ខេត្តពោធិ៍សាត់៖ បុរសម្នាក់ត្រូវបានគេអះអាងជិះម៉ូតូចូលព្រៃរនាមចងព្យួរកធ្វើអត្តឃាតបានសម្រេច បន្សល់នូវប្រពន្ធ និងកូនប្រុសស្រីចំនួន ៥នាក់យ៉ាងសង្វេគ ត្រូវបានគេសង្ស័យអាចបណ្ដាលមកពីមានវិបត្តិផ្លូវចិត្តឬក្នុងគ្រួសារ។
ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤ និង៤០នាទី រសៀល ថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ ត្រង់ចំណុចមាត់ទឹកក្នុងព្រៃរនាម(ដើមរាំង) ខាងជើងមណ្ឌលសុខភាពឃុំស្វាយលួងចម្ងាយប្រមាណ ១០០ម៉ែត្រ ស្ថិតក្នុងភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។
យោងតាមរបាយការណ៍នគរបាលស្រុកក្រគរបានឲ្យដឹងថា ជនរងគ្រោះ(ស្លាប់)ដោយចងព្យួរកធ្វើអត្តឃាតបានសម្រេចឈ្មោះ ឌិន បូរិទ្ធ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទ បច្ចុប្បន្នរស់នៅភូមិ.ឃុំកើតហេតុខាងលើ មានប្រពន្ធឈ្មោះ សោម គឹម និងកូនប្រុសស្រីចំនួន ៤នាក់ក្នងបន្ទុកគ្រួសារ។
របាយការណ៍ខាងលើបន្តថា បើតាមការរាបរបពីស្រ្តីជាប្រពន្ធរបស់ជនរងគ្រោះ(សោម គឹម) មូលហេតុអាចបណ្ដាលមកពីមានវិបត្តិផ្លូវចិត្តឬនៅក្នុងគ្រួសារ ព្រោះកន្លងមកនៅក្នុងគ្រួសាររបស់ពួកគាត់ក៏ឧក្សាឈ្លោះប្រកែកគ្នាដែរ ហើលរាល់ពេលឈ្លោះប្រកែកគ្នាម្តងៗប្តីរបស់តែងតែប៉ុនប៉ងធ្វើអត្តឃាត ម៉្យាងទៀតជាក់ស្ដែងមុនពេលកើតហេតុក៏មានទំនាសពាក្យសម្ដីគ្នាបន្តិចបន្ទួចផងដែរ នៅកន្លែងរោងស្នាក់នៅធ្វើនេសាទ(រាយមង)ក្បែរកន្លែងកើតហេតុ ហើយឃើញប្ដីរបស់គាត់ទាញម៉ូតូជិះមកផ្ទះមុន ដោយគាត់មិនបានចាប់អារម្មណ៍នោះឡើយ មួយសន្ទុះក្រោយមកគាត់បានត្រឡប់មកផ្ទះដែរតែមិនឃើញប្តីនោះទេ ក៏បានពឹងពាក់អ្នកភូមិផងរបងជាមួយក្បែខាងគ្នាឲ្យជួយដើររក ក៏បានប្រទះឃើញចងព្យួរកទៅមែងដើមរាំងដោយខ្សែនីឡុងពណ៏ខ្មៅស្លាប់បាត់ទៅហើយ។
ក្នុងរបាយការណ៍ដដែលបន្តទៀតថា ស្ថាប័នជំនាញពាក់ព័ន្ធបានសហការគ្នាចុះស្រាវជ្រាវ និងពិនិត្យត្រឹមត្រូវ ហើយបានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៉ឹម ពិន