ព័ត៌មានទាន់ហេតុការណ៍៖

បើទទួលបានលទ្ធផលជាវិជ្ជមានលោកត្រាំនឹងអញ្ជើញគីម ជុងអ៊ុន ទៅកាន់សេតវិមាន

ចែករំលែក៖

ជំនួបនៅថ្ងៃទី១២ខែមិថុនា គឺជាការចាប់ផ្តើមនៃប្រវត្តិសាស្ត្រទំនាក់ទំនងរវាងកូរ៉េខាងជើង នឹងសហរដ្ឋអាមេរិក ហើយបើ កិច្ចពិភាក្សានោះទទួលបានលទ្ធផលល្អ លោកត្រាំនឹងអញ្ជើញមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ទៅបំពេញទស្សនកិច្ច អាមេរិក ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ សម្រាប់មេដឹកនាំកូរ៉េខាងជើង ។

ពាក់ព័ន្ធនឹងជំនួបនាពេលខាងមុខ ប្រធានាធិបតីអាមេរិក នឹងចាកចេញពី ប្រទេសកាណាដាទៅកានសិង្ហបុរី ដើម្បី ជួបជាមួយគីម ជុងអ៊ុន តាមការគ្រោងទុក។ សារព័ត៌មានស៊ីនហួបានដកស្រង់ ព័ត៌មាន ពីសេតវិមានឲ្យដឹងថា ប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ នឹងធ្វើដំណើរចេញពីប្រទេសកាណាដាផ្ទាល់តែម្តង ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលជាមួយប្រមុខ ដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅសិង្ហបុរី ដែលនឹងប្រព្រឹត្តទៅនាសប្តាហ៍ក្រោយ។

យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យសេតវិមានលោកស្រី សារ៉ាហ៍ សេនដឺស (Sarah Sanders) លោក ដូណាល់ ត្រាំ នឹងចាកចេញពីកិច្ចប្រជុំ ប្រទេសសេដ្ឋកិច្ចកំពូលទាំង ៧ ហៅកាត់ ថា G7 នៅកាណាដា នៅមុនរសៀលថ្ងៃ សៅរ៍ចុងសប្តាហ៍នេះ (ពេលវេលានៅក្នុង តំបន់) ដើម្បីធ្វើដំណើរទៅកាន់ប្រទេស សិង្ហបុរី សម្រាប់ជំនួបកំពូលជាប្រវត្តិសាស្រ្តជាមួយលោក គីម ជុងអ៊ុន នៅថ្ងៃអង្គារ សប្តាហ៍ក្រោយ។

គួរជម្រាបថា លោក ត្រាំ និងលោក គីម នឹងត្រូវជួបមុខគ្នានៅសណ្ឋាគារ ខាភែល ឡា (Capella Hotel) ស្ថិតនៅលើកោះ សេនតូសា (Sentosa) របស់សិង្ហបុរី នា វេលាម៉ោង៩ ព្រឹកថ្ងៃទី១២ ខែមិថុនា។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកអាចនឹងពិចារណាអញ្ជើញមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន មកបំពេញទស្សនកិច្ចនៅសេត វិមាន នៃរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេ រិក បើសិនជាជំនួបកំពូលនៅក្នុងប្រទេសសិង្ហបុរី ដំណើរការទៅដោយរលូន។

លោក ដូណាល់ ត្រាំ បានធ្វើការកត់ សម្គាល់បែបនេះ នៅក្រោយជំនួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ នៅឯសេតវិមានកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ។ ថ្លែងទៅកាន់អ្នកសារព័ត៌ មានប្រធានាធិបតីរូបនេះ បានលើកឡើង ដូច្នេះថា «អ្វីអាចនឹងកើតឡើងបន្ទាប់ពី កិច្ចប្រជុំដំណើរការទៅដោយរលូន ហើយ ខ្ញុំគិតថា វាអាចនឹងកើតឡើង»។ ជាងនេះ ទៅទៀត លោក ត្រាំ ក៏បានអះអាងដែរថា នៅក្នុងជំនួបជាមួយលោក គីម ជុងអ៊ុន កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមកូរ៉េជាផ្លូវការ អាចនឹងកើតមានឡើងក៏ថាបាន ដោយ លោកហៅវាថា ជាផ្នែកមួយនៃភាពងាយស្រួលក្នុងកិច្ចចរចា៕ ម៉ែវ សាធី


ចែករំលែក៖