ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ដេកស្លាប់ផ្លូវចូលផ្សាររាត្រីផ្អើលអ្នកលក់ដូរ

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកលក់ដូរ ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ចោមរោមមើលយ៉ាងច្រើនដោយឃើញបុរសម្នាក់ដេកស្លាប់ផ្លូវចូលផ្សាររាត្រីសង្ស័យឃាតកម្មទើបរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានភ្លាមៗមកពិនិត្យតាមពិតខ្យល់គរសោះ។

ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៤ រសៀលនៅចំណុចផ្លូវចូលផ្សាររាត្រីថ្មី ដែលស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់ បាវិត ក្រុងបាវិត ខេត្ត ស្វាយរៀង។

បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យកាសែតនគរវត្តដឹងថា រហូតមកដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ព្រឹក នៅមិនទាន់ស្គាល់ឈ្មោះនៅឡើយ ខណៈសាកសពមានអាយុប្រហែល ៦០ឆ្នាំ ពាក់អាវយឹត ពណ៌ខៀវដៃខ្លី និងខោខៀវជើងវែង ។

តាមអ្នកភូមិបានឲ្យដឹងថាបុរសខាងលើគឺជាមនុស្សគរ ខណៈដើរសុំទានគេជាប្រចាំនៅក្រុងបាវិតដោយអ្នកលក់ដូរខ្លះគេអាណិតបានឲ្យម្ហូបបាយសម្លរ បន្តិចបន្តួចគ្រាន់រស់ចម្អែតក្រពះ ។

ប្រភពបន្តថា នៅពេលកើតហេតុស្រាប់តែអ្នកលក់ដូរបានប្រទះឃើញដេកស្លាប់ផ្លូវចូលផ្សាររាត្រី សង្ស័យខ្យល់គរទើបរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកពិនិត្យភ្លាមៗ ។

បន្ទាប់ពីពិនិត្យសពរួចទើបដឹងថា ស្លាប់ដោយមានជម្ងឺខ្យល់គរមិនមានស្លាកស្នាមអ្វីជារឿងឃាតកម្មអ្វីនោះទេ ។

បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចមូលដ្ឋាន យកមកបញ្ចុះនៅជិតបរិវេណវត្តតាពៅ ដើម្បីរង់ចាំបងប្អូនក្រុមគ្រួសារមកទទួលយក (បើសិនជាសាច់ញាតិបានឃើញព័ត៌មាននេះ សូមទាក់ទងមកសមត្ថកិច្ចក្រុងបាវិតតាមរយៈលេខទូរស័ព្ច 0977780086 ៕ យឹម សុថាន


ចែករំលែក៖