ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្តមកពីខេត្តងោកមួយភាំងជ្រុលបុករថយន្តគេឈប់ចាំភ្លើងស្តុបខ្ទេចមុខ

ចែករំលែក៖

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ បើករថយន្តមកពីផ្លូវឆ្ងាយងោកមួយភាំងបានបើករថយន្តទៅមុខទាំងភ្លើងស្តុបនៅក្រហមបានរេចង្កូតមកខាងឆ្វេងចូលមកផ្លូវម្ខាងទៀតបញ្ច្រាសផ្លូវចរាចរជ្រុលទៅបុករថយន្តមួយគ្រឿង ដែលឈប់ចាំភ្លើងស្តុបពេញទំហឹង បណ្តាលឲ្យរងការខូតខាតផ្នែកខាងមុខយ៉ាងដូចគ្នា តែមិនបង្កឲ្យមានអ្នកណារងរបួស ។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៦និង៣០នាទីយប់ ថ្ងៃព្រហស្បតិ៍ ២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវម៉ៅសេទុង កែងនិងផ្លូវ១៨២ ស្ថិននៅក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសវ័យចំណាស់ម្នាក់ បើករថយន្តមួយគ្រឿងម៉ាកតូយ៉ូតាកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2W-9257 មកពីខេត្តសៀមរាប មកទីក្រុងភ្នំពេញបានធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់កន្លែងកើតហេតុ ដែលមានភ្លើងស្តុប ហើយម្ចាស់រថយន្តបង្កមិន បានឈប់នោះទេបានបើករថយន្តទាំងងងុយដេកនិងបំពានភ្លើងស្តុបនៅក្រហមរួចបានរេចង្កូតមកខាងឆ្វេងដៃចូលមកចំណីផ្លូវម្ខាងទៀតបញ្ច្រាសផ្លូវ ចរាចរជ្រុលទៅបុកចំពីមុខរថយន្តមួយគ្រឿងទៀតម៉ាកឡិចស៊ីស LX៤៧០ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2J-9229 បើកបរដោយបុរសម្នាក់បញ្ច្រាសទិសដៅគ្នាពេញទំហឹង បណ្តាលឲ្យរថយន្តទាំងសងខាងខូចខាតផ្នែកមុខយ៉ាងដូចគ្នា តែមិនបង្កឲ្យមានអ្នកណារងរបួសឡើយ ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករង់ចាំដោះស្រាយនៅពេលក្រោយ៕ ជ្រោយពេជ្រ


ចែករំលែក៖