ព័ត៌មានទាន់ហេតុការណ៍៖

ចិនមានសមត្ថភាពនៅក្នុងការប្រកួតប្រជែងជាមួយអាមេរិកលើគ្រប់វិស័យ

ចែករំលែក៖

កន្លងមកចិន បានខិតខំអភិវឌ្ឍន៍ សេដ្ឋ កិច្ចរបស់ខ្លួន ក្លាយទៅជាប្រទេសដែលមានសេដ្ឋកិច្ចលំដាប់ទីពីរលើពិភពលោក។ ដោយវិស័យសេដ្ឋកិច្ចរីកចម្រើន ចិនបានខិតខំពង្រឹងវិស័យយោធាក្លាយទៅជាប្រទេសដែលមានកម្លាំងយោធាខ្លាំងបំផុតនៅតំបន់អាស៊ី ។ ដោយសារតែការរីកចម្រើនឥតឈប់ ឈរ ចិនមិនខ្លាចប្រឈមមុខជាមួយប្រទេសមហាអំណាចទីមួយអាមេរិកនោះឡើយ ។

អាមេរិកនិងចិននៅពេលនេះគឺកំពុង ប្រជែងគ្នានៅលើវិស័យពាណិជ្ជកម្ម ជាទ្រង់ ទ្រាយធំ ។ មិនតែប៉ុណ្ណោះប្រទេសទាំងពីរក៏បានប្រកួតប្រជែងគ្នានៅក្នុងវិស័យអវកាសទៀតផង ។

សារព័ត៌មាន Business Insider នៅ ព្រឹកថ្ងៃសុក្រ ទី១ ខែមិថុនា ឆ្នាំ២០១៨ បានផ្សាយថា នៅពេលនេះចិនបាននិង កំពុងផ្តោតការយកចិត្តទុកដាក់ ជាខ្លាំង លើវិស័យអវកាស រួមមានទាំងគម្រោងពោរពេញដោយមហិច្ឆតា គឺការសាងសង់ស្ថានីយអវកាសថ្មីមួយនោះ អ្នកវិភាគមួយចំនួនបានមើលឃើញចំពោះទង្វើនេះថា គឺជា ការប្រណាំងប្រជែងផ្នែកអវកាសរវាងមហាយក្សនៅអាស៊ីមួយនេះ ជាមួយនឹង សហរដ្ឋអាមេរិក ដែលមានន័យថា គឺជា មហាអំណាចអវកាសធំៗទាំងពីរលើលោក សម្រាប់ថ្ងៃអនាគត។

ឯកអគ្គរដ្ឋទូតចិនប្រចាំអង្គការសហ ប្រជាជាតិ (UN) លោក Shi Zhongjun នាពេលថ្មីៗ បានអញ្ជើញពិភពលោកទាំងមូលឲ្យចូលរួមចំណែកនៅក្នុងស្ថានីយអវកាសថ្មីនេះ ដោយលោកបានលើកឡើងថា ស្ថានីយអវកាសចិន CSS មិនត្រឹមតែជា កម្មសិទ្ធិរបស់ចិនប៉ុណ្ណោះទេ តែវាក៏ជា របស់ពិភពលោកផងដែរ ហើយប្រទេស ទាំងអស់ ដោយមិនគិតពីទំហំ និងកម្រិតនៃការអភិវឌ្ឍរបស់ពួកគេឡើយ គឺអាច ចូលរួមក្នុងកិច្ចសហប្រតិបត្តិការ នៃវិស័យអវកាសនេះបានដោយស្មើភាពគ្នា។ ស្ថា នីយ CSS ត្រូវគេរំពឹងថា នឹងអាចធ្វើប្រតិ បត្តិការពេញលេញតែម្តងនៅឆ្នាំ២០២២ ប៉ុន្តែចាប់ផ្តើមទ្រង់ទ្រាយធំ គឺនៅឆ្នាំ ២០២០ ខាងមុខនេះហើយ។

គួរជម្រាបថា សហរដ្ឋអាមេរិកបានដាក់បំរាមមិនឲ្យទីភ្នាក់ងារអវកាសចិន ប្រើ ប្រាស់ស្ថានីយអវកាសអន្តរជាតិ (ISS) ឬក៏ចែករំលែកបច្ចេកវិទ្យាណាមួយទេ ដោយសារតែក្តីកង្វល់ផ្នែកសន្តិសុខ។ យ៉ាងណាមិញ ISS អាចនឹងបញ្ឈប់ប្រតិ បត្តិការក្នុងពេលប៉ុន្មានឆ្នាំខាងមុខ ពីព្រោះ ថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា រដ្ឋបាលរបស់លោក កំពុងពិចារណាកាត់ផ្តាច់ការជាប់ពាក់ព័ន្ធ របស់អាមេរិក នៅក្នុងស្ថានីយអវកាសនេះ នៅឆ្នាំ២០២៥ ដែលវាលឿនជាងការគ្រោងទុកដល់ទៅ៣ឆ្នាំ។ គម្រោងកែប្រែនេះ គឺជាផ្នែកមួយនៃផែនការទ្រង់ទ្រាយធំរបស់លោក ត្រាំ ក្នុងការប្រគល់ប្រតិបត្តិការផ្នែកអវកាសទៅឲ្យក្រុមហ៊ុនឯកជន ជាអ្នក ទទួលខុសត្រូវវិញ។

មកទល់ពេលនេះ ទីភ្នាក់អវកាស NASA បានចំណាយថវិកាប្រហែល ១០០ពាន់ លានដុល្លារ ដើម្បីបន្តប្រតិបត្តិការរបស់ស្ថានីយអវកាស ISS ដែលដើរតួដូចជាមន្ទីរពិសោធន៍អវកាសមួយ សម្រាប់ក្រុមអវកាស យានិក និងអ្នកវិទ្យាសាស្រ្ត។ NASA បាន បង្ហូរលុយពី៣ ទៅ៤ពាន់លានដុល្លារ ក្នុង មួយឆ្នាំៗទៅលើ ISS ប៉ុន្តែមូលនិធិទាំងនេះ ប្រហែលជានឹងត្រូវអស់ជាងការរំពឹងទុក។

ទន្ទឹមនឹងនេះ បណ្តាដៃគូជាច្រើនដែលនៅពីក្រោយស្ថានីយ ISS កំពុងត្រូវគេអូសទាញឲ្យបោះទុនវិនិយោគ ទៅលើស្ថានីយអវកាសថ្មីរបស់ចិនរួចស្រេចទៅហើយ ហើយអ្នកខ្លះទៀតក៏មានគម្រោងបង្កើតស្ថានីយអវកាសដោយខ្លួនឯងថែមទៀតផង។ សម្រាប់ស្ថានីយអវកាសអឺរ៉ុប ESA វិញ ក៏បានព្រមព្រៀងលើភាពជាដៃគូមួយ ដែលនឹងអនុញ្ញាតឲ្យអវកាសយានិកអឺរ៉ុប ប្រើប្រាស់ស្ថានីយ CSS រហូតដល់ឆ្នាំ ២០២៩ ផងដែរ។

ចិនសង្ឃឹមថា ស្ថានីយអវកាសនាពេល អនាគតរបស់ខ្លួន នឹងអាចដំណើរការបានប្រហែលមួយទសវត្សរ៍ និងអាចទទួលឲ្យ អវកាសយានិកច្រើនបំផុត ៦នាក់ស្នាក់នៅ សម្រាប់រយៈពេល ១៨០ថ្ងៃបាន ដើម្បីធ្វើការសិក្សាស្រាវជ្រាវនានា។ ផ្នែកនានា របស់ស្ថានីយអវកាសនេះ គឺត្រូវបានសាង សង់ឡើងរួចរាល់ហើយ រួមមានទាំងបន្ទប់ ស្នូល មានឈ្មោះថា Tianhe-1 ឬ ឋានសួគ៌ លោកិយ ដែលត្រូវគេរំពឹងថា នឹងបញ្ជូនទៅកាន់ទីអវកាសនៅឆ្នាំ២០២០ ខណៈ ផ្នែកផ្សេងៗទៀតត្រូវគេរំពឹងថា នឹងរួម ផ្សំគ្នាបង្កើតចេញជា CSS ដោយពេញ លេញនៅឆ្នាំ២០២២។

ក្រៅពីនេះ ចិនក៏កំពុងគ្រោងបញ្ជូនយានស្រាវជ្រាវមួយ ទៅសិក្សានៅចំហៀងម្ខាងទៀតរបស់ព្រះចន្ទ ដែលគេហៅថា Dark Side of the Moon ផងដែរ។ លើសពី នេះទៀត ចិនក៏កំពុងអភិវឌ្ឍន៍មូលដ្ឋាន សិប្បនិមិត្តមួយ ដែលធ្វើត្រាប់តាមលក្ខណៈបរិយាកាសរបស់ភពអង្គារ (Mars) នៅ វាលខ្សាច់តំបន់ទីបេផងដែរ ដើម្បីបង្វឹកអវ កាសយានិករបស់ខ្លួន សម្រាប់បេសកកម្ម Mars នាពេលអនាគត។ ចិន មានបំណងនឹងបញ្ជូនយានអវកាសមួយទៅកាន់ Mars នៅឆ្នាំ២០២០៕ ម៉ែវ សាធី


ចែករំលែក៖