ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្នថាហេតុអ្វីបានជាឈូសព្រៃលិចទឹកនៅទំនប់៧៨នោះគឺជាគម្រោងអភិវឌ្ឃន៍របស់សម្តេចសង្ឃ ទេព វង្ស

ចែករំលែក៖

ខេត្តសៀមរាប៖ ភាពស្រពិចស្រពិលបានលើកឡើងថា ហេតុអ្វីក៏យកដីព្រៃលិចទឹកដែលជាជំរកត្រីពង អភិវឌ្ឃន៍ ដោយអាជ្ញាធរអះអាងថា ការឈូសព្រៃលិចទឹកនៅទំនប់៧៨នោះ គឺជាគម្រោងអភិវឌ្ឍន៍តំបន់របស់សម្តេចសង្ឃ ទេព វង្ស ដែលមានលិខិតស្នាមជាផ្លូវការត្រឹមត្រូវ។ ចំពោះពលរដ្ឋដែលតវ៉ានោះ គឺជាអ្នកមកធ្វើស្រែអាស្រ័យផលក្នុងដីរដ្ឋតែប៉ុណ្ណោះ ។

យ៉ាងនេះក្តីនៅក្នុងបណ្តាញសង្គមហ្វេសបុកបាននាំគ្នាបរិយាយថា ១សប្តាហ៍មកនេះ ព្រៃលិចទឹករាប់សិបហិតាក្នុងតំបន់២ លើទំនប់៧៨ ត្រូវបានគ្រឿងចក្រជាច្រើនគ្រឿង ឈូសឆាយបំផ្លាញគ្មានសល់ ក្លាយជាវាលរហោរឋាន ចំណែកអាជ្ញាធរមន្ត្រីពាក់ព័ន្ធមិនបានយកចិត្តទុកដាក់មើលការខុសត្រូវនោះឡើយ។ បន្ទាប់ពីមានសេចក្ដីរាយការណ៍បែបនេះ ប្រជាពលរដ្ឋជាច្រើនគ្រួសារ បាននាំគ្នាតវ៉ានៅកន្លែងគ្រឿងចក្រឈូសឆាយព្រៃលិចទឹកខាងលើ ក្នុងគោលបំណងទប់ស្កាត់ មិនឲ្យឈូសឆាយបន្ត ប៉ុន្តែមិនមានប្រសិទ្ធិភាពឡើយ ដោយក្រុមអ្នកបំផ្លាញព្រៃទាំងនោះ យកឈ្មោះសម្តេចសង្ឃ ទេព វង្ស ដែលជាសង្ឃជាន់ខ្ពស់ទៅប្រើប្រាស់។

ជុំវិញករណីនេះលោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ បានឲ្យដឹងថា ដីដែលឈូសឆាយខាងលើ ជាដីរបស់សង្កាត់ជ្រាវ ហើយការឈូសឆាយនេះ ជាគម្រោងរបស់សម្តេចសង្ឃ ទេព វង្ស ឈូសដើម្បីធ្វើបារាយណ៍ ហើយក៏មានច្បាប់គ្រប់គ្រាន់ ដែលបានសុំតាំងតែពីឆ្នាំ២០១៣មកម្ល៉េះ ប៉ុន្តែកាលមុនមិនទាន់បានធ្វើ ដោយសារមានបញ្ហាផ្នែកថវិកា ឥឡូវសម្តេចសង្ឃរកដៃគូវិនិយោគបានហើយ ។

លោកចៅសង្កាត់បន្ថែមថា បើគ្មានគម្រោងច្បាស់លាស់ អ្នកណាថ្លើមធំ ទៅហ៊ានរំលោភបំពាន យកដីរដ្ឋនោះ ឥឡូវសូមឲ្យរង់ចាំមើលទាំងអស់គ្នាទៅថា ដីនេះឈូសលក់ ឬឈូសធ្វើបារាយណ៍ ។ លោកបន្តថា សូមខាងបងប្អូនអ្នកលេងហ្វេសប៊ុក ឬអ្នកពាក់ព័ន្ធផ្សេងៗ មេត្តាឈ្វេងយល់ឲ្យបានច្បាស់លាស់មុននឹងបង្ហោះ។ ការដែលឈូសឆាយនេះ គឺមានឯកសារត្រឹមត្រូវ ហើយការដែលសម្តេចសង្ឃ លោកធ្វើនេះ គឺដើម្បីផលប្រយោជន៍ទាំងអស់គ្នា ក្នុងការនាំឲ្យមានទេសចរណ៍មកកម្សាន្តនៅបារាយណ៍មូយនេះផងដែរឬ។

សូមរម្លឹកថា នៅក្នុងសង្កាត់ជ្រាវ និងឃុំកណ្តែកនេះ កន្លងទៅ និងក្នុងពេលថ្មីៗនេះ មានការឈូសឆាយព្រៃលិចទឹកយកធ្វើជាកម្មសិទ្ធិរបស់ខ្លួន ពីសំណាក់អ្នកមានលុយ មានអំណាច។ ដូចជាករណីឈ្មួញ ហាក់ សេង ជាដើម ប៉ុន្តែមិនមាននរណាហ៊ានប៉ះពាល់នោះឡើយ សង្ស័យឈ្មួញ ហាក់ សេង យកលុយបិទមាត់អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធទាំងនោះ ។

មជ្ឈដ្ឋាននានាបានលើកឡើងថា មុនទៅឈូសព្រៃធ្វើបារាយណ៍ អាជ្ញាធរគួរតែ ចេញសេចក្តីប្រកាសព័ត៌មាន ឬសេចក្តីជូនដំណឹង ដល់មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និងពលរដ្ឋដើម្បីកុំឲ្យមានការយល់ច្រឡំដូចករណីនេះតទៅទៀត ៕ ប៊ុន រិទ្ធី


ចែករំលែក៖