ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ម្នាក់របួសធ្ងន់ដោយសាររថយន្តបុកម៉ូតូនៅក្រុងកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់បានស្លាប់នៅពេលបញ្ជូនដល់មន្ទីរពេទ្យ និង ម្នាក់ទៀតបានរងរបួសធ្ងន់ នៅក្នុងឧប្បតិហេតុគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយរថយន្តដឹកទំនិញ បុកជាមួយនឹងម៉ូតូ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១និង១៥នាទីរសៀល ថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចផ្លូវបំបែកជា៤ ចូលរោងចក្រអឺមវ៉េ ស្ថិតនៅក្នុងភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះនៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះ ១ ឈ្មោះ គង់ វីរ៉ា ភេទ ប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងខេត្ត កំពង់ឆ្នាំង រងរបួសធ្ងន់ និងបានស្លាប់នៅពេលបញ្ជូនដល់មន្ទីរពេទ្យ ។ ២ ឈ្មោះ នាង តារ៉ា ភេទប្រុស អាយុ ៣០ឆ្នាំរងរបួសធ្ងន់ រស់នៅភូមិ ឃុំដូចគ្នា ។

សមត្ថកិច្ចបានឲ្យដឹងនៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿង ម៉ាងហុងដាវ៉េវ ពាក់ស្លាកលេខ កំពង់ស្ពឺ ១B-៤០៥៨ ធ្វើដំណើរនៅលើផ្លូវជាតិលេខ៥ ក្នុងដំណើរពីត្បូងទៅជើង នៅពេលមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយនត្តដឹកទំនិញមួយគ្រឿងបើកក្នុងទិសដៅពីកើតទៅលិច ដោយមិនបានគោរពសិទ្ធិ បានបើកឆ្លងកាត់ផ្លូវទាំងមិនបានមើលគ្រប់ជ្រុងជ្រោយ បណ្តាលឲ្យបុកម៉ូតូអូសចូលក្រោមរថយន្ត ប្រវែងជាង៣០ម៉ែត្រទើបឈប់ ។

បណ្តាលឲ្យជនរងគ្រោះទាំង២នាក់នេះ បានរងរបួសធ្ងន់ធ្ងរ បែកក្បាលហូរឈាមទៅនឹងផ្លូវ ត្រូវបានរថយន្តសង្រ្គោះរបស់មន្ទីរពេទ្យខេត្តដឹកយកមកសង្រ្គោះនៅមន្ទីរពេទ្យខេត្ត ប៉ុន្តែដោយសារស្ថានភាពធ្ងន់ធ្ងរ បណ្តាលឲ្យយុវជនម្នាក់ឈ្មោះ ឈ្មោះ គង់ វីរ៉ា ភេទ ប្រុស អាយុ ២៦ឆ្នាំបានស្លាប់ នៅនឹងមន្ទីរពេទ្យ ដោយឡែកអ្នករងរបួសត្រូវបានបញ្ជូនបន្តទៅសង្រ្គោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។ ចំពោះអ្នកបើកបររថយន្តចុះពីលើរថយន្តបានរត់គេចខ្លួនបាត់ស្រមោល ។

ចំពោះមធ្យោបាយបង្កត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំងដើម្បីដោះស្រាយ តាមនីតិវិធី ៕ ចន្ថា

 

 


ចែករំលែក៖