ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចមិនទាន់បញ្ជូនមេការ យានដ្ឋានដំឡើងរថយន្តខុសបច្ចេកទេស នៅខណ្ឌឫស្សីកែវទៅតុលាការទេ

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមប្រភពព័ត៍មានពីមន្រ្តីរបស់សាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំរកា សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨នេះថា រយះពេល៣ថ្ងៃហើយមិនទាន់ឃើញនាយកដ្ឋាននគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ បញ្ជូនមេការយានដ្ឋានម្នាក់ ដែលដំឡើងរថយន្តខុសបច្ចេកទេស នៅខណ្ឌឫស្សីកែវទៅតុលាការនោះទេ ។

គួរបញ្ជាក់ផងដែរថា កាលពី រសៀល ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ចក្រោមការដឹកនាំ របស់លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចសហការជាមួយការិយាល័យនគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ចរាជ ធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋានដោយមានការសម្របសម្រួលពីលោក ហោ លីណា ព្រះរាជអាជ្ញារងនៃអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យយានដ្ឋានកាត់តដំឡើងរថយន្តខុសបទដ្ឋានបច្ចេកទេស និងគ្មានច្បាប់ នៅចំណុចយានដ្ឋានគ្មានលេខ ផ្លូវលេខ៥៩៨ សង្កាត់ ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ជាក់ស្តែងសមត្ថកិច្ចបាននាំមេការឈ្មោះ ឃឹន បញ្ញា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរមកនាយកដ្ឋានដេីម្បីសួរនាំ តាមនីតិវិធី ។

ក្នុងប្រតិបត្តិការនេះដែរលោកឧត្តមសេនីយ៍ទោ អ៊ុ មុនី អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានឲ្យដឹងថា សមត្ថកិច្ចចម្រុះបានត្រួតពិនិត្យឆែកឆេរជាក់ស្តែងរកឃេីញរថយន្តចំនួន ១០គ្រឿង ក្នុងនោះរថយន្តបានដំឡើង រួច៥គ្រឿង (ម៉ាកឡិចសុីស៣គ្រឿង, ម៉ាក កាមរីហាយប្រ៊ីដ១គ្រឿង និងម៉ាកហាយ ឡិនឌ័រ១គ្រឿង) និង៥គ្រឿងទៀតកំពុង ដំឡើងពំុទាន់រួច (ម៉ាកឡិចសុីស២គ្រឿង, ម៉ាកកាមរីហាយប្រ៊ីដ១គ្រឿង និងម៉ាកកាមរី ព្រូស២គ្រឿង) ។

ចំពោះវត្ថុតាងខាងលើលោកព្រះរាជអាជ្ញារងបានសម្រេចឲ្យបិទឃ្លុំបេសៀល រក្សាដាក់ទុកក្នុងយានដ្ឋានខាងលេីចំនួន៥គ្រឿងដែលដំឡើងពុំទាន់រួច និងរថយន្ត៥គ្រឿងទៀតដែលបានដំឡើងរួចដកហូតយកមករក្សាទុកនៅនាយកដ្ឋាន ។

ដោយឡែកប្រជាពលរដ្ឋដែលនៅក្នុងហេតុការណ៍នោះ ក៏បាននាំគ្នានិយាយថា ការចុះ អនុវត្តរបស់សមត្ថកិច្ចនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ និងសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញខាងលើនេះពួកគាត់បានអបអរសាទរ ហើយសូមឲ្យបន្តស្រាវជ្រាវ និងចុះអនុវត្ត បន្ថែមទៀត ។

ពួកគាត់បានបន្តថា នៅមានទីតាំងដំឡើងកាត់តរថយន្តខុសបច្ចេកទេសក្នុងរាជធានីភ្នំពេញមិនតិចកន្លែងនោះទេ ដោយសូមឲ្យសមត្ថកិច្ចស្រាវជ្រាវចុះអនុវត្តឲ្យបានគ្រប់កន្លែងផងដែរ ៕ស តារា


ចែករំលែក៖