ព័ត៌មានទាន់ហេតុការណ៍៖

កាន់តែកៀកជំនួបកំពូល កូរ៉េខាងជើងកាន់តែធ្វើឲ្យអាមេរិកមានទំនុកចិត្ត

ចែករំលែក៖

កូរ៉េខាងជើងកំពុងធ្វើឲ្យអាមេរិកមានទំនុកចិត្តកាន់តែខ្លាំង ដោយទីក្រុងព្យុងយ៉ាងបានបន្តបំផ្លាញទីតាំងសាកល្បងកាំជ្រួចមីស៊ីល។ សកម្មភាពខាងលើគឺជាការបង្ហាញដល់ការគោរពពាក្យសន្យារបស់មេដឹកនាំ គីម ជុងអ៊ុន នៅក្នុងការផ្អាកសកម្មភាពបរមាណូ និងមីស៊ីលដើម្បីទទួលបានសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច។

សារព័ត៌មាន 38 north របស់កូរ៉េខាងជើងបានផ្សាយថា ទីតាំងបាញ់មីស៊ីលដែលទើបតែបានបំផ្លាញនោះគឺជាទីតាំងតែមួយគត់នៅលើដីដែលបានប្រើប្រាស់បាញ់សាកល្បងជាច្រើនលើកនាពេលកន្លងមក។ ជើងទម្របាញ់មីស៊ីល ត្រូវបានដាក់នៅជិតទីក្រុង Kusong ភាគខាងជើង ប្រទេសកូរ៉េខាងជើង។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនឹងកូរ៉េខាងជើងនេះផងដែរ សារព័ត៌មាន Straits times នៅថ្ងៃទី៦ ខែមិថុនា បានផ្សាយថា រដ្ឋមន្ត្រីការបរទេស នៃប្រទេសសិង្ហបុរីលោក Vivian Balakrishnan បានបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើង កាលពីថ្ងៃទី៧ ខែមិថុនា។ ចំពោះដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃខាងលើនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក រី យ៉ុងហូ នៅមុនជំនួបលោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ ត្រូវធ្វើឡើងនៅថ្ងៃទី១២ ខែមិថុនា ខាងមុខនេះនៅក្នុងទឹកដីប្រទេសសិង្ហបុរីតែម្តង។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១នោះឡើយ ដែលមន្ត្រីជាន់ខ្ពស់សិង្ហបុរីទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង ដោយកាលពីឆ្នាំ២០០៨ លោក ចច យ៉េអូ (George Yeo) អតីតរដ្ឋមន្ត្រីការបរទេសសិង្ហបុរី ក៏បានទៅបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាងផងដែរ ក្នុងរយៈពេល៥ថ្ងៃ ដើម្បីពិភាក្សាបញ្ហាពាណិជ្ជកម្ម តបតាមការអញ្ជើញពីអតីតរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក ផាក អ៊ុយជុន។

ដោយឡែកសហរដ្ឋអាមេរិកវិញមានទស្សនៈខ្វែងគំនិតគ្នា រវាងលោក ត្រាំ នឹងរដ្ឋមន្ត្រីការបរទេស ជុំវិញបញ្ហាកូរ៉េខាងជើង។ ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា យុទ្ធនាការដាក់សម្ពាធជាអតិបរមា ប្រឆាំងនឹងកូរ៉េខាងជើង នឹងនៅតែបន្ត ទោះបីជាប្រធានាធិបតីលោក ដូណាល់ ត្រាំ ធ្លាប់បាននិយាយកាលពីសប្តាហ៍មុនហើយថា លោកមិនចូលចិត្តពាក្យនេះក៏ដោយ ហើយដែលនេះបានបង្ហាញឲ្យឃើញពីភាពផ្ទុយគ្នាមួយ នៃការថ្លែងផ្លូវការរវាងមេដឹកនាំ នឹងមន្ត្រីកំពូលអាមេរិក។

ថ្លែងនៅចំពោះមុខក្រុមអ្នកសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោកស្រី Heather Nauert បាននិយាយថា ទណ្ឌកម្ម និងយុទ្ធនាការដាក់សម្ពាធជាអតិបរមា នឹងនៅតែបន្ត។ ដោយឡែកកាលពីសប្តាហ៍មុន ក្រោយពីជួបជាមន្រ្តីជាន់ខ្ពស់កូរ៉េខាងជើង លោក គីម យ៉ុងចុល (Kim Yong Chol) លោក ដូណាល់ ត្រាំ បានប្រាប់ក្រុមអ្នកកាសែតថា លោកមិនពេញចិត្តនឹងពាក្យ «សម្ពាធជាអតិបរមា» ឡើយ ដោយសារតែទំនាក់ទំនងជាមួយទីក្រុងព្យុងយ៉ាង កំពុងមានភាពប្រសើរឡើងខ្លាំង។

គួរជម្រាបថា បើតាមអ្នកនាំពាក្យសេតវិមាន ជំនួបកំពូលរវាងលោក ត្រាំ នឹងប្រមុខដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នឹងប្រព្រឹត្តទៅនាវេលាម៉ោង៩ព្រឹក ថ្ងៃទី១២ ខែមិថុនា នៅឯសណ្ឋាគារ Capella លើកោះ Sentosa នៃប្រទេសសិង្ហបុរី ហើយវានឹងក្លាយជាជំនួបបែបប្រវត្តិសាស្ត្រ ដែលគ្រប់គ្នាចង់ដឹងណាស់ថា លទ្ធផលចុងក្រោយនឹងទៅជាបែបណា៕ ម៉ែវ សាធី


ចែករំលែក៖