ខេត្តកោះកុង ៖ បុរសជាប្តីបានតាមទាន់ប្រពន្ធកំពុងដេករួមមេត្រីជាមួយប្អូនថ្លៃនៅក្នុងផ្ទះ(ប្អូនប្តីបង្កើត) ទប់កំហឹងលែងបានក៏បានប្រើហិង្សាលើប្រពន្ធយ៉ាងចាស់ដៃ ខណៈដែលបុរស ជាសហាយដឹងខ្លួនទាន់ផ្លោះគេចខ្លួនតាមបង្អួចទៅបាត់ ។ អ្វីដែលកើតមានដោយអំពើហិង្សា នេះបុរសចាប្តីបានក្លាយជាអ្នកទោសត្រូវបាននគរបាលមូលដ្ឋានចាប់ឃាត់ខ្លួនបានយកទៅ ចាត់ការតាមច្បាប់ទៅវិញ ។
ហេតុការណ៍ប្តីតាមទាន់ប្រពន្ធកំពុងដេករួមមេត្រីជាមួយប្អូនថ្លៃនៅក្នុងផ្ទះ ហើយបង្កជាហិង្សា នេះបានកើតឡើងកាលពីវេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃ សៅរ៍ ៤ រោច ខែ ជេស្ឋ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹង ថ្ងៃទី២ មិថុនា ២០១៨ នៅស្រុកមណ្ឌលសីមា នៅចំណុចភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
នគរបាល ស្រុកមណ្ឌលសីមា បានឲ្យដឹងថា ជនសង្ស័យជាប្តីឈ្មោះ មេត សំឡឺង អាយុ២១ឆ្នាំ មុខរបរជាអ្នកនេសាទតាមសមុទ្រ រីឯស្រ្តីជាប្រពន្ធមានអាយុ១៩ឆ្នាំ មានទីលំនៅភូមិ ជាមួយប្តីខាងលើ ។ ដោយឡែកប្អូនប្រុសរបស់បុរសជាប្តីដែលគេចខ្លួនបាត់នោះ មិនត្រូវបានស្គាល់ឈ្មោះនោះទេ គ្រាន់តែដឹងថា មានអាយុ១៩ឆ្នាំ ប៉ុណ្ណោះ ៕
សមត្ថកិច្ចបន្តថា ដើមចមដែលបណ្តាលឲ្យប្តីប្រើអំពើហិង្សាលើប្រពន្ធហើយត្រូវបានបុរសជាប្តីសារភាពប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅថ្ងៃកើតហេតុខ្លួនគេបានទៅនេសាទត្រីនៅកណ្តាលសមុទ្រ ដូចសព្វមួយដង។ លុះវេលាល្ងាចខ្លួនបានវិលមកដល់ផ្ទះវិញ ស្រាប់តែឃើញប្រពន្ធកំពុងផិតក្បត់ដេករួមរ័កជាមួយប្អូនប្រុសបង្កើតនៅលើផ្ទះដែលពេលនោះធ្វើឲ្យខ្លួនខឹងពេកទ្រាំមិន បានក៏ចាប់វាយប្រពន្ធដើម្បីស្រាយកំហឹងបណ្តាលឲ្យហើមមុខហើមមាត់របួសធ្ងន់តែម្តង។
បុរសនេះបានឲ្យដឹងថា ភ្លាមនោះដែរប្អូនប្រុសរបស់ខ្លួនដែលត្រូវជាសហាយនឹងប្រពន្ធបានស្ទុះលោតចេញតាមបង្អួចរត់គេចខ្លួនបាត់ កុំអីខ្លួនវាយទាល់តែស្លាប់ផងក៏មិនដឹង ។
យ៉ាងណាករណីអំពើហិង្សានេះត្រូវបានសមត្ថកិច្ចចាប់ខ្លួនបុរសជាប្តី ដើម្បីសាងសំណុំរឿងតាមផ្លូវច្បាប់ ពីបទប្រើអំពើហិង្សាដោយចេតនា ព្រោះបានកើតឡើងជាក់ស្តែងធ្វើឲ្យមនុស្សមានរបួសស្នាម ៕ សហការី