ព័ត៌មានទាន់ហេតុការណ៍៖

កម្មវិធី SmartStart រដូវកាលទី២ បានរកឃើញក្រុមជ័យលាភីទាំងប្រាំ

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពីធ្វើឲ្យគណៈកម្មការវិនិច្ឆ័យចាប់អារម្មណ៏ជាមួយការបង្ហាញគំរូអាជីវកម្ម គំនិតផលិតផលឌីជីថល និងការធ្វើការងារជាក្រុម នៅក្នុងការប្រកួតប្រជែងវគ្គផ្ដាច់ព្រ័ត្រ នៃកម្មវិធី SmartStart: Young Innovator Program រដូវកាលទី២រួចមក ក្រុមចំនួនប្រាំបានឈ្នះប្រាក់ឧបត្ថម្ភចំនួន ៤,000ដុល្លារ និងទទួលបានការចូលរួមកម្មវិធីបណ្ដុះបណ្ដាលផ្នែកអាជីវកម្មដែលមានរយៈពេល៦ខែ ដើម្បីផ្លាស់ប្តូរគំនិតអាជីវកម្មរបស់ពួកគេឲ្យក្លាយទៅជាការពិត ។

ការប្រកាសជ័យលាភីនេះបានធ្វើឡើងកាលពីថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០១៨ នៅសណ្ឋាគារសាន់វ៉េ ។ តាមរយៈការផ្ដល់ដំបូន្មានពីអ្នកជំនាញនិងសិក្ខាសាលាដ៍ល្អិតល្អន់ក្នុងអំឡុងវគ្គ Hackathon Challenge នៅរាជធានីភ្នំពេញ និងការប្រកួតដំណាក់កាល Technopreneurship Challenge ក្នុងខេត្តបាតំបង កាលពីខែមេសា និង ឧសភាកន្លងមក ក្រុមចំនួន៣០មកពីជាង១០សាកលវិទ្យាល័យក្នុងប្រទេសកម្ពុជាត្រូវបានជម្រុះយកចំនួន១៥ក្រុម ។ ហើយក្រុមទាំងនោះបានបន្តធ្វើការបង្ហាញគំនិតអាជីវកម្មផ្នែកឌីជីថលរបស់ពួកគេនាថ្ងៃនេះ នៅមុខក្រុមគណៈកម្មការវិនិច្ឆ័យដ៍មានកិត្យានុភាព ដែលរៀបចំឡើងនៅសណ្ឋាគារសាន់វេក្នុងរាជធានីភ្នំពេញ ។ ជ័យលាភីទាំង៥ក្រុមនឹងបន្តទៅវគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង ដើម្បីប្រែក្លាយគំនិតទាំងនោះឲ្យក្លាយទៅជាអាជីវកម្ម ឬ ផលិតផលពិតៗ ។ ក្រុមទាំងប្រាំនឹងទទួលបានឱកាសប្រើប្រាស់ធនធាន ការប្រឹក្សាយោបល់ ការលើកទឺក ចិត្ត និងការធ្វើការរួមគ្នាផងដែរ ជាមួយនឹង ការគាំទ្រពី Impact Hub Phnom Penh និងក្រុមហ៊ុន Smart Axiata ។

លោកZoe Ng ដែលជានាយកគ្រប់គ្រង RainTree Cambodia បានមានប្រសាសន៍ថា៖ “ថ្ងៃនេះគណៈវិនិច្ឆ័យទាំងអស់ពិតជាកោតសរសើរ យ៉ាងខ្លាំងចំពោះគុណភាពនៃការធ្វើបទបង្ហាញទាំងអស់ និង ការប៉ុនប៉ងរបស់សិស្សានុសិស្សទាំងនេះ ក្នុងការប្រែក្លាយគំនិតដំបូងរបស់ពួកគេ ឲ្យក្លាយទៅជា គំរូអាជីវកម្មមួយ ។ លោកសូមទទូចដល់អ្នកដែលចូលរួមទាំងអស់ ឲ្យបន្តគំនិតរបស់ពួកគេនិងរួមចំណែកដល់វិស័យច្នៃប្រឌិតផ្នែកបច្ចេកវិទ្យាដែលកំពុងតែរីកចម្រើនយ៉ាងខ្លាំង ក្នុងប្រទេសកម្ពុជា” ។

ជ័យលាភីទាំងប្រាំក្រុមរួមមានទី១ ក្រុម Haystome គឺជាកម្មវីធីដែលភ្ជាប់ភ្ញៀវទេសចរ ជាមួយនិង សិល្បករក្នុងស្រុក ដើម្បីទទួលបានបទពិសោធន៏ទេសចរណ៏ដ៏កម្រ ។

ទី២ ក្រុម Malis គឺជាកម្មវិធីដែលអនុញ្ញាតឲ្យអតិចិជនកក់ការណាត់ជួបជាមួយហាងកែសម្ផស្ស ។ ទី៣ ក្រុម Tos Rean គឺជាកម្មវិធីដែលផ្គូរផ្គងនិស្សិត និង គ្រូបង្រៀន ។ ទី៤ក្រុម Homex គឺជាកម្មវិធីទូរស័ព្ទដែលអាចភ្ជាប់ជាងជួសជុលរាល់បញ្ហាដែលមានក្នុងផ្ទះជាមួយ និង អតិថិជន និងទី៥. ក្រុម SomJot គឺជាកម្មវិធីទូរស័ព្ទដែលជួយធ្វើឱ្យជីវិតកាន់តែងាយស្រួលសម្រាប់រាល់ម្ចាស់យាន្តជំនិះ និង កន្លែងចតយាន្តជំនិះចល័ត ។

លោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា និងលោកបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិកាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអបអរសាទរដល់អ្នកឈ្នះ ព្រមទាំងបានលើកទឹកចិត្តដល់យុវជនកម្ពុជាឲ្យចូលរួមក្នុងកម្មវិធី SmartStart នាពេលអនាគត ។ ក្រសួងទាំងពីរបានផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងចំពោះកម្មវិធី SmartStart ជាមួយនឹង ការខិតខំរបស់ ក្រុមហ៊ុន Smart Axiata និង Impact Hub Phnom Penh ដែលបានចូលរួមធ្វើឲ្យកម្មវិធីនេះ រីកចម្រើនទៅមុខ ។ ឆ្នាំនេះ កម្មវិធី SmartStart ទទួលបានការគាំទ្រ តាមរយៈពីថវិកាសំណងដែលក្រុមហ៊ុន Smart ទទួលបានពីមូលនិធិកសាងសម្ថតភាព និង ការស្រាវជាេវនិងអភិវឌ្ឍន៏ ។

នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata លោក ថូម៉ាស់ ហ៊ុន មានសេចក្តីសោមនស្សរីករាយចំពោះទេពកោសល្យដ៏ប៉ិនប្រសប់ដែលបានបង្ហាញនៅក្នុងពិធីប្រកួតវគ្គផ្ដាច់ព្រ័ត្រនាឆ្នាំនេះ ៖“SmartStart គឺជាកម្មវិធីដែលធ្វើឡើងជារៀងរាល់ឆ្នាំដែលខ្មុំតែងតែទន្ទឹងរង់ចាំ ដោយសារកម្មវិធីនេះអនុញ្ញាតឲ្យ យុវជនកម្ពុជាវ័យក្មេងជាច្រើន អាចបង្ហាញគំនិតនិងទេពកោសល្យល្អៗរបស់ពួកគាត់ ។ ក្រុមទាំង១៥នេះ គឺជាមោទនភាពរបស់ប្រទេសកម្ពុជា ។ ខ្ញុំសូមអបអរសាទរដល់ក្រុមនីមួយៗសម្រាប់ការខិតខំប្រឹងប្រែងនិងប្តេជ្ញាចិត្តរបស់ពួកគាត់ ក្នុងអំឡុងដំណាក់ការដំបូងទាំងពីរ នៃកម្មវិធីSmartStart ។ ”លោក ថូម៉ាស់បានបន្ថែមទៀតថា៖ “ក្រុមហ៊ុន Smart ជឿជាក់លើអ្នកច្នៃប្រឌិតវ័យក្មេងទាំងអស់នេះ និងមានមោទនភាពដែលបានចូលរួមដំណើរអាជីវកម្មបែបឌីជីថលរបស់ពួកគេ ។ Impact Hub Phnom Penh និងដៃគូផ្សេងទៀត ជាមួយពួកយើង នឹងបន្តធ្វើការជាមួយពួកគេជាច្រើនខែទៀតនៅពេលខាងមុខ ដើម្បីជួយធ្វើឲ្យគំនិតអាជីវកម្មរបស់ពួកគេក្លាយជាការពិត ។ ”

នៅចុងបញ្ចប់នៃកម្មវិធីបណ្ដុះបណ្ដាលរយៈពេល៦ខែ ក្រុមការងារដែលបង្ហាញពីវឌ្ឍនភាពខ្លាំងជាងគេនឹងទទួលបាន ដំណើរទស្សនកិច្ចទៅប្រទេសសិង្ហបុរីដើម្បីទស្សនាក្រុមហ៊ុនបច្ចេកវិទ្យាដូចជា Google, Microsoft, Facebook និង LinkedIn៕ វឌ្ឍនា


ចែករំលែក៖