សារព័ត៌មាន Bangkok Post បានផ្សាយថា តាមរូបភាពដែល បងប្អូនត្រកូលស៊ីណាវ៉ាត្រា គឺអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន និងលោកស្រី យីងឡាក់ ដែលបានថត់នៅវិមាន Lincoln នៅទីក្រុងវ៉ាស៊ីនតោន បង្ហាញថា អ្នកទាំងពីរកំពុងតែ នៅក្នុងទឹកដីអាមេរិក។ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយថៃមិនបានបញ្ជាក់ថា ថត់នៅពេលណានោះឡើយ។
ប្រភពព័ត៌មានពីប្រទេសថៃបានឲ្យដឹងថា លោកស្រី យីងឡាក់ និងលោក ថាក់ ស៊ីន ស្នាក់នៅអាមេរិកមួយរយៈពេល រួមបន្តទៅកាន់អឺរ៉ុបនៅខែមិថុនានេះ។ ស្នងការរងប៉ូលិសថៃលោក Srivara Ransibrahmanakul បានបញ្ជាក់ថា ប៉ូលិសកំពុងតែបញ្ជាក់ពីរូបភាពខាងលើ ថាបានថតនៅពេលណា។
ការបង្ហាញខ្លួនចុងក្រោយ របស់បងប្អូនអតីតនាយករដ្ឋមន្ត្រីថៃគឺនៅក្នុងប្រទេសសិង្ហបុរី ចិន និងជប៉ុន។ អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រីយីងឡាក់ស៊ីណាវ៉ាត្រា ត្រូវបានដកហូតដំណែង ក្រោយរដ្ឋប្រហារដោយយោធា នៅឆ្នាំ២០១៤ ហើយរងការចោទប្រកាន់ពីបទ ធ្វេសប្រហេស នៅក្នុងកម្មវិធីជំនួយតម្លៃទិញស្រូវអង្ករ ធ្វើឲ្យរដ្ឋខាតបង់រាប់ពាន់លានដុល្លារ។ លោកស្រីយីងឡាក់បានចាកចេញពីប្រទេស នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ គឺមុនពេលតុលាការប្រកាសសាលក្រម ចោទប្រកាន់ទោសលោកស្រី។
ចំណែកលោកថាក់ស៊ីនវិញ ត្រូវបានដកហូតតំណែងនៅក្នុងការធ្វើរដ្ឋប្រហារដូចគ្នា កាលពីឆ្នាំ២០០៦។ ក្រោយមកលោកថាក់ស៊ីនក៏បានភៀសខ្លួនទៅក្រៅប្រទេស ដើម្បីបញ្ចៀសពីការចោទប្រកាន់បទពុករលួយ៕ ម៉ែវ សាធី