ព័ត៌មានទាន់ហេតុការណ៍៖

ចំនួនអ្នកស្លាប់ដោយសារការផ្ទុះភ្នំភ្លើងនៅហ្គាតេម៉ាឡាកើនឡើងដល់ 25 នាក់

ចែករំលែក៖

អាជ្ញាធរបានប្រកាសថា ចំនួនអ្នកស្លាប់ដោយសារការផ្ទុះភ្នំភ្លើងដ៏សកម្មបំផុតមួយនៅជិតរដ្ឋធានីក្វាតេម៉ាឡា កាលពីថ្ងៃអាទិត្យ បានកើនឡើងដល់ 25 នាក់ ។

គណៈកម្មការសម្របសម្រួលជាតិសម្រាប់ការកាត់បន្ថយគ្រោះមហន្តរាយនៃប្រទេសហ្គាតេម៉ាឡា (CONRED) បានប្រកាសកាលពីល្ងាចថ្ងៃអាទិត្យនៅក្នុងសន្និសីទសារព័ត៌មានមួយថា នៅវេលាម៉ោង 9 យប់ម៉ោងក្នុងស្រុក (ម៉ោង 3 ព្រឹកថ្ងៃចន្ទ) ចំនួនអ្នកស្លាប់បានកើនឡើងដល់ 25 នាក់ ហើយមនុស្ស 653 នាក់បានផ្លាស់ទីលំនៅ។

គណៈកម្មការ CONRED ក៏បាននិយាយផងដែរថា មនុស្សជាង 3.100 នាក់ត្រូវបានជម្លៀសចេញ ហើយមនុស្សចំនួនច្រើនទៀតនៅតែបន្តបាត់ខ្លួន។

ភ្នំភ្លើង ហ្វូគូហ្គូ បានផ្ទុះឡើងនៅវេលាម៉ោងថ្ងៃត្រង់ (ម៉ោងក្នុងស្រុក) ហើយចាប់សាយភាយកម្អែរផែះ និងផ្កាភ្លើងពាក់ពេញក្នុងតំបន់នៅនៅពេលរសៀល។

យោងតាមរបាយការណ៍បឋមពីគណៈកម្មការ CONRED បានឱ្យដឹងថា ការផ្ទុះនេះគឺជាការរញ្ជួយខ្លាំងបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំចុង ក្រោយនេះ ហើយប្រជាជនប្រហែល 1,7 លាននាក់បានរងផលប៉ះពាល់ ។

លោក Sergio Garcia Cabanas លេខាធិការ CONRED បាននិយាយថា ភូមិ El Rodeo គឺជាតំបន់រងគ្រោះបំផុត បន្ទាប់ពី «លំហូរកម្អែរផេះ និងល្បាប់ភ្នំភ្លើងបានហូរបុកចូលផ្ទះពលរដ្ឋមួយខ្នង … ធ្វើឱ្យមនុស្ស៤នាក់ស្លាប់»។

លោកបានមានប្រសាសន៍ថា ភូមិនេះទាំងមូលត្រូវបានគ្របដណ្តប់ដោយការផ្ទុះភ្នំភ្លើងនេះ។

មន្ត្រីបាននិយាយថា ភ្នំភ្លើង Fuego ស្ថិតនៅចម្ងាយប្រហែល 50 គីឡូម៉ែត្រភាគខាងលិច រដ្ឋធានី បានផ្ទុះឡើងពីរដងកាលពីថ្ងៃអាទិត្យ ។ លើកទីមួយដែលបានកើតឡើងនៅម៉ោងក្នុងស្រុកប្រហែលម៉ោង 11:00 (GMT) បង្កើតបានជាផេះបក់បោក កំពស់១គីឡូម៉ែត្រ និងមានចម្ងាយពីគ្នាជាច្រើនគីឡូម៉ែត្រ ។ រីឯមួយលើកទៀត មានកម្លាំងខ្លាំងក្លាជាងមុន គឺនៅម៉ោងក្នុងស្រុកប្រហែលម៉ោង 16:00 (ម៉ោង 23 GMT) ។

យោងទៅតាមគណៈកម្មការCONRED បានឱ្យដឹងថា ការផ្ទុះនេះ បានបង្កើតឱ្យមានការរង្គោះរង្គើខ្លាំងក្លាជាមួយនឹងរលកដែលបណ្តាលឱ្យរំញ័រ នៅក្នុងដំបូល និងបង្អួចផ្ទះប្រជាពលរដ្ឋក្នុងរយៈចម្ងាយ 20 គីឡូម៉ែត្រ។

ផេះដែលបានច្រាលចេញពីភ្នំភ្លើងនេះ បានជនចូលទូទាំងរាជធានី នៃប្រទេសហ្គាតេម៉ាឡា ពាក់ពេញរថយន្ត និងផ្លូវថ្នល់តែម្តង ។

គណៈកម្មការ CONRED បានឱ្យដឹងថា ការផ្ទុះនេះគឺជាការរញ្ជួយខ្លាំងបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។

ប្រធានាធិបតីហ្គីតេម៉ាឡា លោក Jimmy Morales បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា “ការជូនដំណឹងពណ៌ទឹកក្រូច” ថ្នាក់ជាតិ ត្រូវបានប្រកាសឡើងនៅវេលាពេលព្រឹក ។ ទីតាំងរងផលប៉ះពាល់បំផុត គឺ Escuintla, Chimaltenango និង Sacatepequez ដែលមានកម្រិតអាសន្នពណ៌ក្រហម ។

លោកប្រធានាធិបតី ក៏បានថ្លែងអំណរគុណផងដែរ ដល់រដ្ឋាភិបាលម៉ិកស៊ិក, ហុងឌូរ៉ាស និង អែលសាល់វ៉ាឌ័រ ចំពោះ “ការបង្ហាញពីការគាំទ្រ” របស់ពួកគេ និងបានទទួលស្គាល់ការព្រួយបារម្ភ ដែលបង្ហាញដោយសហគមន៍អន្តរជាតិ ។

នៅក្នុងសន្និសីទសារព័ត៌មានមន្រ្តីបាននិយាយផងដែរថា ក្រសួងការពារជាតិបានបញ្ជូនកងទ័ពចំនួន 296 នាក់ ខណៈពេលដែលរដ្ឋាភិបាលបានបញ្ជូនមន្ត្រីរាជការ 900 នាក់ឲ្យទៅកាន់តំបន់រងគ្រោះ។

រដ្ឋាភិបាលបានណែនាំប្រជាពលរដ្ឋឱ្យប្រើរបាំងការពារនៅពេលដែលនៅខាងក្រៅផ្ទះ តាមការណែនាំរបស់អាជ្ញាធរ ដែលចុះជួយសង្គ្រោះគ្រោះមហន្តរាយ និងនៅឆ្ងាយពីតំបន់ភ្នំភ្លើង នៅពេលមនុស្សពីរនាក់បានស្លាប់ពេលកំពុងមើលការផ្ទុះនេះ ។

អាជ្ញាធរអាកាសចរណ៍ស៊ីវិលនៃប្រទេសហ្គាតេម៉ាឡាបានប្រកាសពីការបិទប្រតិបត្តិការជាបណ្តោះអាសន្ននៅព្រលានយន្តហោះអន្តរជាតិទីក្រុងហ្គាតេម៉ាឡាដោយសារវត្តមាននៃផេះភ្នំភ្លើង។

អាកាសយានដ្ឋានអន្តរជាតិ La Aurora របស់រដ្ឋធានីនឹងនៅតែបិទទ្វាររហូតទាល់តែសុវត្ថិភាព នៃប្រតិបត្តិការខ្យល់អាកាសត្រូវបានធានាជាមុនសិន។

យោងតាមអ្នកជំនាញភ្នំភ្លើងបានឱ្យដឹងថា ភ្នំភ្លើង Fuego Volcano ដែលជាភ្នំភ្លើងសកម្មបំផុតរបស់ប្រទេសនេះ មានអាយុកាល 1542 ឆ្នាំមកហើយ។

ភ្នំភ្លើងដ៏កាចសាហាវនេះ អាចបាញ់បង្ហើរផេះទាំងស្រុងទៅប្រទេសជិតខាងភាគខាងត្បូង នៃប្រទេស El Salvador និងប្រទេសហុងឌូរ៉ាសផងដែរ ៕ ថាច់ យ៉ាត


ចែករំលែក៖