ភ្នំពេញ៖ យុវជន៤នាក់ជិះម៉ូតូ២គ្រឿងចេញមកពីរាំលេងក្នុងក្លឹប ស្រាប់តែមានក្រុមក្មេងស្ទាវមួយក្រុមដេញគុប និងវាយធ្វើឲ្យភ័យជិះម៉ូតូជ្រុលទៅបុកកន្លែងលក់បាយឆារបួសធ្ងន់ស្រាល៣នាក់ និងខូចខាតសំភារះមួយចំនួនចំណែកក្រុមបង្កគេចខ្លួនបាត់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២ និង៣០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចមុខមន្ទីរពេទ្យរុស្ស៊ី ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។
ជនរងគ្រោះដែលរងរបួសទី១ឈ្មោះ សុខជាតិ ភេទប្រុសអាយុ១៨ឆ្នាំ ទី២ឈ្មោះ ស្រស់ ភេទប្រុស អាយុ១៨ឆ្នាំ អ្នកទាំង២ស្នាក់នៅសង្កាត់ទួលទំពូង ខណ្ឌចំការមន ។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុគេបាននាំគ្នាទៅចូលរាំលេងក្នុងក្លឹបស៊ីធី តាមបណ្តោយផ្លូវមុនីរ៉េតដោយមានគ្នា៧នាក់ជិះ និងម៉ូតូ២គ្រឿងដោយ៣នាក់ជិះកង់បី និង៤នាក់ជិះម៉ូតូ ខណះរាំចប់មិត្តភក្តិ៣នាក់ ក៏បានជិះកង់បីហើយពួកគាត់៤នាក់ទៀតជិះម៉ូតូ តាមក្រោយបំណងទៅស្នាក់នៅម្តុំផ្សារទួលទំពូង ដោយធ្វើដំណើរតាមបណ្តោយផ្លូវមុនីរ៉េត ឆ្ពោះមកផ្លូវលេខ៣៧១ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានក្រុមក្មេងទំនើងមានគ្នាប្រហែលជាង១០នាក់ជិះម៉ូតូ៥ទៅ៦គ្រឿង ប្រដាប់ដោយដុំថ្ម និងខ្សែក្រវាត់បានដេញមកវាយដោយភ័យពេក ក៏ជិះជ្រុលទៅបុក និងកន្លែងលក់បាយឆាបណ្តាលឲ្យរងការខូចខាត និងអ្នកលក់របួសម្នាក់ ដោយឡែកអ្នកជិះម៉ូតូរងរបួសធ្ងន់ ។
ក្រោយពេលកើតហេតុក្រុមបង្កបានគេចខ្លួនបាត់អស់ ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យរុស្សីភ្លាមៗចំណែកម៉ូតូត្រូវបានសមត្ថកិច្ចមកទទួលយកទៅរក្សាទុករងចាំដោះស្រាយជាមួយអ្នកលក់បាយឆាពេលក្រោយ ៕ សុខាសែនជ័យ