ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត៤គ្រឿង ដែលចតគ្មានសណ្តាប់ធ្នាប់ និង ជនអនាថាដែលដេកតាមផ្លូវសាធារណៈម្នាក់ ត្រូវអាជ្ញាធរខណ្ឌដូនពេញ ឃាត់យកធ្វើកិច្ចសន្យាអប់រំណែនាំ

ចែករំលែក៖

ភ្នំពេញ៖ យោងតាមបទបញ្ជា លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ ស្តីពីការៀបចំសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋានខណ្ឌដូនពេញ នៅថ្ងៃច័ន្ទ ១៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ពស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែ មិថុនា ឆ្នាំ២០១៨ វេលាម៉ោង៨និង៣០នាទីព្រឹក លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជាឲ្យលោក យស យុទ្ធី អភិបាលរងខណ្ឌ និង លោក សាន ណារិទ្ធ ប្រធានប្រជាការពារស្តីទី ខណ្ឌ ដូនពេញ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បន្តចុះរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យ នៅតាមបណ្តោយផ្លូវសំខាន់ៗទាំង១១ខ្សែ ដែល លោក អភិបាលរាជធានីភ្នំពេញ បានឲ្យរដ្ឋបាលខណ្ឌចុះរៀបចំ ក្នុងនោះមាន៖ មហាវិថីព្រះមុនីវង្ស មហាវិថីសហព័ន្ធរុស្ស៊ី មហាវិថីព្រះនរោត្តម តីរៈវិថីព្រះស៊ីសុវត្ថិ ផ្លូវផ្លូវស៊ូស្រ៊ុន មហាវិថីសម្តេចសុធារស មហាវិថីព្រះសុរាម្រិត ផ្លូវលេខ៤៧ ផ្លូវលេខ ១៣ កែង ១៥៤ -៦៣-១៤២ ១១៩ និង ផ្លូវលេខ១០៦-១០៨-ល- ។

ក្នុងនោះរដ្ឋបាលខណ្ឌ បានបន្តធ្វើការប្រកាសផ្សព្វផ្សាយសេចក្តីជូនដំណឹងឲ្យបងប្អូនប្រជាពលរដ្ឋដែលចតយានយន្តគ្រប់ប្រភេទ នៅលើទ្រូងផ្លូវ ត្រូវចតឲ្យផុតពីចិញ្ចើមផ្លូវ ដើម្បីទុកផ្លូវសំរាប់ថ្មើរជើង ចំពោះបងប្អូនដែលប្រកបអាជីវកម្មផ្សេងៗ ត្រូវលក់តាមគំនូសដែលរដ្ឋបាលខណ្ឌ បានកំណត់ជូន និង រក្សារអនាម័យបរិស្ថានឲ្យបានស្អាត មានសោភ័ណភាព។

ជាលទ្ធផលនៃការចុះរៀបចំសណ្តាប់ធ្នាប់នេះ រដ្ឋបាលខណ្ឌ បានធ្វើកាឃាត់យានយន្ត ដែលចតគ្មានសណ្តាប់ធ្នាប់បានចំនួន០៤គ្រឿង រថយន្តដឹកទឹកកកចំនួន០១គ្រឿង រថយន្តដាក់តាំងលក់លេីជញ្ជេីមផ្លូវសាធារណៈ ចំនួន០៣គ្រឿង សំភារៈមួយចំនួន និង ជនអនាថាដែលដេកតាមផ្លូវសាធារណៈ ចំនួន០១នាក់ យកមករក្សាទុកនៅសាលាខណ្ឌដូនពេញ ដើម្បីធ្វើកិច្ចសន្យាអប់រំណែនាំ តាមនីតិវិធីច្បាប់ ៕ ស តារា


ចែករំលែក៖