ខេត្តកំពង់ធំ៖ មិនឆ្ងាយពីកន្លែងធ្វើការរបស់ថ្នាក់ដឹកនាំខេត្តកំពង់ធំប៉ុន្មានទេ ហើយក៏អាចមើលដោយផ្ទាល់ភ្នែកបានដែរអំពីការដែលចំណីមាត់ស្ទឹងសែនកំពុងត្រូវបានបាត់បង់ជាបណ្តើរៗ ។ លោកអភិបាលខេត្តអាចត្រឹមតែប្រាប់អ្នកបើកបររថយន្តឲ្យឆៀងទៅមើលថា តើមានគេសង់សំណង់រឹងមាំចូលលើចំណីមាត់ស្ទឹងនោះមែនឬទេ? តើសេចក្តីរាយការណ៍របស់អ្នកកាសែត ជាការពិត ឬក៏ថ្នាក់ដឹកនាំមូលដ្ឋានមិនបានរាយការណ៍ជូនអាជ្ញាធរខេត្ត?
ប្រជាពលរដ្ឋ បានស្នើសុំឲ្យអាជ្ញាធរក្រុងស្ទឹងសែន ក៏ដូចជាថ្នាក់ដឹកនាំខេត្តកំពង់ធំ អាជ្ញាធរពាក់ព័ន្ធរដ្ឋបាលខេត្តកំពង់ធំ មន្ទីរធនធានទឹក និងមន្ទីររៀបចំដែនដី ជួយមានវិធានការជាបន្ទាន់ ចំពោះករណីធ្វើរបងថ្មរំលោភយកដីចំណីស្ទឹងសែនយ៉ាងអណាធិបតេយ្យពីសំនាក់ប្រជាពលរដ្ឋមួយចំនួនតូច។
ប្រជាពលរដ្ឋ បាននិយាយថា បច្ចុប្បន្ននេះ ពួកគាត់ឃើញមានសកម្មភាពរំលោភយកដីចំណីស្ទឹងចេះតែកើតមានឡើងជាបន្តបន្ទាប់ ដោយពុំមានការរារាំងឬទប់ស្កាត់ពីមន្ទីរជំនាញនោះឡើយ។
ជាក់ស្តែងដូចជាករណីខាងកើតស្ពានកំពង់ធំ ប្រហែល ១០០ម៉ែត្រ កំពុងតែធ្វើរបងថ្មរំលោភចូលមកក្នុងចំណីស្ទឹងសែនទាំងបំពានច្បាប់ដោយពលរដ្ឋមានការព្រួយបារម្មណ៍ថា បើអាជ្ញាធរ និងមន្ទីរជំនាញនៅតែមិនយកចិត្តទុកដាក់ចំពោះបញ្ហាខាងលើនេះទេ ទុកបណ្តែតបណ្តោយរហូតពេលធ្វើរបងថ្មរំលោភចូលក្នុងស្ទឹងបានសម្រេចកាត់នឹងចាក់ដីសាងសង់សំណង់អ្វីមួយនៅលើដីចំណីស្ទឹងរឹតតែពិបាកនឹងការទប់ស្កាត់ជាងនេះទៅទៀត។
ប្រជាពលរដ្ឋ បន្តទៀតថា ខណៈកំពុងតែសាងសង់របងថ្មបែបនេះ សូមអស់លោកជាមន្ត្រីជំនាញ និងអាជ្ញាធរគួរយកភ្នែកមើល និងមានវិធានការបន្ទាន់ដើម្បីកុំឲ្យវរីកកាន់តែធំពិបាកក្នុងការដោះស្រាយ។
លោក អឹម សុឌីណា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តកំពង់ធំ បានឲ្យដឹង នៅព្រឹក ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨នេះថា ចំពោះករណីខាងលើនេះលោកអត់បានដឹងនោះទេ។ លោកនឹងចាត់ឲ្យមន្ត្រីជំនាញរបស់លោកចុះទៅពិនិត្យឥឡូវនេះ បានព័ត៍មានយ៉ាងណានោះលោកនឹងប្រាប់នៅពេលក្រោយ ។
អាជ្ញាធរខេត្តកំពង់ធំចាត់វិធានការតឹងរ៉ឹងចំពោះក្រុមអ្នកកាសែត ដោយយល់ថា ព័ត៌មានមួយចំនួនមិនត្រឹមត្រូវ ហើយធ្វើឲ្យអាប់មុខអាប់មាត់ថ្នាក់ដឹកនាំខេត្តជាពន់ពេក ។ ថ្មីៗនេះ ទាំងអភិបាលរងខេត្ត ទាំងលោកអភិបាលខេត្ត បានដាក់កំហឹតគ្រប់ស្ថាប័នចំណុះឲ្យរដ្ឋបាលសាលាខេត្តត្រូវផ្សព្វផ្សាយអំពីស្នាដៃរបស់ខ្លួន ដើម្បីឲ្យប្រជាពលរដ្ឋបានដឹង ។ ប៉ុន្តែចំណុចអវិជ្ជមាន នៅតាមក្រសួងមន្ទីរមិនត្រូវបានថ្នាក់ដឹកនាំខេត្តណែនាំថា ត្រូវធ្វើយ៉ាងណានោះទេ? វិធានការរបស់អាជ្ញាធរខេត្តញាំងឲ្យមានការរិះគន់ពីក្រុមអ្នកកាសែតរហូតអ្នកខ្លះរួញខ្លួន មិនហ៊ានសរសេរការពិតពីចំណុចអសកម្ម ពីព្រោះយល់ថា«ពងមាន់កុំជល់នឹងថ្ម» ។ ក្នុងនាមជា«ពងមាន់» អ្នកកាសែតមួយចំនួនលែងហ៊ានរាយការណ៍ព័ត៌មានពិតពីចំណុចអសកម្មរបស់អាជ្ញាធរ ក៏ដូចជាមន្ទីរនានាជុំវិញខេត្តកំពង់ធំ ។ យ៉ាងនោះហើយ ទើបសូម្បីតែករណីរំលោភបំពានដីមាត់ស្ទឹងសែន ក្បែរច្រមុះថ្នាក់ដឹកនាំខេត្ត ក៏គ្មាននរណាហ៊ាននិយាយ ។
ឲ្យគេនិយាយការពិតខ្លះទៅ ទើបរកចំណុចខ្សោយរបស់ខ្លួនឯងឃើញ ។ ការផ្សាយតែពីចំណុចវិជ្ជមានដោយការភូតកុហក់របស់មន្ត្រីថ្នាក់ក្រោម មិនអាចរកចំណុចកែលម្អដើម្បីអភិវឌ្ឍន៍ខ្លួនបានឡើយ ។
ករណីខាងលើនេះ គេជឿថា ថ្នាក់ដឹកនាំខេត្តកំពង់ធំអាចនឹងចំណាយសាំងកន្លះលីត្រដើម្បីជិះរថយន្តទៅមើលការពិតថា តើមានគេរំលោភដីមាត់ស្ទឹងសែនមែនឬ? ឬក៏ការរំលោភនោះស្របច្បាប់ ៕ ហេង សូរិយា