ខេត្តបន្ទាយមានជ័យៈ ក្មេងប្រុសបីនាក់ ជាបងប្អូនជីដូនមួយនឹងគ្នា បានលង់ទឹកស្លាប់ ខណៈដែលពួកគេនាំគ្នាចុះមុជទឹកស្ទឹង។
ហេតុការណ៍ដ៏គួរឲ្យសង្វេគនេះ កើតឡើងនៅចន្លោះម៉ោងប្រមាណ៣និង៣០នាទីរសៀលទៅម៉ោង៧និង៣០នាទីព្រលប់ថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចទឹកស្ទឹងមង្គលបូរីក្បែរស្ពានរថភ្លើង ស្ថិតក្នុងភូមិគោកស្វាយ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ក្មេងប្រុសរងគ្រោះ១-ឈ្មោះ ខុម ធារ៉ាហៅមៀវ អាយុ៧ឆ្នាំ ២ ឈ្មោះ សាវី ឌីម៉ង់ អាយុ៧ឆ្នាំ ៣ឈ្មោះ ខុម វ៉ាន់កន អាយុ៧ឆ្នាំ។
សមត្ថកិច្ច បានឲ្យដឹងថា ក្មេងប្រុសទាំងបីរស់នៅជាមួយតាយាយ រីឯឪពុកម្តាយបានចេញទៅធ្វើការនៅប្រទេសថៃអស់ យូរៗទើបមលលេងម្តង។ នៅចំពោះមុខសមត្ថកិច្ចលោកតាឈ្មោះ ហុង សុខុម អាយុ៦៨ឆ្នាំ បាននិយាយថា គាត់បានបាត់ចៅទាំងបីឈឹងមិនដឹងថាទៅណាមកណា។ គាត់ពីរនាក់យាយតាខំតែដើររកហើយសួរគេសួរឯងថា មានឃើញចៅប្រុសទាំងបីនាក់អត់។ គ្មាននរណាម្នាក់បានដឹង និងឃើញក្មេងប្រុសទាំងបីនាក់នោះទេ។ លុះសួរគេឯងមិនឃើញគាត់ក៏បានដើរទៅមាត់ស្ទឹង ក៏ឃើញខោអាវចៅស្រាតដាក់ចោលនៅមាត់ច្រាំង ដោយឡែកអត់ឃើញតែចៅប្រុសទាំងបីក៏សន្និដ្ឋានថា ចៅប្រុសទាំងបីប្រាកដជាលង់ទឹក ហើយក៏ស្រែកឲ្យអ្នកភូមិជួយមុជទឹករាវរក។ អ្នកភូមិបានរកឃើញនិងស្រង់ក្មេងប្រុសបានពីរនាក់នៅក្រោយហេតុ ដោយឡែកក្មេងប្រុម្នាក់ទៀត ទើបតែរកឃើញនៅម៉ោងប្រមាណ១១ព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨នេះ។
សពក្មេងប្រុសទាំងបី បច្ចុប្បន្នកំពុងតែធ្វើបុណ្យនៅគេហដ្ឋានខាងលើ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕ សំ វិច្ឆិកា