ព័ត៌មានទាន់ហេតុការណ៍៖

ឈ្មួញកាយដីក្រហមនៅចំការពូជឈើធ្នង់ ស្រុកស្វាយលើ អាជ្ញាធរថាកាយយកទៅធ្វើផ្លូវ

ចែករំលែក៖

ខេត្តសៀមរាប៖ ឈ្មួញម្នាក់បានដាក់គ្រឿងចក្រចូល ទៅកាយយកដីក្រហមនៅក្នុងចំការពូជឈើធ្នង់អស់ប្រមាណជាជិតមួយហិតា ហើយតំបន់នោះដែរ គេឃើញមានការគ្រប់គ្រងយ៉ាងរឹងតែងពីសំណាក់កម្លាំងចម្រុះនៅស្រុកស្វាយលើ ប៉ុន្តែករណីនេះ អាជ្ញាធរបានប្រាប់ថា គេកាយយកអាចម៍ដីក្រហមទៅធ្វើផ្លូវ ។

ប្រភពដដែលបានបន្តថា ការបើកភ្លើងខៀវឲ្យឈ្មួញកាយយកអាចម៍យកទៅលក់ក្រោមលេសថាយកដីក្រហមទៅធ្វើផ្លូវ ។ តែតាមការពិតគេបានយកដីក្រហមនៅព្រៃចំការពូជឈើធ្នង់ទៅចាក់លក់នៅតាមផ្ទះ និងមួយចំណែកតូចយកមកចាក់ធ្វើផ្លូវ ហើយក្នុងការធ្វើផ្លូវនោះក៏មានយកថវិកាជាតិមកធ្វើដែរ ។

ប្រជាពលរដ្ឋបានបញ្ជាក់ថាមិនគួរណា សមត្ថកិច្ចដែលមានតួនាទីយាមកាមនៅទីនោះ ហ៊ានបើកដៃឲ្យឈ្មួញចូលមកកាយយកដីក្រហមក្នុងតំបន់ហាមឃាត់ចឹងសោះឡើយ តែបើពលរដ្ឋដើរជិតនោះក៏ដេញចាប់តែម្តងដោយចោទពីបទឈូសឆាយដីព្រៃរបស់រដ្ឋជាដើម ។

លោក ម៉ែន វុទ្ធី ហៅឡយ នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ បានឲ្យដឹងថា រឿងហ្នឹងលោក គឺលោក ខូ សុផាន់នី អាជ្ញាធរស្រុកស្វាយលើ ជាអ្នកស្នើសុំកាយយកដីក្រហមក្នុងចំការពូជឈើធ្នង់ទៅចាក់ក្រាលផ្លូវនៅរលំទូក ។ ចំណែកខាងស្រុកគេដឹងដែរតើ និងបានសុំគោលការណ៍ទៅថ្នាក់លើផងដែរ ។ លោកបន្ថែមថា បើចង់ដឹងច្បាស់សួរទៅលោក ខូ សុផាន់នី ទៅដឹងហើយ ។

លោក ខូ សុផាន់នី ដែលជាអាជ្ញាធរស្រុកស្វាយលើ មិនអាចសុំការពន្យល់បានទេនៅរសៀលថ្ងៃព្រហស្សតិ៍ ២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ ។ ចំណែកលោក ស៊ិក ប៊ុនសិន អភិបាលស្រុកស្វាយលើ បានប្រាប់តាមទូរស័ព្ទថា លោកកំពុងជាប់ប្រជុំ ប៉ុន្តែលោកថានិយាយបាន តែដល់ប្រាប់ថាអ្នកកាសែតស្រាប់តែថា ជាប់រវល់ទៅវិញ រួចលោកក៏បិទទូរស័ព្ទទៅ ទំនងជាមិនហ៊ានបកស្រាយ ៕ ប៊ុនរិទ្ធី


ចែករំលែក៖