ព័ត៌មានទាន់ហេតុការណ៍៖

G7 ប្រឈមនឹងវិវាទ ដោយអាមេរិកមិនចុះហត្ថលេខាលើសេចក្តីប្រកាសរួម

ចែករំលែក៖

វិវាទរវាងអាមេរិកនឹងប្រទេសនៅ ក្នុងG7 កាន់តែខ្លាំងឡើង នៅពេលដែល ប្រធានាធិបតីដូណាល់ ត្រាំ បានផ្លាស់ ប្តូរឥរិយាបថ ដោយសម្រេចមិនទទួល យកនូវសេចក្តីប្រកាសរួម ក្រោយកិច្ច ប្រជុំបានបញ្ចប់ នៅក្នុងប្រទេសកាណា ដា។

នៅលើយន្តហោះAir force One ឆ្ពោះទៅកាន់សិង្ហបុរី ដើម្បីជួបជាមួយ លោកគីម ជុងអ៊ុន លោកត្រាំបានសរសេរនៅលើបណ្តាញសង្គមTwitter របស់ លោកថា «ផ្អែកទៅលើសេចក្តីប្រកាស ខុសឆ្គងរបស់នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau ក្នុងសន្និសីទកាសែតរួម ក្រោយកិច្ចប្រជុំ នាយករដ្ឋមន្ត្រីកាណាដា កំពុងតែអនុវត្តការដំឡើងពន្ធដល់កសិករអាមេរិក ក៏ដូចជា ក្រុមហ៊ុន និងកម្មករ​របស់យើង។ ខ្ញុំបានបញ្ជាឲ្យតំណាង អាមេរិក មិនត្រូវទទួលនូវសេចក្តីប្រកាស រួមនោះឡើយ»។

វិវាទរវាងអាមេរិក នឹងប្រទេសជាសម្ពន្ធ មិត្ត កើតមានឡើងតាំងពីយូរណាស់មក ហើយ គ្រាន់តែមានហេតុផលតិចតួច ប៉ុណ្ណោះរបស់នាយករដ្ឋមន្ត្រីកាណាដា នឹងផ្ទុះឡើងជាធំភ្លាម។ ប្រធានាធិបតី អាមេរិកមិនពេញចិត្តទៅលើការខាតបង់ របស់អាមេរិកជាមួយប្រទេស G 7 នោះ ឡើយ។

ប្រធានាធិបតីដូណាល់ ត្រាំ បាន លើកឡើងថា នៅក្នុងចំណោមដៃគូប្រកួត ប្រជែង អាមេរិក ត្រូវទទួលរងនូវការខាត បង់ពាណិជ្ជកម្ម ជាច្រើនទសវត្សកន្លងមក ក្រៅពីប្រទេសចិន គឺជាប្រទេសសម្ពន្ធមិត្តដ៏ជិស្និទ្ធរបស់អាមេរិកនៅក្នុង G7 ។កាល ពីឆ្នាំទៅ អាមេរិក បានខាត បង់ពាណិជ្ជ កម្មជាមួយអឺរ៉ុបមានរហូតដល់ ១៤៦ ពាន់លានដុល្លារ ។ ចំណែកជា មួយចិន វិញមានរហូតដល់ទៅ ២០០ពាន់លាន ដុល្លារ និងជប៉ុន ៦៨,៨៥ពាន់លានដុល្លារ។

ក្រុមអ្នកឯកទេសវិភាគបានលើកឡើង ថា ជាមួយនឹងនយោបាយ សេដ្ឋកិច្ចពាណិជ្ជកម្មអាត្មានិយមរបស់លោកដូណាល់ ត្រាំ បានធ្វើឲ្យអាមេរិកនៅឯកាឃា្លតឆ្ងាយពី ប្រទេសសម្ពន្ធមិត្ត។ ចាប់តាំងពីអាមេរិក មានលោកដូណាល់ ត្រាំ ធ្វើជាប្រធានា ធិបតីមក ជំនួបកំពូលG៧ នៅកាណាដា ក៏ដូចជាជំនួបកំពូល G៧ នៅអុីតាលី នៅ ឆ្នាំមុន ឬក៏ដូចជំនួប G ២០ នៅប្រទេស អាល្លឺម៉ង់ គឺគ្មានសេចក្តីថ្លែងការណ៍រួម ដែលរឹងមាំបង្ហាញពីភាពចុះសម្រុងគ្នារវាងក្រុមប្រទេសមហាអំណាចលោកខាងលិចនោះទេ។ ធ្លាប់ជាមហាសេដ្ឋី អចលនទ្រព្យ លោកដូណាល់ ត្រាំ គិតដល់រឿងប្រយោជន៍ សេដ្ឋកិច្ច មុន ហេតុផលនយោបាយការ បរទេស។ បន្ទាប់ពីចិន លោកដូណាល់ ត្រាំ បានបែរមករករឿង សូម្បី កាណាដា ម៉ិចស៊ិក និងប្រទេសនៅសហភាពអឺរ៉ុប ដែលតាមពិតជាសម្ពន្ធមិត្តរបស់អាមេរិក ដូចដែលបាននិយាយ។ លោកត្រាំ បាន សម្រេចឲ្យគេដំឡើងពន្ធ២៥ភាគរយ លើ ដែកថែប ដែលនាំចូលពីអឺរ៉ុប កាណាដា និងម៉ិចស៊ិក។ ជំនួបកំពូល G ៧ លើកនេះ កត់សម្គាល់ ដោយសារការខ្វែងគំនិតគ្នាលើការដំឡើងពន្ធគយនេះតែម្តង។

នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃសៅរ៍ លោកដូណាល់ ត្រាំ បាននិយាយថា អាមេរិកធ្លាប់ចាញ់ប្រៀប ក្នុងការដោះដូរពាណិជ្ជកម្មជាមួយប្រទេសដទៃ (មិនថា សម្ពន្ធមិត្ត ឬគូប្រជែង)និងត្រូវបានគេចាត់ ទុកជាកូនជ្រូក សន្សំលុយ ដែលគេលួច កេងប្រយោជន៍រហូតមក។ ដោយនិយាយ សំដៅដល់កាណាដា ប្រទេសជិតខាង របស់អាមេរិកតែម្តង លោកដូណាល់ត្រាំ បាននិយាយថា ការដំឡើងពន្ធរបស់ កាណាដា លើទឹកដោះគោអាមេរិក ដល់ ទៅ២៥០ភាគរយ បានសម្លាប់ការងារ និង​កសិដ្ឋានរបស់អាមេរិក រហូតមក។ លោក បាន គំរាមរួចហើយថា បើសិនជា ប្រទេស ផ្សេង ដំឡើងពន្ធគយ ដាក់របាំងពន្ធបន្ថែមលើផលិតផលអាមេរិក នោះលោកក៏មិន អល់អែក ដើម្បីឈប់ធ្វើពាណិជ្ជកម្មជាមួយនឹងប្រទេសទាំងនោះដែរ។

ដោយសារលោកដូណាល់ ត្រាំ ជំនួប កំពូលក្រុមប្រទេសមហាអំណាចឧស្សាហកម្ម បានបិទបញ្ចប់ទៅជាមួយនឹងការបែកបាក់គ្នា គឺផ្ទុយស្រឡះពីជំនួបកំពូលស្តីពីប្រតិបត្តិការសន្តិសុខសៀងហៃ ដែល ប្រទេសចិន កំពុងរៀបចំនៅចំពេលជា មួយគ្នានឹង G៧។ ប្រទេសចិន ដែលជា ម្ចាស់ផ្ទះ បានប្រមូលផ្តុំក្រុមប្រទេសដែលជាគូសត្រូវ ឬគូប្រជែងរបស់ក្រុមប្រទេស G ៧ ដូចជា រុស្ស៊ី អុីរ៉ង់ បានបង្ហាញពីការ ចុះសម្រុង ល្អូកល្អិននឹងគ្នាខ្លាំងណាស់។ ទោះជាយ៉ាងណាក៏ដោយ ដូចមេដឹកនាំ របស់ក្រុមប្រទេស G ៦ ប្រធានាធិបតីចិន យល់ស្របថា គេត្រូវគោរពច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក ដើម្បី បើក សេដ្ឋកិច្ចពិភពលោក គឺមិនត្រូវ អនុវត្ត នយោបាយ បិទទ្វារ អត្មានិយមនោះទេ។

មិនតែប៉ុណ្ណោះ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំបានព្រមានដំឡើងពន្ធលើរថយន្តនាំចូលអាមេរិក ពីបណ្តាប្រទេសជា សម្ពន្ធមិត្តទៀតផង ។នៅក្នុងសន្និសីទ កាសែត កាលពីថ្ងៃសៅរ៍ ទី៩ ខែមិថុនា លោកដូណាល់ ត្រាំ បានបញ្ជាក់សាជាថ្មីថា បើសិនជាសង្រ្គាមពាណិជ្ជកម្មផ្ទុះឡើង នោះ អាមេរិកប្រាកដជាឈ្នះរាប់ពាន់ដង។ នៅថ្ងៃម្សិលមិញ នៅក្រោយលោកនាយក រដ្ឋមន្រ្តីកាណាដា ព្រមានពីគម្រោងដំឡើង ពន្ធ ដើម្បីប្រឆាំងតបនឹងអាមេរិក ចាប់ពី ខែកក្កដា លោកដូណាល់ ត្រាំ បាន និយាយថា លោកនឹងពិចារណាលើតម្លៃ ពន្ធលើរថយន្តនាំចូលទៅអាមេរិក។ គឺ ពន្ធលើតម្លៃរថយន្តនាំចូល ដែលជាសំណុំ រឿងសំខាន់ រវាងលោកដូណាល់ ត្រាំ ដោយមេដឹកនាំរបស់ក្រុមប្រទេស G ៦ ផ្សេងទៀត។ បើសិនរដ្ឋបាលលោកដូណាល់ ត្រាំ ដំឡើងពន្ធលើរថយន្តនាំចូលទៅអាមេរិកនោះ អ្នកដែលប៉ះពាល់ ខ្លាំងជាងគេ គឺ អាល្លឺម៉ង់ បន្ទាប់មក គឺជប៉ុន កាណាដា ម៉ិចស៊ិក និងចុងក្រោយ គឺកូរ៉េខាងត្បូង។ ត្រូវដឹងថា នៅឆ្នាំ ២០១៧ ក្នុងចំណោម រថយន្តប្រមាណ ១៧លានគ្រឿង លក់ ដាច់នៅលើទឹកដីអាមេរិក មានជាង ៨ លានគ្រឿងទៅហើយ ជារថយន្តនាំចូល។ អាល្លឺម៉ង់ និងជប៉ុន ដែលនាំចូលរថយន្តច្រើនជាងគេទៅអាមេរិក អាចប៉ះពាល់ រងគ្រោះខ្លាំងជាងគេ បើសិនអាមេរិកដំឡើងពន្ធលើរថយន្តនាំចូលទៅអាមេរិក។ ប៉ុន្តែ ដោយសារតែ ក្រុមហ៊ុនផលិតរថយន្តអាល្លឺ ម៉ង់ Mercedes BMW ឬ Nissan Honda របស់ជប៉ុន គឺសុទ្ធតែមានរោងចក្រដំឡើង និងផលិតរថយន្ត នៅអាមេរិក ពោលគឺ បានបង្កើតការងារធ្វើរាប់លានសម្រាប់ ប្រជាជនអាមេរិកនោះ សហរដ្ឋអាមេរិករបស់ លោកដូណាល់ ត្រាំ ក៏អាចបាត់បង់អត្ថ ប្រយោជន៍ដែរ។ ជាការពិត របាំងពន្ធ គយរបស់លោកដូណាល់ ត្រាំ ធ្វើឡើង ដើម្បីជំរុញ ការផលិតក្នុងស្រុកអាមេរិក ប៉ុន្តែ ជាមួយគ្នានោះ ក៏អាចសម្លាប់ការងារ របស់ប្រជាជនអាមេរិក ដែរ ព្រោះថា ក្រុមហ៊ុនផលិតរថយន្តរបស់អាល្លឺម៉ង់ ឬជប៉ុន អាចនឹងប្តូរទីតាំង និងបិទរោងចក្រនៅក្នុងទឹកដីអាមេរិក បើសិនអាមេរិកធ្វើសង្រ្គាមពាណិជ្ជកម្មជាមួយប្រទេសដទៃនោះ៕ ម៉ែវ សាធី


ចែករំលែក៖