ភ្នំពេញ៖ កញ្ញា លីតា ដែលជាអតីតស្រីស្នេហ៍របស់អតីតចៅអធិការ ស្រិល វណ្ណា បានចេញវិដេអូថ្មីមួយទៀត នៅល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨។ នាងបានបកស្រាយ ដោយបដិសេធន៍ថា នាង និងម្តាយនាង មិនបានដាក់ថ្នាំសណ្តំលើអតីតសង្ឃនេះទេ។ ជាមួយគ្នានេះ កញ្ញា លីតា ក៏បានបង្ហាញឃ្លីបវិដេអូ និងសារជាសំឡេងជាច្រើន ដែលបង្ហាញពីសកម្មភាពរបស់អតីតសង្ឃបរាជិក និងទ្រូសសីល ស្រិល វណ្ណា ធ្វើមេក្លាខ្លោង ចាក់កន្ទុយលេខ ព្រមទាំងសារសងស្នេហាអូនបងជាមួយនាងផងដែរ។
នៅក្នុងវីដេអូឃ្លីបសំឡេងមានរយៈពេលជាង១០នាទីនោះ ទំនងជានាង លីតា បានរកអ្នកបច្ចេកទេសឲ្យកាត់សំឡេងនាងចេញ មុននឹងដាក់បង្ហោះ ពីព្រោះថា គេឮតែសំឡេងអន្ទិត វណ្ណា និយាយតែម្នាក់ឯង ដោយពោលពាក្យនឹកស្រឡាញ់នាង លីតា និងសំឡេងខ្លះនិយាយអំពីការចាក់កន្ទុយលេខ ។ គេមិនដឹងថា តើហេតុអ្វីបានជានាង លីតា មិនព្រមបញ្ចេញសារសំឡេងឆ្លើយឆ្លងដោយផ្ទាល់ បែរជាទុកសំឡេងអន្ទិត វណ្ណា តែម្នាក់ឯងឲ្យមហាជនបានស្តាប់នោះ ។
សូមរម្លឹកថា ទំនាស់រវាងអតីតព្រះសង្ឃបរាជិក ស្រិល វណ្ណា អតីតព្រះចៅអធិការវត្តភ្នំបាក់លើ និងជាអតីតអនុគណក្រុង សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវបានកញ្ញា លីតា បានបង្ហោះវិដេអូ និងរូបថត កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ បង្ហាញពីការស្នេហាផ្អែមល្ហែមរវាងនាង និងអតីតព្រះសង្ឃ ស្រិល វណ្ណា ទាំងខ្លួននៅគ្រងស្បង់ជីវរ។ ឃ្លីបវិដេអូនោះ ក៏បានបង្ហាញពីអតីតសង្ឃ ស្រិល វណ្ណា កាន់ពោត លិត និងបៀម បែបអាសអាភាសថែមទៀត។
ហេតុការណ៍នោះ ត្រូវបានថ្នាក់ដឹកនាំព្រះសង្ឃ និងមន្ទីរធម្មការ និងសាសនា ខេត្តបន្ទាយមានជ័យ ប្រជុំដោះស្រាយ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ ដោយមានទាំងឪពុកម្តាយ និងកញ្ញា លីតា រួមទាំងអតីតព្រះសង្ឃ ស្រិល វណ្ណា ចូលរួមទល់មុខគ្នា ជជែកដោះស្រាយ ហើយមានអ្នកកាសែតយ៉ាងច្រើន បានយកព័ត៌មាន និងថតផ្សាយផ្ទាល់ថែមទៀត។
ក្នុងពេលដោះស្រាយនោះ ខាងកញ្ញា លីតា បានអះអាងថា អតីតព្រះសង្ឃ ស្រិល វណ្ណា បានចាប់នាងរំលោភ កាលពីថ្ងៃទី១៨-១៩ ខែឧសភា ឆ្នាំ២០១៨ នៅក្នុងបន្ទប់របស់នាង ហើយបានសម្រេចថែមទៀត។ តែអតីតព្រះសង្ឃ ស្រិល វណ្ណា បានបដិសេធថា មិនមែនជាការចាប់រំលោភទេ តែជាការត្រូវរ៉ូវគ្នា ហើយមិនបានសម្រេចទេ។
យ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំព្រះសង្ឃ នៅខេត្តបន្ទាយមានជ័យ បានឲ្យខាងស្រី និងខាងប្រុស ដែលស្រីប្រកាន់ ប្រុសប្រកែកនេះ ផឹកទឹកសម្បថ មុននឹងចាប់ផ្សឹកអន្ទិត ស្រិល វណ្ណា។ ក្រោយពីផ្សឹករួច អន្ទិត ស្រិល វណ្ណា មិនត្រូវបានចាប់ខ្លួនទេ តែប៉ូលិសបាននាំទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីការពារសុវត្ថិភាព ក្រែងលោ មានប្រតិកម្មពីមហាជន។
កញ្ញា លីតា បានដាក់ពាក្យប្តឹងទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដោយប្តឹងអតីតសង្ឃ ស្រិល វណ្ណា ពីបទរំលោភសេពសន្ថវៈលើនាង ហើយទាមទារសំណង ៥ម៉ឺនដុល្លារ។
ប៉ុន្តែករណីនេះ ត្រូវបានអន្ទិត ស្រិល វណ្ណា អះអាងក្នុងបទសម្ភាសន៍ផ្សាយផ្ទាល់ផ្ទាល់តាមហ្វេសប៊ុក កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ ថា ខ្លួនត្រូវថ្នាំរបស់កញ្ញា លីតា ហើយធ្វើសកម្មភាពទាំងនោះ ទាំងមិនដឹងខ្លួន តាមការបង្គាប់បញ្ជារបស់កញ្ញា លីតា សាច់សខ្ចី។
យ៉ាងណាក៏ដោយ ការលើកឡើងរបស់អន្ទិត ស្រិល វណ្ណា ត្រូវបានមហាជនចាត់ទុកជាការដោះសារប៉ុណ្ណោះ ព្រោះថា បើមើលរូបថត និងវិដេអូ គឺជាទង្វើអសីលធម៌ ខុសវិន័យសង្ឃរបស់អន្ទិត ស្រិល វណ្ណា ខណៈដែលខ្លួននៅជាព្រះសង្ឃ គ្រងស្បង់ជីវរ បែរជាមានស្នេហា អូនបងជាមួយស្រីក្មេងសាច់សខ្ចី មានទាំងអោបថើប នៅក្នុងបន្ទប់តែពីរនាក់ ហើយថតរូបថែមទៀត។ មិនតែប៉ុណ្ណោះ ក៏មានរូបថត និងវីដេអូ លេងខ្លាឃ្លោក ភ្នាល់គ្នាស៊ីលុយ និងលេងកន្ទុយលេខទៀត។ នេះពិតជាយកព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ មកជាន់ឈ្លី ប្រព្រឹត្តអំពើពាលាអាវ៉ាសែ ជាសង្ឃពាល នាំឲ្យអាប់អោនដល់ព្រះពុទ្ធសាសនាយ៉ាងពិតប្រាកដ។
ដោយឡែក កញ្ញា លីតា វិញ ក៏មិនណយដែរ។ ខ្លួនជាស្រី ហើយនៅក្មេង សាច់សខ្ចី មិនខ្វះទេប្តី។ ហេតុអី ក៏ទៅលួចលាក់មានស្នេហាជាមួយព្រះសង្ឃ។ ប្រើសម្រស់ ពង្វក់ព្រះសង្ឃ រហូតដល់ឲ្យព្រះសង្ឃ ចូលដេកក្នុងបន្ទប់ ហើយថែមទាំងរួមរក្សគ្នាទៀត។ ករណីនេះ ច្បាស់ណាស់ថា មិនមែនជារឿងរំលោភសេពសន្ថវៈអ្វីទេ ព្រោះថា បើរំលោភ ដោយចាប់បង្ខំរួមភេទមែននោះ ហេតុអីនាងមិនស្រែក នាងមិនរករឿងអតីតសង្ឃទ្រូសសីលនោះ ក្រោយពីកើតរឿងភ្លាមៗទៅ? ហេតុអីទើបតែពេលនេះ ទើបនាង និងឪពុកម្តាយ ធ្វើជាឆោរឡោ បង្ហោះវិដេអូ ធ្វើឲ្យកក្រើកសង្គមកម្ពុជាទៅវិញ?
រឿងនេះមិនអាចលាក់បាំងបានទេ ហើយវានឹងលេចចេញនូវការពិតកាលពីអតីតកាលជាបន្តទៀត ។ គេជឿថា បុគ្គលទាំងពីរមានលួចលាក់ស្នេហាស៊ីជម្រៅរាប់ខែ រាប់ឆ្នាំណាស់មកហើយ ។ បើមិនយ៉ាងដូច្នោះ នាង លីតា ជាស្រីក្រមុំបរិសុទ្ធ មិនអាចចូលក្នុងបន្ទប់តែពីរនាក់ជាមួយសង្ឃដូចដែលបានបង្ហាញរូបភាពករណីលិឌពោតនោះបានទេ ។ ស៊ីជម្រៅដូចករណីលិឌពោត ។ ដូច្នេះវាមិនអាចនិយាយបានថា ជាការរំលោភបំពានលើរាងកាយអ្វីឡើយ ។ ផ្ទុយទៅវិញ ជាការព្រមព្រៀងរវាងភាគីទាំងពីរ ។ នៅត្រង់ចំណុចនេះ ភាគីទាំងពីរបានព្យាយាមមិននិយាយ ឬព្យាយាមលាក់បាំងរៀងខ្លួន ។ ប៉ុន្តែការពិត ប្រសិនបើភាគីទាំងពីរព្យាយាមឆ្លើយឆ្លងគ្នានោះ វានឹងលេចចេញនៅពេលណាមួយមិនខាន ។ នោះគឺការលេចចេញដែលបញ្ជាក់ថា ពួកគេរួមរស់ជាមួយគ្នាដូចប្តីប្រពន្ធរាប់ដងរាប់ភ្លេចទៅហើយ ។ ដូច្នេះបើនាងប្តឹងអំពីការចាប់រំលោភ ក៏វាពិបាកដែរ ។
សម្រាប់អន្ទិត វណ្ណា ការដែលព្យាយាមលាក់បាំងមិននិយាយអំពីរឿងជម្រៅនៃស្នេហានោះ ក៏ព្រោះតែខ្លាចរងនូវការរិះគន់ធ្ងន់ៗពីមហាជន ។ ប្រសិនបើនិយាយថាខ្លួនបានដេកនៅជាមួយនាង លីតា រាប់ភ្លេចមិនអស់នោះ វានឹងនាំឲ្យមានការរិះគន់កាន់តែខ្លាំងពីមហាជន និងធ្វើឲ្យខ្លួនបាត់បង់តម្លៃអស់ជំនឿពីមហាជននាពេលអនាគត ។ ដូច្នេះវាគ្រាន់តែជាការចង់រក្សាតម្លៃខ្លួនជាសង្ឃ ។ ប្រសិនបើអន្ទិតវណ្ណា ចង់ឈ្នះនាង លីតា នោះមុខជាបកអាក្រាតខ្ទិចខ្ទីរឿងដេកពូននោះទៅហើយ ។ ដូច្នេះ មិនចង់ឲ្យគេរិះគន់ខ្លួនជាសង្ឃដេកជាមួយស្រី ក៏ព្យាយាមលាក់បាំងការពិតត្រង់ចំណុចនេះ ។
អ្វីដែលអន្ទិត ស្រិល វណ្ណា កំពុងធ្វើ គឺហាក់ដូចជាកំពុងនៅឆ្ងាយពីរឿងរ៉ាវស្នេហាជាមួយនាង លីតា ។ សម្រាប់ក្រុមគ្រួសារនាង លីតា ការប្តឹងប្រាថ្នាយកប្រាក់៥ម៉ឺនដុល្លារ ឬ៥លានដុល្លារ មិនអាចជួសជុលប៉ះប៉ូវកិត្តិយសក្រុមគ្រួសារបានឡើយ ។
សរុបមក ទាំងអន្ទិត ស្រិល វណ្ណា និងទាំងកញ្ញា លីតា គឺច្បាស់ណាស់ថា អ្នកទាំងពីរ ចាញ់សម្បថ ដែលទេវតាបរាមុខអ្នកទាំងពីរយ៉ាងច្បាស់ តាមរយៈរឿងរ៉ាវ ដែលបែកធ្លាយនាពេលនេះឯង ។
នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកមិនគួរអត្ថាធិប្បាយដាក់កំហុសទៅលើបុគ្គលម្ខាងៗឲ្យហួសហេតុបានទេ ។ ការទម្លាក់កំហុសនាំឲ្យបុគ្គលម្ខាងៗ ដែលជាតួឯកក្នុងរឿងនេះអាចគិតខ្លីព្រោះតែភាពអាម៉ាស ឈានដល់ការធ្វើអត្តឃាត ឬយ៉ាងណានោះ វានឹងនាំឲ្យវិប្បដិសារីមិនខានឡើយ ៕ ហេង សូរិយា