ខេត្តបាត់ដំបង៖ កម្លាំងអន្តរាគមន៍បង្ការបង្ក្រាប នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កាលពីរសៀលថ្ងៃម្សិលមិញ បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងល្បែងស៊ីសងចាក់បាល់តាមអ៊ីនធឺណេតមួយកន្លែង ស្ថិតនៅក្នុងភូមិទួលតាឯក សង្កាត់ទួលតាឯក ដែលបានជ្រកក្រោមអាជ្ញាប័ណ្ណអ៊ីនធឺណេតកាហ្វេ។
លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែននគរបាលយុត្តិធម៌បានឲ្យដឹងថា ក្រោយទទួលបានបទបញ្ជារពីឯកឧត្ដមឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរ បាលខេត្តបាត់ដំបង ក៏ដូចជាមានការឯកភាពចូលរួមពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងផងនោះ នៅរសៀលថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ លោកបានដឹកនាំកម្លាំងចុះទៅចំណុចក្រុមទី១៤ ស្ថិតក្នុងភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ជាលទ្ធផលនៅក្នុងកិច្ចប្រតិបត្តិការជាក់ស្ដែងសមត្ថកិច្ចបាននាំខ្លួនម្ចាស់ទីតាំងអ្នកបើកអាជីវកម្មសាលបម្រើអ៊ីនធឺណេតកាហ្វេម្នាក់ឈ្មោះ កែវ មុន្នីឧត្តម ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅចំណុចភូមិសង្កាត់ខាងលើ ។ ជាមួយនឹងការឃាត់ខ្លួននេះ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងមួចំនួនផងដែរ។
លោកបន្តថា ក្រោយបង្ក្រាប ជនសង្ស័យជាម្ចាស់ទីតាំងរួម និងសម្ភារៈវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជូនទៅកាន់ស្នងដ្ឋានការនគរបាលខេត្តដើម្បីអនុវត្តបន្តទៅតាមនីតិវិធី ហើយនៅព្រឹកនេះ សមត្ថកិច្ចនឹងបញ្ជូនទៅកាន់តុលាការ ៕ សំ វិច្ឆិកា