ព័ត៌មានទាន់ហេតុការណ៍៖

សំណុំរឿងកាត់តរថយន្តខុសច្បាប់នៅខណ្ឌឫស្សីកែវស្ងាត់ឈឹង ខណៈស្ថាប័នអយ្យការ និងមន្ត្រីជំនាញមិនឆ្លើយសំណួរអ្នកកាសែត

ចែករំលែក៖

ភ្នំពេញ ៖ ទីបំផុតសំណុំរឿងចុះបង្ក្រាប ទីតាំងកាត់ត និងដំឡើងរថយន្តខុសបទដ្ឋាន បច្ចេកទេសដោយខុសច្បាប់នៅសង្កាត់ ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨កន្លង ទៅនោះហាក់ស្ងាត់បាត់ដំណឹងសូន្យឈឹង មិនឮដំណឹងអ្វីទៀតឡើយអំពីនីតិវិធី។ ខណៈលេចឮព័ត៌មានថា មេការយានដ្ឋាន ត្រូវបានដោះលែងឲ្យមានសេរីភាពវិញ ដោយមិនចាំបាច់បញ្ជូនទៅតុលាការ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីបានឃាត់ខ្លួនដោយមានការឯកភាពពីលោក ហោ លីណា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញជនសង្ស័យឈ្មោះ ឃឹន បញ្ញា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ជាមេការយានដ្ឋានកាត់ត និង ដំឡើងរថយន្តខុសច្បាប់ត្រូវបានបញ្ជូនខ្លួនទៅកាន់នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃដើម្បីសាកសួរ។ ក្រោយសាកសួររួចជនសង្ស័យជាមេការរូបនោះមិនត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីបន្តនីតិវិធីតាមច្បាប់នោះទេ ។

ពាក់ព័ន្ធនឹងបន្តនីតិវិធីនៃសំណុំរឿង នេះភ្នាក់ងារកាសែតនគរវត្តព្យាយាមទាក់ទងលោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃតាមទូរស័ព្ទដែរ ប៉ុន្តែទូរស័ព្ទរបស់លោកត្រូវជំនួយការ លោកឆ្លើយជំនួសថា លោកឧត្តមសេនីយ៍ ជាប់ប្រជុំ។ ចំណែករឿងចុះបង្ក្រាបបទល្មើសខាងលើនោះសូមទៅសួរខាងតុលាការ ។

ចំណែកលោក ហោ លីណា ព្រះរាជ អាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបដិសេធឆ្លើយសំណួររបស់អ្នកសារ ព័ត៌មានលើសំណុំរឿងនេះដោយបញ្ជាក់ តាមក្រឡាបញ្ជីលោកថា ឲ្យអ្នកកាសែត ទៅសួរមន្ត្រីជំនាញវិញ ។

ដោយឡែកលោកព្រះរាជអាជ្ញារង លី សុផាណា អ្នកនាំពាក្យស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញក៏មិនឆ្លើយ សំណួរអ្នកកាសែតពាក់ព័ន្ធចំណាត់ការនៃ សំណុំរឿងនេះដូចគ្នា ។

សូមជម្រាបជូនថា កម្លាំងនគរបាល នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាន នាយកដ្ឋានបានសហការជាមួយកម្លាំង នគរបាលការិយាល័យនគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ចរាជធានីភ្នំពេញ និង អាជ្ញាធរមូលដ្ឋានក្រោមការសម្របសម្រួលនីតិវិធីពីលោក ហោ លីណា ព្រះរាជអាជ្ញា រងនៃអយ្យការអមសាលាដំបូងរាជធានី ភ្នំពេញកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ បានចុះបង្ក្រាបបទល្មើសកាត់ត និងដំឡើងរថយន្តខុសបទដ្ឋានបច្ចេកទេសខុសច្បាប់មួយកន្លែងនៅស្ថិតនៅឃ្លាំងលេខ១៥B ផ្លូវលេខ៥៩៨ ភូមិទួលគោក សង្កាត់ទួល សង្កែ ខណ្ឌឫស្សីកែវ មានម្ចាស់ឈ្មោះអោក សំអ័ង និងមេការឈ្មោះ ឃឹន បញ្ញា។

ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបនោះកម្លាំងសមត្ថកិច្ចចម្រុះបានត្រួតពិនិត្យឆែកឆេរ ជាក់ស្តែងរកឃើញរថយន្តចំនួន១០គ្រឿងក្នុងនោះរថយន្តបានដំឡើងរួចចំនួន៥គ្រឿង (ម៉ាកឡិចសុីស៣គ្រឿង, ម៉ាកកាមរីហាយ ប្រ៊ីដ១គ្រឿង, ម៉ាកហាយឡេនឌ័រ១គ្រឿង) និងចំនួន៥គ្រឿងទៀតដំឡើងពុំទាន់រួច (ម៉ាកឡិចសុីស២គ្រឿង, ម៉ាកកាមរីហាយ ប្រ៊ីដ១គ្រឿង, ម៉ាកកាមរីព្រូស២គ្រឿង) ។

ចំពោះវត្ថុតាងទាំងអស់ខាងលើលោកព្រះរាជអាជ្ញារងបានសម្រេចឲ្យបិទសៀលរក្សាដាក់ទុកក្នុងយានដ្ឋានខាងលើចំនួន ៥គ្រឿង (រថយន្តដំឡើងពុំទាន់រួច) និង ចំនួន៥គ្រឿងដែលបានដំឡើងរួចបានដកហូតយកមករក្សាទុកនៅនាយកដ្ឋាន ៕ ហេង នរិន្ទ្រ


ចែករំលែក៖