ខេត្តកណ្ដាល៖ បុរសម្នាក់ត្រូវខ្សែរភ្លើងឆក់ស្លាប់ភ្លាមៗ ខណៈដែលបុរសជាជនរងគ្រោះខាងលើ បានតភ្លើងអគ្គិសនីចូលក្នុងអាំងវិចទ័រជាមួយអាគុយដើម្បីបញ្ឆេះរថយន្ដដោយមិនប្រយ័ត្ន បណ្ដាលឲ្យឆក់បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិព្រែកថ្មី ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។
មន្រ្ដីនគរបាលផ្នែកកោសល្យវិច្ច័យស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះស្លាប់មានឈ្មោះ ង៉ែត បូណា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលរថយន្ដ មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុខាងលើ ជនរងគ្រោះឈ្មោះ ង៉ែត បូណា បានតភ្លើងចរន្ដអគ្គិសនីចូលមកអាំងវិចទ័រជាមួយនឹងអាគុយដើម្បីបញ្ឆេះរថយន្ដ ខណៈដែលរថយន្ដខូចកំពុងជួសជុល តែមិនប្រយ័ត្នក៏ឆ្លងចរន្ដអគ្គិសនីឆក់ជនរងគ្រោះ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ភ្លាមនោះក៏បង្កឲ្យមានការភ្ញាក់ផ្អើលឡើងដល់ប្រជាពលរដ្ឋជិតខាង និងរាយការណ៍ជូនសមត្ថកិច្ចដើម្បីចុះមកធ្វើការពិនិត្យ ។
ក្រោយពីពិនិត្យរួច សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារឆ្លងចរន្ដអគ្គិសនីឆក់ពិតប្រាកដមែន ។ ក្រោយពីពិនិត្យរួច សមត្ថកិច្ចបានប្រគល់សាកសពទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ