មិនមានមុខក្នុងការងារសិល្បៈអស់រយៈពេលជាយូរ តារាសម្តែង ឌុច សុភា លេខមុខក្នុងវីដេអូខ្លី ផ្សព្វផ្សាយរឿងភាគថ្មី ផ្កាថ្ម ដែលធ្វើឲ្យអ្នកគាំទ្រនាងភ្ញាក់ផ្អើលខ្លាំង ។ បើតាមការទម្លាយវីដេអូ Trailer នៅលើផេករស្មីហង្សមាស រឿងភាគចំណងជើងថា «ផ្កាថ្ម» គេសង្កេតឃើញមានតារាសម្ដែងល្បីៗជាច្រើនដួង បានចូលរួមសម្ដែងនៅក្នុងរឿងភាគល្អមួយនេះ ជាពិសេសមានវត្តមានសម្ដែងដោយអ្នកនាង ឌុច សោភា ផងដែរ ។
នាងបានបាត់មុខពីការសម្ដែងខារ៉ាអូខេ និងភាពយន្ដអស់រយៈពេលមិនតិចជាង៣ឆ្នាំនោះទេ ។ បទចម្រៀង ដែលតារាស្រីរូបនេះបានសម្ដែងចុងក្រោយគេមុនពេលបាត់មុខនោះគឺបទ“Call មកបងម្ដេចសុំលេខគេ”របស់ផលិតកម្មរស្មីហង្សមាសកាលពីឆ្នាំ២០១៤ ដែលជាច្រៀងដោយលោកព្រាបសុវត្ថិហើយក៏ជាបទ ដែលនិពន្ធទំនុកច្រៀងដោយលោក សុខ ចាន់ផល ផងដែរ ។ បង្ហាញមុខជាថ្មីម្ដងទៀតនោះបានធ្វើឲ្យអ្នកគាំទ្រអន្ទះសា និងអត់ទ្រាំរង់ចាំទស្សនារឿង «ផ្កាថ្ម» នៅមិនសុខបក់មិនល្ហើយ ។ អ្នកគាំទ្រភាគច្រើនលាន់មាត់ថា`« រង់ចាំការសម្ដែងរបស់ឌុចសុភាយូរណាស់ហើយ ។ មើលហើយមើលទៀតអត់ទ្រាំលែងបានព្រោះថា វាល្អមើលពេកអគុណហង្សមាស ដែលផលិតរឿង ដែលល្អល្អបែបនេះហើយជួយលើកស្ទួយវប្បធម៌ខ្មែរទៀតទ្រាំទ្ររហូត» ។
នៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីតារាស្រីរូបនេះបាននៅឡើយទេ ។ ប៉ុន្តែប្រភពពីអ្នកសិល្បៈលើកឡើងថា ការវិលមកសិល្បៈជាថ្មីនេះ មិនមែនបានន័យថា នាងអស់ទីពឹងនោះទេ គឺនាងមកដើម្បីបំពេញការស្នើសុំរបស់ផលិតករ អ្នកគាំទ្រ ហើយនាងផ្ទាល់ ក៏មិនចង់បណ្តោយឲ្យការសម្តែងរបស់នាងប្រែស្ងាត់ជ្រងំនោះដែរ ៕ វឌ្ឍនា