ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ដោយការផ្ទុះអណ្តូងរ៉ែនៅប្រទេសចិនកើនឡើង១១នាក់ និង ២៣នាក់សង្គ្រោះទាន់ពេល

ចែករំលែក៖

សារព័ត៌មានស៊ីនហួនៅថ្ងៃទី៦ ខែមិថុនា បានផ្សាយថា ហេតុការណ៍គ្រោះថ្នាក់ផ្ទុះ អណ្តូងរ៉ែនៅខេត្ត លីវនីញភាគឦសាន ប្រទេសចិន បានសម្លាប់កម្មករ១១នាក់ និង៩នាក់រងរបួស ហើយមានកម្មករ២ នាក់បាត់ខ្លួន។ ជាភ័ព្វសំណាងកម្មករ២៣នាក់ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា ។

គ្រោះថ្នាក់ខាងលើបានកើតឡើងកាលពីថ្ងៃអង្គារទី៥ខែមិថុនា នៅពេលដែល ក្រុមកម្មករកំពុងទម្លាក់គ្រឿងផ្ទុះ ចូលទៅក្នុងរូងចុះទៅអណ្តូងរ៉ែដែលមានជម្រៅ ១,០០០ម៉ែត្រ ហើយវាបានផ្តាច់ជីវិត មនុស្ស ១១នាក់ បណ្តាលឲ្យ៩នាក់ដែលនៅខាងក្រៅលើដីរងរបួស ព្រមទាំងបំផ្លាញប្រព័ន្ធខួងអណ្តូង ខណៈធ្វើឲ្យកម្មករ ២៥នាក់ទៀត នៅជាប់ក្នុងនោះនៅពេលកើតហេតុភ្លាមៗ។

គួរជម្រាបថា កម្មករ ២៣នាក់ក្នុង ចំណោមអ្នកជាប់នៅក្នុងអណ្តូង ត្រូវបាន ជួយសង្រ្គោះចេញមកវិញនាព្រឹកថ្ងៃពុធនេះ ប៉ុន្តែ២នាក់ទៀតនៅបន្តបាត់ខ្លួនដដែល ខណៈប្រតិបត្តិការរុករកនៅតែបន្តប្រព្រឹត្តទៅ ហើយកម្មករដែលត្រូវបានជួយយក ចេញមកវិញ សុទ្ធតែមិនបានរងគ្រោះធ្ងន់ធ្ងរឡើយ។ ដោយឡែកមនុស្ស៥នាក់ ក្នុង ចំណោមអ្នករងរបួសទាំងអស់ គឺមានស្ថាន ភាពធ្ងន់ធ្ងរ និងកំពុងទទួលការព្យាបាលនៅឯមន្ទីរពេទ្យ។

គ្រោះថ្នាក់អណ្តូងរ៉ែតែងតែកើតឡើងជាញឹកញាប់នៅក្នុងប្រទេសចិន ដោយសារតែម្ចាស់អណ្តូងរ៉េមិនគោរពដល់ច្បាប់សុវត្ថិភាពការងារ ។ មួយវិញទៀត អណ្តូងរ៉ែ មានសភាពចាស់ៗ ងាយស្រួលជួបគ្រោះ ថ្នាក់៕ ម៉ែវ សាធី


ចែករំលែក៖