ខេត្តរតនគិរី៖ រថយន្តម៉ាកកាមរីគូទហើមបោះពួយយ៉ាងលឿន ខណៈមេឃកំពុងភ្លៀងលាយឡំ អាកាសធាតុខ្យល់ព្យុះខ្លាំងបានទៅបុកជាមួយនឹងម៉ូតូ ពីរនាក់ប្តីប្រពន្ធ បណ្តាលស្លាប់ម្នាក់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងរងរបួសធ្ងន់ម្នាក់ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៦និង៣០នាទីយប់ ថ្ងៃអាទិត្យ ១២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្លូវក្រាលកៅស៊ូវាលថ្មរំប្លង់ស្ថិតក្នុងភូមិតងកាម៉ាល ឃុំអូរជុំ ស្រុកអូរជំ ខេត្តរតនគិរី ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបររថយន្តបង្ករមានឈ្មោះស្មៀន ថៃ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិគ្រឹង មានទីលំនៅភូមិសាទុក ឃុំប៉ូយ ស្រុកអូរជុំ បើកបររថយន្តម៉ាកកាមារីហេីមសេរី៩៥ ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ ២B-០៣៦២ ។
ឯជនរងគ្រោះដែលស្លាប់ឈ្មោះ ម៉ាង ធន់ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិគ្រឹងជានគរបាល មានឋានៈនាយរងការិយាល័យ រស់នៅភូមិគោក ឃុំល្អក់ ស្រុកអូរជុំ ជិះម៉ូតូម៉ាកសុីរុស ពណ៌ខ្មៅជនរងគ្រោះម្នាក់ទៀត ត្រូវជាប្រពន្ធឈ្មោះ ឡញ រេល អាយុ៤០ឆ្នាំ ជនជាតិទំពួន រងរបួសបាក់ជេីងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តរតនគីរី ។
អ្នកបើកបររថយន្តបង្ករត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានបន្ទាប់ពីកើតហេតុជាបណ្តោះអាសន្ននៅអធិការដ្ឋាន ស្រុកអូរជុំ ក្រោមការសម្របសម្រួលដោយលោកជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរី ។
រថយន្ត និងម៉ូតូត្រូវសមត្ថកិច្ចយកមករក្សាទុកនៅបរិវេណអធិការដ្ឋាននគរបាល ស្រុកអូរជុំ ធ្វើកំណត់ហេតុ រង់ចាំចាត់ការតាមនីតិវិធី៕ ជីវ័ន្ត