បន្ទាយមានជ័យៈ បើទោះបីជារឿងអតិតព្រះចៅអធិការវត្តភ្នំបាក់លើ ព្រះនាម ស្រិល វណ្ណាហៅអៀម វណ្ណា ត្រូវបានចាប់ផ្សឹក ព្រោះតែពាក់ព័ន្ធស្នេហា ជាមួយស្រីក្មេងសាច់សខ្ចី នាង កាយ លីតា ល្បីរន្ទឺពេញប្រទេស និងស្ទើរពេញពិភពលោកហើយត្រូវសមត្ថកិច្ចដោះលែងឲ្យមានសេរីភាពក៏ដោយ មកដល់ពេលនេះរឿងរ៉ាវទាំងនេះនៅមិនទាន់ចប់នៅឡើយទេ ។ នេះចាត់ទុកជាភាគបន្ត នៅគ្រាដែលភាគីខាងស្រីកើតទុក្ខមិនសុខចិត្តចំពោះអន្ទិត ស្រិល វណ្ណាហៅអៀម វណ្ណា មិនបានទទួលកំហុសចំពោះទង្វើចាប់រំលោភនាងបានសម្រេចហើយ បែរជាបដិសេធ រួចមិនព្រមរកដំណោះស្រាយសមស្រប ថែមទាំងនៅសើចស្រស់ថែមទៀត នោះទើបនៅរសៀលថ្ងៃអង្គារ៍៧រោចខែជេស្ឋ សំរិទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី៦ខែមិថុនាឆ្នាំ២០១៨ នាង កាយ លីតា សម្រេចដាក់ពាក្យបណ្តឹងទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយ មានជ័យ ប្តឹង អន្ទឹត ស្រិល វណ្ណាហៅអៀម វណ្ណា ពីបទចាប់រំលោភសេពសន្ថវៈ ដោយទាម តារជំងឺចិត្ត ចំនួន ៥ ម៉ឺនដុល្លារឯណោះ ។
យោងតាមរបាយការណ៍របស់ការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌខេត្តបន្ទាយមានជ័យនៅថ្ងៃអង្គារ៍៧រោជខែជេស្ឋ សំរិទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី០៦ខែមិថុនាឆ្នាំ២០១៨ បានឲ្យដឹងថាជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់បានទទួលបណ្តឹងពីឈ្មោះកាយ លីតាភេទស្រីអាយុ១៩ឆ្នាំរស់នៅភូមិក្បាលកោះសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ដែលបានប្តឹងរាយការណ៍ថា នៅថ្ងៃទី១៧ខែឧសភាឆ្នាំ ២០១៨ វេលាម៉ោងប្រហែល២យប់មានឈ្មោះស្រិល វណ្ណា ភេទប្រុសអាយុ៣៩ឆ្នាំជាចៅអធិការវត្តភ្នំបាក់លើក្នុងសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណបានមកសុំសឹង(សុំដេក)នៅផ្ទះរបស់ខ្លួនចំនួន២យប់លុះដល់ថ្ងៃទី១៨,៥,២០១៨វេលាម៉ោងប្រហែល២១,០០នាទីយប់ខ្លួនបានយកភេសជ្ជៈទៅប្រគេនលោក(លោកសង្ឃ ស្រិល វណ្ណា)ហើយត្រូវបានព្រះសង្ឃអង្គនេះចាប់បង្ខំរួមភេទជាមួយខ្លួនរហូតបានសម្រេចដោយសន្យាថាខែ១១ឆ្នាំ២០១៨និងលាចាកសិក្ខាបទចូលស្តីដណ្តឹងយកធ្វើជាប្រពន្ធ។ លុះពេលបានខ្លួនប្រាណហើយឈ្មោះស្រិល វណ្ណា បានបិទទូរស័ព្ទមិនព្រមចូលមកដោះស្រាយជាមួយខ្លួនទើបខ្លួនបង្ហោះឃ្លីបវីដេអូដែលលោកសង្ឃស្រិល វណ្ណា បានប្រលែងជាមួយខ្លួននិងឆាន់ពោតស្ងោនោះអោយសាធារណជននិងលោកសង្ឃ ស្រិល វណ្ណា បានឃើញ និងសុំឲ្យសមត្ថកិចជួយរកយុត្តិធម៌ជូនខ្លួននិងទាមទារសំណងជំងឺចិត្តចំនួន៥០០០០ដុល្លាប(ប្រាំមឺនដុល្លារ) ករណីនេះជំនាញយើងកំពុងស្នើសុំទៅព្រះអយ្យការដើម្បីបើកការស៊ើបអង្កេតបឋម ។
ប្រភពព័ត៌មានពីអ្នកភូមិបានឲ្យដឹង ក្រោយពីមានរឿងអាស្រូវនេះកើតឡើង អ្នកភូមិផងរបង ជាមួយបានសម្របសម្រួលជាមួយគ្រួសារនាង កាយ លីតា កុំឲ្យប្តឹងដែលទំនងជាចង់ ឲ្យមានការចរចាត្រូវគ្នានឹងឈានទៅដល់ផ្សំផ្គុំអ្នកទាំងពីរជាគូអនាគត ។ តែដោយភាគីបុរស ក្រោយពីសមត្ថកិច្ចដោះលែងឲ្យមានសេរីភាពវិញបានបកស្រាយជាមួយអ្នកកាសែតនិង មហាជនជាច្រើនថាខ្លួនមិនបានចាប់រំលោភនាង កាយ លីតា ទេនោះ ទើបភាគីខាងស្រីក្តៅស្លឹកត្រចៀក ដាក់ពាក្យបណ្តឹង ទាមទារជំងឺចិត្តចំនួន៥ម៉ឺនដុល្លារតែម្តងទៅ បំណាច់ស្អុយឈ្មោះគគ្រុកទៅហើយនោះ ។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកយកព័ត៌មានពីភ្នំពេញ នារសៀលថ្ងៃ ទី៦ ខែមិថុនា ឆ្នាំ២០១៨ ដោយមានប្រជាពលរដ្ឋគាំទ្រជាច្រើនគួរសមដែរនោះ អន្ទិត ស្រិល វណ្ណាបានបដិសេធថា ខ្លួន មិនបានប្រព្រឹត្តចាប់រំលោភនារីរងគ្រោះនោះទេ បើរំលោភមែនម៉េចនាងមិនស្រែក ម៉េចមិនមានស្លាកស្នាមសម្គាល់នៅខ្លួនប្រាណទាំងពីរនាក់? ចំពោះរូបភាព ក្រឡុកខ្លាឃ្លោក និងរូបភាពកកេរពោត គឺមានមែន តែពេលនោះលោកហាក់ដូចជាមិនដឹងខ្លួនទាល់តែសោះ ប្រៀបដូចត្រូវថ្នាំរបស់គេ ហើយបើលោកដឹងខ្លួនមែននោះមិនឲ្យនាងជាដៃគូថតរូបទុកគំរាម បង្ហោះក្នុងហ្វេសប៊ុកបែបនេះទេ ។
គួររំលឹកថា ទាក់ទិនរឿងនេះជាពិសេសរឿងហូបពោត គេឃើញនៅលើបណ្តាញសង្គមហ្វេសប៊ុក និងក្រុមនានា មានគេ បង្ហោះរូបភាព Troll ជាច្រើន ពាក់ព័ន្ធករណីព្រះសង្ឃស្រិល វណ្ណាហៅអៀម វណ្ណា ឆាន់ពោតជាមួយស្រីស្នេហ៍ ហើយកើតជារឿងរ៉ាវ ឈានដល់ចាប់ផ្សឹកព្រះសង្ឃបរាជិកនោះ។ក៏នៅមានរូបភាពជាច្រើនទៀត ត្រូវបានគេបង្ហោះឡើង រួមមាន៖ “ពោត ជាអាវុធប្រល័យលោក” ហូបពោតខុសបច្ចេកទេស “អ្នកវិទ្យាសាស្ត្រវ័យក្មេង ជាអ្នករកឃើញអាវុធប្រល័យលោក គឺកញ្ញា លីតា” “ផ្អាកឆាន់ពោតមួយរយៈ” “ស៊ីពោតស្ងោរ អាចនាំឲ្យខូចអនាគត ដូច្នេះមុននឹងស៊ី ត្រូវចេះប្រុងប្រយ័ត្ន” “តើមួយណាជាអាវុធប្រល័យលោក?” “កញ្ញា លីតា ស្ថាបនិករកឃើញអាវុធប្រល័យលោក” ជាដើម។
យ៉ាងណាមហាជនកំពុងនាំគ្នាតាមដានរឿងដ៏កក្រើកនេះថា តើសមត្ថងាចរកឃើញភាពយុត្តិធម៌ ជូនភាគីទាំងពីរបានទេ គ្រាដែល ស្រីប្រកាន់ ប្រុសប្រកែក ? ៕ ប្រាថ្នា