ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបន្ទាប់ពីបុរស២នាក់បាននាំគ្នាចូលផឹកសុីច្រៀងកំសាន្តនៅក្នុងហាងខារ៉ាមួយកន្លែងយីហោ រស្មីម៉ៃដា ដោយផឹកបៀរចំនួនមួយកេសស្រាប់តែគិតលុយអស់៩១ដុល្លារទើបស្រែឡូឡាតែម្តង។
ហេតុការណ៍នេះបង្កការភក្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។
បុរសទាំង២នាក់ជាភ្ញៀវផឹកសុីខាងល់ ទី១ ឈ្មោះ មាន រ៉ូណន់ អាយុ២៦ឆ្នាំ មុខរបរ សន្តិសុខក្រុមហ៊ុនឯកជន ស្នាក់នៅ សង្កាត់ មនោរម្យ ខណ្ឌ ៧មករា មានស្រុកកំណើត ភូមិទាំងឫស្សី ឃុំពត់ស ស្រុកបាទី ខេត្តតាកែវ ។ ទី២ ឈ្មោះ ធឿន វ៉ាន់ដែន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ ស្នាក់នៅជាមួយគ្នា ។ ចំណែកម្ចាស់ហាង គ្រាន់តែដឹងថា ជាអ្នកមានស្រុកកំណើត នៅភូមិឃុំជាមួយគ្នា ខាងស្រុកបាទី ។
តាមសម្តីបុរសឈ្មោះ មាន រ៉ូណន់ ជាភ្ញៀវ បានឲ្យដឹងទាំងសភាពស្រវឹងទោទន់ថា ខ្លួនចូលផឹកសុីនៅហាងខាងលើ គ្នា២នាក់ ស្រីកំដរ២នាក់ទៀតសរុបគ្នា៤នាក់ នឹកឃើញថាជាអ្នកមានស្រុកកំណើតជាមួយគ្នា ចូលតាំងពីម៉ោង២អធ្រាត្រ ដល់ម៉ោង៦និង៣០នាទីព្រឹក ពួកគេផឹកអស់តែកន្លះកេសទេ ចុះហេតុអ្វីបានជាហាងគិតលុយអស់ដល់ទៅស្រា៣កេស ស្មើ៩១ដុល្លារទៅវិញ ទើបគាត់មិនសុខចិត្ត ទាមទាររកយុត្តិធម៌ ។
តែបើតាមសម្តីម្ចាស់ហាងវិញ បានឲ្យដឹងថា នឹកឃើញជាអ្នកស្រុកភូមិជាមួយគ្នា គាត់គិតមួយឈុត ៣០ដុល្លារ ស្មើនឹងស្រាបៀ១កេស ម្ហូបចំនួន៤មុខ ក៏ប៉ុន្តែគ្រាដែល បុរសខាងលើ ចូលផឹកសុីសរុបទាំងស្រី២នាក់ទៀត ទាំងអស់៤នាក់ ផឹកអស់១កេស ហៅថែមស្រាបៀរ១កេសទៀត តាំងពីម៉ោង២រំលងអធ្រាត្រ ថ្ងៃទី០៦ ខែមិថុនា រហូតដល់ម៉ោង៦និង៣០នាទីព្រឹក ហៅដាក់ស្រាបៀ៣កេស ផឹកអស់ស្រាបៀរ២កេសកន្លះ រួមទាំងទឹកសុទ្ធ១ដប សល់ស្រាទាំងប៉ុន្មានគាត់ ចងវិចខ្ចប់ទុកឲ្យភ្ញៀវទៀត គិតលុយអស់៩១ដុល្លារ បែរជាស្រែកចោទថា ហាងលក់កោរទៅវិញ ទុកម៉ូតូឲ្យទៅហាង ប្រាប់ថា ទៅរកលុយ បែរជាទៅប្តឹងប៉ូលីស ។
រឿងចម្រូងចម្រាស់គ្នារវាងភ្ញៀវ នឹងម្ចាស់ហាងKTV សមត្ថកិច្ចចុះទៅ សាកសួរ ជាក់ស្តែង គ្មានអ្វីដែលថា ហាងកោរនោះទេ ម្ហូបគ្នាហៅបន្ថែមផង គិតតែតម្លៃស្រា ភ្ញៀវស្រែកឡូឡាថាអយុត្តិធម៌ និយាយលែងស្តាប់ទាំងប៉ូលីសទៀត ដោយសារ បុរសខាងលើស្រវឹងជោគពេកហើយ ។
ដោយសារនិយាគ្នាលែងស្តាប់ ទោះជាម្ចាស់ហាង យោគយល់នឹកថា អ្នកស្រុកភូមិជាមួយគ្នា បញ្ចុះបន្ធូរបន្ថយ មកត្រឹមតែ១កេស ក៏បុរសខាងលើ មិនសុខចិត្ត ឡាំប៉ាដល់ក្នុងប៉ុស្តិ៍ប៉ូលីស ហួសនិយាយ ដោយអំណាចនៃសារជាតិស្រវឹង ដោះស្រាយមិនចេញ មានតែរង់ចាំឲ្យបុរសរូបនោះ អង្គុយចាំស្វាងស្រាសិន ចាំនិយាយគ្នាក្រោយ ៕ សុខាសែនជ័យ