ខេត្តសៀមរាប៖ មិនដឹងកម្មករសំណង់ម្នាក់ដេកស្លាប់ពីពេលណាទេ ទើបតែភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃព្រហស្សតិ៍ ២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចក្រុមទី២៧ ភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុង/ខេត្តសៀមរាប ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ លឿម លត់ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរជាងសំណង់ មានស្រុកកំណើតភូមិជ្រេស ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប បានមកធ្វើការសំណង់ ហើយជួលផ្ទះស្នាក់នៅ ភូមិគ្រួស សង្កាត់កើតហេតុខាងលើ ។
បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញ លោកគ្រូពេទ្យ កម្លាំងប៉ុស្តិ៍ និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យកន្លែងកើតហេតុ និងធ្វើកោសល្យវិច័យពិនិត្យសាកសព ការពិនិត្យពុំឃើញមានស្នាកស្នាមអ្វីដែលពាក់ពន្ធ័នឹងបទល្មើសព្រហ្មទណ្ឌឡើយ ។
ឆ្លងតាមការពិនិត្យនិងកោសល្យវិច័យ លោកគ្រូពេទ្យបានសន្និដ្ឋានថា ការស្លាប់របស់ជនរងគ្រោះគឺបណ្តាលមកពីគាំងបេះដូង(ស្ទះសរសៃឈាមបេះដូង) ។ ក្រោយពីពិនិត្យរួច សពជនរងគ្រោះបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី ៕ ប៊ុនរិទ្ធី