ខេត្តព្រះសីហនុ៖ មានករណីរថយន្តដឹកកម្មករបុកប៉ះគ្នាបណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសរបាយការណ៍ពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បញ្ជាក់ថានៅថ្ងៃសុក្រ ៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ០៦និង៤០នាទី លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៩៧-១៩៨ ស្ថិតនៅក្នុងភូមិអូរឧកញ៉្ញាហេង ឃុំអូរឧកញ៉្ញាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
សមត្ថកិច្ចឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយ រថយន្ត ០១គ្រឿងម៉ាក HYUNDAI ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2H-5382 ដឹកកម្មករ (អ្នកបើកបរមិនទាន់ស្គាល់ឈ្មោះ) បានបុកពីខាងក្រោយរថយន្ត ០១គ្រឿងម៉ាក SSANGYONG ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 2F-8521 បើកបរដោយឈ្មោះ សាត គង្គា ភេទ ប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិព្រៃនប់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដឹកកម្មករ មានទិសដៅស្របគ្នា ។
គ្រោះថ្នាក់នេះ បណ្ដាលឲ្យស្លាប់មនុស្ស ០១នាក់ស្រី និង រងរបួសមនុស្សចំនួន ០៣នាក់ស្រី ០២នាក់៖
១-ឈ្មោះ រ៉ា វី ភេទ ស្រី អាយុ ២៥ឆ្នាំ មុខរបរ កម្មការីនីរោងចក្រ មានទីលំនៅភូមិព្រែកផ្អាវ ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ស្លាប់នៅនឹងកន្លែងកើតហេតុ បានប្រគល់ជូនទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
២-ឈ្មោះ ហ៊ុច ណែត ភេទ ស្រី អាយុ ២៦ឆ្នាំ មុខរបរ កម្មការីនីរោងចក្រមានទីលំនៅភូមិព្រៃនប់១ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រងរបួសធ្ងន់ ។
៣-ឈ្មោះ ឃុន វិបុល ភេទ ប្រុស អាយុ ២៧ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិព្រៃនប់១ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រងរបួសធ្ងន់ ។
៤-ឈ្មោះ អ៊ុន សុភាន ភេទ ស្រី អាយុ ៣០ឆ្នាំ មុខរបរ កម្មការីនីរោងចក្រ មានទីលំនៅភូមិអូរឧកញ៉្ញាហេង ឃុំអូរឧកញ៉្ញាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រងរបួស ធ្ងន់ ។
អ្នករងរបួសទាំងអស់បានបញ្ជូនទៅព្យាបាលនៅគ្លីនិកវាលរេញ ។
ចំណែកអ្នកបើកបររថយន្តបង្ករត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ ។
វត្ថុតាងរថយន្តចំនួន២គ្រឿងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ៕ ឆ្លាម សមុទ្រ