ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា

ចែករំលែក៖

ភ្នំពេញ ៖ គិតត្រឹមម៉ោង៩និង៣០នាទី ព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ រដ្ឋសភាបានអនុម័ត ទាំងស្រុងហើយចំពោះសេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមាជារបៀបវារៈទី១ក្នុងចំណោមរបៀបវារៈ៣ដែលបានដាក់ឱ្យកិច្ចប្រជុំពេញអង្គរដ្ឋសភាអនុម័តនៅ ពេលនេះ ។

សេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមាត្រូវបានអនុម័តក្នុងកិច្ចប្រជុំគណៈ រដ្ឋមន្រ្តីកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០១៨។ គោលបំណងនៃច្បាប់នេះគឺលើក កម្ពស់ជីវភាពរស់នៅសមរម្យថ្លៃថ្នូរបង្កើត ឱកាសការងារ និងបង្កើនផលិតភាពរបស់កម្មករនិយោជិត និងជំរុញឱ្យមានបរិយា កាសវិនិយោគ និងធុរកិច្ចកាន់តែប្រសើរ ប្រកបដោយភាពទាក់ទាញ ។

បើតាមលោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានអះអាងថា ច្បាប់នេះមានវិសាលភាពគ្របដណ្ដប់លើសហ គ្រាស ឬគ្រឹះស្ថាន និងជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ។

សេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមានេះជាសមិទ្ធផលថ្មីមួយទៀតក្នុងការអភិវឌ្ឍក្របខ័ណ្ឌគតិយុត្តិដើម្បីគាំទ្រការ អនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលនីតិកាលទី៥នៃរដ្ឋសភា ។

ការបង្កើតឲ្យមានក្របខ័ណ្ឌគតិយុត្តិ មួយច្បាស់លាស់ដើម្បីធានាដំណើរការយន្តការកំណត់ប្រាក់ឈ្នួលអប្បបរមាគឺពិតជាមានសារប្រយោជន៍ខ្លាំងណាស់ក្នុងការ ធានាភាពសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈក៏ដូចជាការលើកកម្ពស់កម្រិតជីវភាព របស់កម្មករនិយោជិត ព្រមទាំងធានានូវ ស្ថិរភាព និរន្តរភាពនៃវិស័យពាណិជ្ជកម្មអន្តរជាតិនិងការទាក់ទាញការវិនិយោគ ។

នៅពេលនេះរដ្ឋសភាកម្ពុជាបាននិង កំពុងបើកសម័យប្រជុំលើកទី១០ដែលជាលើកចុងក្រោយសម្រាប់នីតិកាលទី៥នេះ ដើម្បីពិភាក្សានិងអនុម័តលើសេចក្តីព្រាងច្បាប់ចំនួន៣ដែលបានរៀបចំស្នើឡើង ដោយរាជរដ្ឋាភិបាលកម្ពុជា ។

កិច្ចប្រជុំនេះបានធ្វើឡើងនៅវិមាន រដ្ឋ សភាក្រោមអធិបតីភាពសម្តេចអគ្គមហា ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាដោយ មានការចូលរួមពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជារួមទាំងសមាជិកសភាមួយចំនួនទៀត ។

សេចក្តីព្រាងច្បាប់ចំនួន៣ដែលពិភាក្សាអនុម័តនៅក្នុងកិច្ចប្រជុំពេញអង្គលើកនេះ រួមមានដូចតទៅ៖

១-ការពិភាក្សា និងអនុម័តសេចក្តីព្រាង ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ។

២-ការពិភាក្សានិងអនុម័តសេចក្តីព្រាង ច្បាប់ស្តីពីវិសោធនកម្មមាត្រា៨៧ចំណងជើងចំណុច «គ» ផ្នែកទី៣នៃជំពូកទី៤ មាត្រា៨៩ មាត្រា៩០ មាត្រា៩១ មាត្រា៩៤ មាត្រា១១០ មាត្រា១២០ និងមាត្រា១២២ នៃច្បាប់ស្តីពីការងារ ។

៣-ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា៣ មាត្រា៦ មាត្រា៧ មាត្រា៨ មាត្រា៩ មាត្រា១១ មាត្រា១២ ចំណងជើងជំពូកទី៤ មាត្រា ១៦ មាត្រា១៩ មាត្រា២៦ មាត្រា៥០ មាត្រា៥១ មាត្រា៥២ មាត្រា៥៣ មាត្រា ៥៤ មាត្រា៥៥ មាត្រា៥៦ មាត្រា៥៧ មាត្រា៥៨ មាត្រា៥៩ មាត្រា៦៥ មាត្រា ៦៦ មាត្រា៦៧ និងមាត្រា៦៨នៃច្បាប់ស្តីពី ស្តង់ដារកម្ពុជា ៕ ហេង សូរិយា


ចែករំលែក៖