាក់ទំនងបាននោះ ក៏បិទទៀតទាក់ទងលែងបានតែម្តង ។
រឿងរ៉ាវនេះបានឮដល់នគរបាលប៉ុស្តិ៍ រដ្ឋបាលប៉ោប៉ែតក៏បានមកដឹកនាងតាម ម៉ូតូទៅកាន់ផ្ទះសំណាក់ស្ទឹងមាសដែល ជាប់ដងផ្លូវជាតិលេខ៥ ក្នុងភូមិក្បាល ស្ពាន១ សង្កាត់ប៉ោយប៉ែត ដើម្បីសុំឆែក កាមេរ៉ាសុវត្ថិភាពដើម្បីរកមុខសញ្ញាជន សង្ស័យ។ នៅក្នុងកាមេរ៉ាសុវត្ថិភាពរបស់ផ្ទះសំណាក់ស្ទឹងមាសសមត្ថកិច្ចឃើញរូបប្រុសព្រានខាងលើកាន់កាបូបខោអាវរបស់ស្ត្រីរងគ្រោះមកទុកចោលខាងក្រោមរួច គេចខ្លួនបាត់ទៅ ។
មកទល់រសៀលថ្ងៃដដែលនេះជនរងគ្រោះហាក់នៅតែលតោលព្រោះគ្មានប្រាក់ធ្វើដំណើរត្រឡប់ទៅស្រុកវិញ ហើយអះអាងទាំងបង្ខំចិត្តប្រាប់សមត្ថកិច្ចថា ចង់នៅរកការងារធ្វើក្នុងក្រុងប៉ោយប៉ែតដើម្បីតាមរកមុខប្រុសព្រានឲ្យឃើញ ៕ សហការី