ភ្នំពេញ ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីម្នាក់ បានសម្រេច ខណៈនាងកំពុងជិះម៉ូតូហើយទុកទូរស័ព្ទនៅឃ្លប់មុខ តែអកុសល់ត្រូវបានសមត្ថកិច្ចដេញចាប់បានម្នាក់ភ្លាមៗចំណែកម្នាក់ទៀតគេចខ្លួនបាត់ ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃអាទិត្យ ១២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិប៉ប្រ៉កជើង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។
ជនសង្ស័យម្នាក់ចាប់ខ្លួនបាន ឈ្មោះ សេរី ចំណាន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។ ចំណែកបក្ខពួកម្នាក់ទៀត ឈ្មោះ ថន អាយុប្រហែល១៨ឆ្នាំ ជាមិត្តភ័ក្រ ដៃគូរក្នុងសកម្មភាពល្មើស បានជិះម៉ូតូរត់គេចខ្លួនបាត់ ។ ចំណែកជនរងគ្រោះ ឈ្មោះ ផូង អុិចឆេងឡាំង ភេទស្រី អាយុ ១៨ឆ្នាំ ជានិស្សិតឆ្នាំទី១ សកលវិទ្យាល័យភ្នំពេញ មានទីលំនៅ ភូមិប៉ប្រ៉កជើង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។ រីឯទូរស័ព្ទ ដែលជនសង្ស័យធ្វើសកម្មភាពឆក់យក ម៉ាក I Phone 6 ពណ៌ទឹកមាស និងឧបករណ៍សម្រាប់សាកថ្មទូរស័ព្ទ ។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ ក្រោយពីនាងជួយរៀបឥវ៉ាន់ម្តាយ ក្នុងផ្សារសុិនជូរីហើយ ម្តាយបានប្រើឲ្យទៅយកសាច់ជ្រូក នៅភូមិប៉ប្រ៉កជើង ដើម្បីយកទៅលក់ ហើយទូរស័ព្ទ និងឧបករណ៍សាកថ្ម ដាក់នៅក្នុងឃ្លប់ម៉ូតូ និច ខាងមុខ ដោយជិះតាមផ្លូវសួនកុមារ ពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាក ហុងដា សេ១២៥ សេរី២០១៨ ពណ៌ខ្មៅ មិនចាំស្លាកលេខ តាមពីក្រោយ ហើយជនសង្ស័យជិះខាងក្រោយ ឈ្មោះ សេរី ចំណាន ជាអ្នកឆក់យកទូរស័ព្ទភ្លែត ស្រែកភ្លាម ពលរដ្ឋ និងកម្លាំងប៉ុស្តិ៍ ក្បែរនោះឃើញដេញចាប់បានម្នាក់ បក្ខពួកម្នាក់ទៀត បើកម៉ូតូរត់គេចទៅបាត់ ។
បើតាមជនសង្ស័យវិញ បានឲ្យដឹងថា មុនពួកគេធ្វើសកម្មភាព ក្រោយពីពួកគេចូលក្លឹប លុះចេញមកវិញ នាំគ្នាធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិ តាមផ្លូវតែម្តង ។
តាមប្រជាពលរដ្ឋបានឲ្យដឹងថា ជនសង្ស័យ មុខ ភិនភាគម្នាក់នឹងហើយ ដែលតែងតែធ្វើសកម្មភាព ឆក់ ទ្រព្យសម្បត្តិពលរដ្ឋតាមផ្លូវ រាល់ថ្ងៃ កន្លងមកចាប់មិនទាន់បាន លើកនេះ ប៉ូលីសល្បាតក្បែរនោះស្រាប់ ដេញចាប់បានម្នាក់ភ្លាមៗ ។
ក្រោយពីចាប់ខ្លួនបានជនសង្ស័យសកម្មខាងឆក់ លួច សមត្ថកិច្ចនាំខ្លួន ទៅសាកសួរនៅប៉ុស្តិ៍កាកាប១ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ចាត់ការបន្តតាមនីតិវិធី ៕ សុខាសែនជ័យ