ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមភេរវកម្ម IS នៅស៊ីរីងើបឡើងជាថ្មីគ្រប់គ្រងអណ្តូងប្រេងនៅPalmyra

ចែករំលែក៖

ក្រុមភេរវកម្ម IS នៅក្នុងប្រទេសស៊ីរី បានងើបឡើងវិញជាថ្មី ហើយដណ្តើមគ្រប់គ្រងអណ្តូងប្រេងដ៏សំខាន់នៅក្នុងទីក្រុង បុរាណ Palmyra ។ ក្រុមភេរវកម្មធ្លាប់ បានគ្រប់គ្រង ទីក្រុង ខាងលើ ម្តងរួចមក ហើយ ប៉ុន្តែត្រូវបានកម្លាំងទាហានរដ្ឋាភិ បាលស៊ីរី បើកការវាយប្រហារដណ្តើម បានសិទ្ធិគ្រប់គ្រងវិញនៅចុងឆ្នាំ២០១៦និង ២០១៧។

ប្រភពព័ត៌មានពីកម្លាំងទាហានស៊ីរី បានឲ្យដឹងថា ក្រុមភេរវកម្មបានបើកការ វាយប្រហារ នៅតំបន់ ខាងលើ នៅព្រឹក ថ្ងៃទី៣០ខែឧសភា ។ ក្រុមភេរវកម្មបាន វាយចូលតំបន់ Badiya ដែលជាតំបន់ សម្បូរទៅដោយធនធានធម្មជាតិ ហើយ វាយប្រហារទៅលើទីតាំងទាហានរដ្ឋាភិបាលស៊ីរី ។ ជាលទ្ធផលក្រុម IS ដណ្តើមបាន សិទ្ធិគ្រប់គ្រង ទីតាំង បូមប្រេងនៅជិត ទីក្រុង Palmyra។

កន្លងមកក្រុមភេរវកម្ម ក៏បានវាយ ប្រហារ សម្លាប់ទាហានស៊ីរី២៦នាក់ និង យុទ្ធជនរុស្ស៊ីចំនួន ៩នាក់នៅប៉ែកខាងកើត ប្រទេសស៊ីរី។ ព្រឹត្តិការណ៍មួយនេះជាសក្ខីកម្មថ្មីដែលបញ្ជាក់ថា អង្គការរដ្ឋអ៊ិស្លាម នៅតែសកម្ម និងមានសមត្ថភាពវាយ ប្រហារនៅតាមតំបន់មួយចំនួនក្នុងទឹកដីស៊ី។

ការក្រោកឡើងវិញរបស់ក្រុម IS ត្រូវ បាន រដ្ឋាភិបាលស៊ីរី និងអ្នកវិភាគគាំទ្ររដ្ឋាភិបាលស៊ីរី ចាត់ទុកថាមានការជួយជ្រោមជ្រេងពីប្រទេសលោកខាងលិច ក្នុងនោះ មាន អាមេរិកនិងអីស្រាអែលជាដើម។

កន្លងមកថ្មីៗប្រទេសអីុរ៉ង់ ក៏បាន ប្រកាសពីគម្រោង ប្តឹងអាមេរិក ទៅកាន់ តុលាការអន្តរជាតិ ពីបទបង្កើតក្រុម ភេរវកម្ម ដើម្បីវាយប្រហារ បំផ្លាញប្រទេសដែលអាមេរិកចាត់ទុកថាជាសត្រូវរបស់ ផងខ្លួន ។

ក្រុមអ្នកវិភាគបានលើកឡើងថា ដរាប ណាលោកអាល់អាសាដ មិនទាន់ចេញពី តំណែងនោះក្រុមភេរវកម្មនៅក្នុងប្រទេស ស៊ីរី មិនអស់នោះឡើយគឺនៅតែមានជារៀង រហូត។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ដែលពាក់ព័ន្ធនោះដែរ សារព័ត៌មាន Russia today នៅថ្ងៃទី៣១ខែឧសភាបាន ផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់បានហៅប្រធានា ធិបតីស៊ីរី លោក បាស្សា អាល់ អាសាដ នៅលើ Twitter ថា «លោកអាសាដជា សត្វតិរិច្ឆាន» ក្រោយមានការចោទប្រកាន់រឿងការវាយប្រហារដោយអាវុធគីមី នៅ ក្នុងទីក្រុងឌួម៉ា។ ប៉ុន្តែនៅពេលត្រូវបាន សាកសួរថា តើលោកមានពាក្យអ្វីដាក់ឱ្យ លោក ត្រាំ ដែរឬទេ? លោក អាសាដ បាននិយាយថា លោកមិនអាចប្រើប្រាស់ភាសានេះបានទេ។

លោក អាសាដ ថ្លែងបែបនេះក្នុងបទ សម្ភាសន៍ផ្ដាច់មុខជាមួយ Russian Today ដែលចេញផ្សាយនូវខ្លឹមសារទំាងស្រុង នៅថ្ងៃព្រហស្បតិ៍នេះ។ ថ្លែងនាឱកាស នោះ លោក អាសាដ បានលើកឡើង យ៉ាងដូច្នេះថា «វាមិនមែនជាភាសារបស់ ខ្ញុំនោះទេ ដូច្នេះខ្ញុំមិនប្រើ ប្រាស់ភាសា បែបនេះឡើយ។ វាជាភាសារបស់គាត់ (លោក ត្រាំ)។ វាគឺតំណាងឱ្យគាត់ ព្រោះខ្ញុំគិតថា គេដឹងពីគោលការណ៍នេះ យ៉ាងច្បាស់ គឺអ្វីដែលអ្នកនិយាយជាអ្វី ដែលអ្នកមាន… អ៊ីចឹងគាត់ចង់បង្ហាញពីអ្វីដែលគាត់មាន ហើយវាគឺជារឿងធម្មតា»។

គួរបញ្ជាក់ថា នៅក្នុងបទសម្ភាសន៍ ជាមួយ Russian Today លោក អាសាដ ក៏បានរៀបរាប់ផងដែរពីគោលជំហររដ្ឋាភិបាលរបស់លោក ជុំវិញជម្លោះប្រដាប់អាវុធ នៅស៊ីរី វត្តមាកងទ័ពអាមេរិក និងសភាពការណ៍តានតឹងបច្ចុប្បន្នជាមួយអុីស្រាអែល៕ ម៉ែវ សាធី


ចែករំលែក៖