ភ្នំពេញ៖ អ្នកវិនិយោគជនជាតិចិនចំនួនពីរនាក់ និង ជនជាតិ កូរ៉េម្នាក់ បានដាក់ពាក្យបណ្តឹងដាច់ដោយឡែកៗពីគ្នា ទៅ តុលាការ ដែលមានកម្មវត្ថុប្តឹងអតីត ឧកញ៉ា ហូ ចំរើន ពីបទ ស៊ីដាច់លុយ ជាង២០០ លានដុល្លារ អាមេរិក ។ ស៊ីដាច់ លុយ នេះ គឺ តាមរូបភាពអភិវឌ្ឍន៍មន្ទីរពេទ្យទំនើប នៅ ទីក្រុង តាខ្មៅ និង គម្រោងអភិវឌ្ឍន៍ មួយចំនួនទៀត ។
លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានី ភ្នំពេញ បានចេញដីកាកោះ អញ្ជើញដើមបណ្តឹងម្នាក់ ឱ្យចូលបំភ្លឺ នៅថ្ងៃទី២៥ ខែមិថុនា ខាងមុខនេះ ។ ពាក្យបណ្តឹង នេះ បានកើតឡើង ក្រោយពេលដែល អតីតឧកញ៉ា ហូ ចំរើន ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេច ឃុំខ្លួនដាក់ពន្ធនាគារ ពីបទ គំរាមកំហែងថានឹងសម្លាប់ និង បទប្រើប្រាស់អាវុធខុសច្បាប់ ។
លោកហូ ចំរើន អាយុ៣៨ឆ្នាំ ជាមន្ត្រីយោធាក្រសួងការពារជាតិថ្នាក់ឧត្តមសេនីយ៍ឯកត្រូវបានព្រះមហាក្សត្រតែងតាំងជាឧកញ៉ានៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨និងមានមុខងារជាទីប្រឹក្សាថ្នាក់ដឹកនាំកំពូល។ ប៉ុន្តែក្រោយពេលជាប់ឃុំនៅពន្ធនាគារព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងទាំងអស់រាប់ទាំងមុខងារជាឧកញ៉ាផង។
លោកហូចំរើនត្រូវបានកម្លាំងសមត្ថកិច្ចក្រសួងមហាផ្ទៃបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៨ដើម្បីសាកសួរករណីបាញ់បោះគំរាមកំហែងឪពុកម្ដាយក្មេកកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨កន្លងទៅនៅភូមិគ្រឹះស្ថិតនៅភូមិព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ ៕ ចេស្តា