ភ្នំពេញ ៖ បុរសម្នាក់បើករថយន្ត HYUNDAI ដឹកត្រីឡើងពេញ និងបោះពួយយ៉ាងលឿន ដោយមិនប្រយ័ត្នជ្រុលទៅបុករ៉ឺម៉កម៉ូតូពីក្រោយពេញទំហឹង បណ្ដាលឲ្យម្ចាស់រ៉ឺម៉កម៉ូតូរងរបួសធ្ងន់ ហើយរថយន្តបង្កេចង្កូតទៅបុករបាំងថ្មចែកផ្លូវបាក់អស់៣កង់បន្ថែមទៀត ដោយរថយន្តដាច់កាឡេ កល់ជាប់ទ្រូងផ្លូវបើកទៅមុខលែងរួច។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង០០:១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវជាតិលេខ២ ចំណុចមុខរោងចក្រក្រដាស ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ តាកែវ.3A2892 បើកពីជើងទៅត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុករ៉ឺម៉កម៉ូតូមិនមានស្លាកលេខ ដែលកំពុងបើកស្របគ្នាពីចំហៀងខាងឆ្វេងពេញទំហឹង បណ្ដាលឲ្យម្ចាស់រ៉ឺម៉កម៉ូតូរងរបូសធ្ងន់ ហើយរថយន្តបង្កបានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់៣កង់ រួចរថយន្តដាច់ក្រឡកល់ជាប់ទ្រូងផ្លូវទៅមុខលែង ដោយរថយន្តរងខូចខាតផ្នែកខាងមុខយ៉ាងដំណំផងដែរ ចំណែកអ្នកបើកបររថយន្តឃើញសភាពមិនស្រួលបានបើកទ្វាររត់គេចខ្លួនបាត់ស្រមោល ។
ក្រោយកើតហេតុភ្លាម ម្ចាស់រ៉ឺម៉ក់ម៉ូតូដែលរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គោះនៅមន្ទីរពេទ្យ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញមកវាស់វែងយករថយន្តបង្ក និងរ៉ឺម៉កម៉ូតូរងគ្រោះទៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋានចរាចរណ៍រាជធានីភ្នំពេញ រងចាំដោះស្រាយតាមផ្លូវច្បាប់៕ ភារ៉ា ដង្កោ