ខេត្តស្វាយរៀង៖ បុរសអ្នកត់ម៉ូតូឌុបម្នាក់បានរងរបួសត្រង់កហូរឈាមជោកខ្លួនយ៉ាងធ្ងន់ធ្ងរ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងអ្នកធ្វើដំណើរឆ្លងកាត់ចោមរោមមើល និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍ជួយសង្គ្រោះដឹកមកកាន់មន្ទីរពេទ្យ បង្អែកខេត្តស្វាយរៀងបន្ទាប់ពីត្រូវជនសង្ស័យម្នាក់ធ្វើសកម្មភាពយកកាំបិតអារកពីក្រោយរួច យកម៉ូតូជនរងគ្រោះជិះចេញនៅទៅបាត់ស្រមោល ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១១ព្រឹក នៅចំណុចភ្លឺប្រឡាយស្ថិតក្នុងភូមិនាងចាន់ឃំុជ្រុងពពេល ស្រុកកំដួល ខេត្តស្វាយរៀង ។
បើតាមសមត្ថកិច្ចមូលដ្ឋានបានបង្ហើបឲ្យកាសែតនគរវត្តដឹងថា បុរសដែលរងរបួសឈ្មោះ រ៉េន សារ៉ន អាយុ៤៦ឆ្នាំ មុខរបររត់ម៉ូតូឌុបមានទីលំនៅភូមិចំបក់កោង ឃុំតាសួស ស្រុកស្វាយជ្រំ ។
ចំណែកម៉ូតូដែលត្រូវជនសង្ស័យយកទៅបាត់ម៉ាកហុងដា C១២៥ សេរី០១៨ ពណ៌ខ្មៅពាក់ស្លាកលេខ ស្វាយរៀង១L១៧១០ ។
ប្រភពបន្តថា ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានបន្សល់ទុក សម្ភារនៅកន្លែងកើតហេតុមានកាបូបដាក់ខោអាវស្រោម និងកាំបិតមួយផងដែរ ។
បើតាមក្រុមគ្រួសារជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា ប្ដីគាត់មានមុខរបររត់ម៉ូតូឌុបអង្គុយចាំដឹក ម៉ូយនៅក្លោងទ្វារវត្តស្វាយជ្រំដូចសព្វដង ខណៈនោះស្រាប់តែមានជនសង្ស័យម្នាក់បានដើរមកជិតហើយនិយាយតថ្លៃជាមួយប្ដីរបស់គាត់ទៅ ស្រុកកំដួលបន្ទាប់មកក៏ឃើញឌុបដឹកចេញទៅទិសខាងកើតបាត់តែម្ដង ។
ប្រភពបន្តថា ក្រោយមកវេលាម៉ោង១១ព្រឹកថ្ងៃដដែលស្រាប់តែមានសមត្ថកិច្ចរាយការណ៍ថា ប្ដីគាត់ត្រូជនសង្ស័យអារកប្លន់យកម៉ូតូត្រង់ចំណុចប្រឡាយទឹកក្នុងភូមិនាងចាប់ ឃុំជ្រុងពពេល ស្រុកំដួលទើបបង្កការភ្ញាក់ផ្អើលតែម្ដង ។
ចំណែកជនរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជូនមកសង្គ្រោះនៅមន្ទីររពេទ្យបង្អែកស្វាយរៀងភ្លាមៗ ។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចនគរបាល និងកម្លាំងកងរាជអាវុធហត្ថ ស្រុកស្វាយជ្រំកំពុងស្រាវជ្រាវយ៉ាងសស្រាក់សស្រាំដើម្បីឃាត់ខ្លួនជនសង្ស័យមកផ្ដន្ទាទោសឲ្យខានតែបាន ៕ យឹម សុថាន