ភ្នំពេញ៖ យុវជនម្នាក់ បានបើករថយន្តកុងតឺន័រមួយគ្រឿងដោយគ្មានព្រូនៅក្បែរ រួមទាំងងងុយដេកផងនោះ ក៏ជ្រុលចង្កូតទៅបុក ចូលរោងបុណ្យ៧ថ្ងៃ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែមិនបង្កឲ្យមនុស្សសម្រាក់នៅក្នុងរោងបុណ្យរងរបួសនោះឡើយ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ នៅក្បែរផ្សារបេសេ តាមបណ្តោយផ្លូវលេខ៣៧១ ស្ថិតក្នុងភូមិត្នោតជ្រុំ១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនម្នាក់បើករថយន្តកុងតឺន័រ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3D-9332 បានធ្វើដំណើរតាមបណ្តោយផ្លូវ៣៧១ ទិសដៅពីកើតមកលិច ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុកចូលរោងបុណ្យ៧ថ្ងៃទាំងកំរោលតែម្ដង បណ្តាលឲ្យរោងបុណ្យ រងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យមនុស្សដែលសម្រាកនៅក្នុងរោងបុណ្យ រងរបួសនោះទេ ហើយភ្លាមៗ ម្ចាស់ដើមបុណ្យ និងម្ចាស់រោងបុណ្យ បានឃាត់ម្ចាស់រថយន្តបង្កនៅកន្លែងកើតហេតុ ។
បើតាមសម្ដីយុវជនម្នាក់ជាតៃកុងរថយន្តបង្កខាងលើបានប្រាប់ឲ្យដឹងថា រូបគេបានបើករថយន្តកុងតឺន័រតែម្នាក់ឯង ដោយដឹកស្រូវសាលី មកពីកំពង់ផែស្វយ័តភ្នំពេញ នៅផ្លូវជាតិលេខ១ បំណងយកទៅក្រុមហ៊ុនស្រាបៀរកម្ពុជា ហើយបើកឆ្លងកាត់តាមបណ្តោយផ្លូវ៣៧១ តែដោយសាររូបគេងោកមួយភាំង ក៏ជ្រុលចង្កូតទៅបុករោងបុណ្យ៧ថ្ងៃ បណ្តាលឲ្យបាក់ខ្ទេច រងការខូចខាតយ៉ាងដំណំ តែមិនបង្កឲ្យមនុស្សរងរបួសនោះទេ ។
អ្នកបើករថយន្តបង្កខាងលើមានឈ្មោះ សែម វីរៈបុត្រ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរបើករថយន្ត ស្នាក់នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ ហើយបានឲ្យតៃកុងរថយន្តបង្កទាក់ទងទៅខាងតំណាងរថយន្តមកជួយដោះស្រាយជាបឋម ព្រោះអី ករណីខាងលើនេះមិនបង្កឲ្យខូចខាតដល់សម្បត្តិរដ្ឋនោះទេ តែដោយសារភាគីរថយន្តបង្កគ្មានដំណោះស្រាយ ទើបសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅជំនាញចរាចរណ៍ជើងគោករាជធានីភ្នំពេញ ចុះមកវាស់វែងយករថយន្ត និងតៃកុងរថយន្ត ទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នាតាមក្រោយ ៕ ភារ៉ា ដង្កោ