ភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំរកា សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃ៧ ខែមិថុនា ឆ្នាំ២០១៨នេះ គណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលមានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម សហការជាមួយ មន្ត្រីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ និង( គ ប ផ ក ) ចុះត្រួតពិនិត្យសិប្បកម្មតៅហ៊ូ ពពុះសណ្តែក ទឹកសណ្តែក ស្ថិតនៅទីតាំងផ្ទះលេខ ៣២ ផ្លូវលេខ៥២៨ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ជាក់ស្តែងសមត្ថកិច្ចបានធ្វើតេស្តបឋមលើ តៅហ៊ូ ពពុះសណ្តែក ទឹកសណ្តែក រកឃើញមានសារធាតុគីមីហាមឃាត់ផងដែរ ។
ក្នុងប្រតិបត្តិការនេះដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ទូច យុទ្ធា អនុប្រធានលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលមានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម និងជាប្រធានក្រុមប្រតិបត្តិការពិសេសក្រសួងមហាផ្ទៃ ក្រោមការសម្របសម្រួលពីតំណាងអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ បានចុះទៅសហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌទួលគោក និងសមត្ថកិច្ចជំនាញផ្នែកស្តង់ដារ និងមន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញផងដែរ ។
មន្ត្រីកាំកុងត្រូលបានឲ្យដឹងថា សមត្ថកិច្ចនឹងប្រមូលតៅហ៊ូ ពពុះសណ្ដែក ទឹកសណ្ដែក ទាំងអស់ ដើម្បីមើលគុណភាព និងពិនិត្យវត្ថុធាតុដើមផលិតត្រូវតាមស្តង់ដារដែរឬទេ ប្រសិនបើពិនិត្យទៅឃើញថា គ្មានគុណភាព ផលិតឡើងដោយជាតិគីមី ម្ចាស់សិប្បកម្មមួយកន្លែងនេះ នឹងត្រូវឃាត់ខ្លួនដើម្បីយកទៅសាកសួរ និងអនុវត្តតាមច្បាប់ ។
ក្រោយពីការត្រួតពិនិត្យឃើញថាសិប្បកម្មខាងលើនេះពុំទាន់មានច្បាប់គ្រប់គ្រាន់នោះទេ ទើបសមត្ថកិច្ចបិទទីតាំងខាងលើនេះជាបណ្តោះអាសន្ន រហូតដល់ធ្វើច្បាប់គ្រប់គ្រាន់ឡើងវិញ ៕ ស តារា