ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់មិនដឹងមានវិបត្តិអី ចងកធ្វើអត្តឃាតនៅក្នុងបន្ទប់ជួល

ចែករំលែក៖

ភ្នំពេញ៖ នារីជាជាងអ៊ុតសក់ម្នាក់ធ្វើអត្តឃាតដោយចងកជាប់ទៅនឹងចម្រឹងបង្អួច ក្នុងបន្ទប់ជួលបន្សល់ទុកពាក្យប៉ុន្មានមាត់ និងរូបភាពបីសន្លឹកក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោងជិត១១យប់ ថ្ងៃសុក្រ ១០រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួលលេខ០០៣ ជាន់ទី១ ផ្លូវលេខ១០០៣ ស្ថិតក្នុងក្រុមទី៧ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ខាត់ សុម៉ាលី អាយុ២០ឆ្នាំ ជាអតីតបុគ្គលិកខារ៉ាអូខេប៉េសស្តារ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិជីពាង ឃុំមងរៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

បើតាមសម្តីពីនារីម្នាក់ដែលជាអ្នកជិតខាងសុំមិនបញ្ចេញឈ្មោះបានរៀបរាប់ប្រាប់ឲ្យដឹងថា នារីរងគ្រោះខាងលើបានមករស់នៅបន្ទប់ជួលកើតហេតុខាងលើតែម្នាក់ឯង អស់រយ:ពេលជាងមួយឆ្នាំមកហើយ ហើយពីមុនមកជនរងគ្រោះគឺជាបុគ្គលិកបម្រើការនៅហាងខារ៉ាអូខេប៉េសស្តារ តែមួយរយះពេលប៉ុន្មានខែមកនេះ នារីរងគ្រោះមិនបានទៅធ្វើការអ្វីនោះទេ។

ប្រភពដដែលបន្តថា កាលពីវេលាម៉ោង៦ល្ងាចថ្ងៃកើតហេតុ គាត់ឃើញនារីរងគ្រោះនិងមិត្តភក្តិស្រីម្នាក់ទៀត​ បានចេញទៅញ៉ាំអីនៅហាងមួយកន្លែងដែលនៅក្បែរកន្លែងកើតហេតុ។ លុះដល់ម៉ោងជាង១០យប់ នារីរងគ្រោះបានទូរស័ព្ទមកគាត់ឲ្យទៅយកនៅហាងក្បែរនោះ តែពេលនោះគាត់ក៏បានប្រាប់ទៅនារីរងគ្រោះវិញថា អត់មានអីជិះទៅយកទេ រួចនារីរងគ្រោះក៏បានតបមកវិញថា មិនអីទេចឹង ហើយក៏បិទទូរស័ព្ទទៅ។ ស្រាប់តែមួយស្ទុះក្រោយមក នារីរងគ្រោះក៏បានទូរស័ព្ទមកគាត់ម្តងទៀត ដោយសួរគាត់ថា «នៅកន្លែងណា ទំនេរអត់ ខ្ញុំមានរឿងពិបាកចិត្តចង់និយាយជាមួយបង ហើយនេះក៏ជាសម្លេងចុងក្រោយដែលបងបានឮ» ។ ពេលនោះគាត់ក៏មិនបានចាប់អារម្មណ៍ដែរ ព្រោះពីមុនមកនារីរងគ្រោះតែងតែនិយាយពាក្យនេះជារើយៗមកហើយ។ លុះដល់វេលាកើតហេតុ គាត់ក៏បានដើរទៅបន្ទប់របស់នារីរងគ្រោះដើម្បីនិយាយគ្នា ហើយខណ:ទៅដល់ឃើញទ្វារបន្ទប់មិនចាក់គន្លិះ ហើយហៅក៏មិនឆ្លើយ បន្ទាប់មកគាត់ក៏បានចូលទៅមើល ស្រាប់តែឃើញនារីរងគ្រោះបានយកខ្សែចងកសម្លាប់ខ្លួនជាប់នឹងចម្រឹងបង្អួចនៅក្នុងបន្ទប់ស្លាប់បាត់ទៅហើយ ភ្លាមនោះគាត់ក៏ស្រែកឆោឡោបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកនៅក្បែរខាងដូចជាសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍។

បើតាមសម្តីពីនារីជាមិត្តភក្តិដែលបានទៅញ៉ាំអីជាមួយនឹងជនរងគ្រោះបានរៀបរាប់ប្រាប់ឲ្យដឹងថា នាង និងជនរងគ្រោះជាមិត្តភក្តិនឹងគ្នាជាយូរមកហើយ ហើយនាងក៏អ្នកជិតខាងនឹងជនរងគ្រោះដែល ហើយកាលពីវេលាម៉ោង៦ល្ងាច នាងក៏បានហៅនារីរងគ្រោះទៅញ៉ាំអីជុំគ្នាជាមួយនឹងសង្សាររបស់នាងម្នាក់ទៀ តនៅហាងមួយកន្លែងដែលនៅក្បែរនោះ ព្រោះពួកគាត់ខានជុំគ្នាយូរហើយ ។ បន្ទាប់មកខណ:ដែលកំពុងតែញ៉ាំអីនារីរងគ្រោះក៏បានហៅបុរសម្នាក់ទៀតដែលជាសង្សារមកញ៉ាំអីនៅកន្លែងនោះដែរ។ លុះដល់ម៉ោងប្រមាណជា៩យប់ នាងនិងសង្សាររបស់នាងក៏បានចេញពីកន្លែងញ៉ាំអីនោះមុន នៅសល់តែនារីរងគ្រោះ និងបុរសជាសង្សារនារីរងគ្រោះតែ២នាក់ ។ រហូតដល់វេលាកើតហេតុ ក៏ស្រាប់តែមានអ្នកជិតខាងបានទូរស័ព្ទមកប្រាប់ថា នារីរងគ្រោះបានចងកសម្លាប់ខ្លួនស្លាប់បាត់ទៅហើយ។

គួរបញ្ជាក់ថា នៅក្នុងហេតុការណ៍ខាងលើនេះ គឺមិនមានអ្នកដឹងពីមូលហេតុច្បាស់លាស់ណាមួយដែលបណ្តាលឲ្យនារីរងគ្រោះតូចចិត្តគិតខ្លីរហូតដល់ថ្នាក់ធ្វើអត្តឃាតចងកសម្លាប់ខ្លួននោះទេ គឺគ្រាន់តែដឹងថានារីរងគ្រោះបានបង្ហោះពាក្យថា «អូនស្រលាញប្តីណាស់» អមនឹងរូបរបស់នារីរងគ្រោះជាមួយនឹងបុរសម្នាក់ទៀតចំនួន៣សន្លឹក នៅលើអាខោនហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នារីរងគ្រោះឈ្មោះថា Ma Ly កាលពីវេលាម៉ោង១០និង៤០នាទីយប់ ពេលវេលាមុនកើតហេតុ។

សមត្ថកិច្ចជំនាញចុះទៅកោសល្យវិច័យបានចុះមកត្រួតពិនិត្យទៅលើសពជនរងគ្រោះឃើញថា ពិតជាស្លាប់ដោយសារតែការចងកពិតប្រាកដមែន សពត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់នៅវត្តទឹកថ្លាដើម្បី រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យទៅតាមប្រពៃណី ៕ ជ្រោយពេជ្រ


ចែករំលែក៖