ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ប្រជាពលរដ្ឋក្នុងភូមិទទារ សង្កាត់ចេក ក្រុងស្វាយរៀងជាង៤០០នាក់បាននាំគ្នាសស្រាក់សស្រាំធ្វើពិធីបុណ្យហែឡើង អ្នកតានៅទួលត្រពាំងព្រៃខ្លា ដែលជាទំនាមទំលាប់ប្រពៃណីជាយូរយារណាស់មកហើយ ដើម្បីរំលឹកដល់អ្នកតា ដែលមានបារមី និងបន់ស្រន់សូមឲ្យអ្នកភូមិមានសេចក្ដីសុខសប្បាយគ្រប់ៗគ្នា ។
ជាក់ស្ដែងកាលពីរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ អ្នកភូមិទទារក៏ដូចជាលោកតាលោកយាយជិតឆ្ងាយប្រមាណជាង៤០០នាក់ បាននាំគ្នាធ្វើពិធីបុណ្យហែឡើងអ្នកតាក្នុងទួលត្រពាំងព្រៃខ្លា ដែលជាទីកន្លែងមានបារមីគោរពបូជារបស់ពុទ្ធបរិស័ទ និងអ្នកភូមិបន់ស្រន់សុំសេចក្ដីសុខចម្រើន ។
យោងតាមលោកតា សូរ កាយ អាយុ៨៧ឆ្នាំ ដែលមានទីលំនៅក្នុងភូមិទទារ សង្កាត់ចេក ក្រុងស្វាយរៀងបានរៀបរាប់ពីប្រវត្តិសង្ខេបរបស់ទួលត្រពាំងព្រៃខ្លា ប្រាប់ដល់កូនចៅ ក៏ដូចជាអ្នកភូមិប្រុសស្រីថា កាលពីដើមឡើងទីទួលនេះសំបូរដោយព្រៃគុម្ភឡើងក្រាស់ក្រែល និងមានសត្វជាច្រើនព្រមទាំងមានសត្វខ្លា១គូនៅជាប្រចាំ ខណៈ ដែលអ្នកភូមិជាច្រើននាក់នាំគ្នាអុជធូបដើម្បីសុំខ្ចីចានឆ្នាំងផងដែរ ។
មិនតែប៉ុណ្ណោះនៅទួលនេះ គឺមានស្រះត្រពាំងទឹកមានពណ៌ខ្មៅជុំវិញព្រមទាំងមានត្រីធំៗ ដោយនៅពេលយប់អ្នកភូមិមិនហ៊ានមកព្រៃនេះទេ ព្រោះកណ្ដាលអធ្រាតគេឃើញមានភ្លើងទេវតាយ៉ាងធំហោះនៅលើទួលនេះ ។
ចំណែកឯចោរ ដែលបានលួចក្របីអ្នកស្រុកដើរកាត់មកទីទួលនេះ គឺវង្វេងផ្លូវហើយដោយរកផ្លូវចេញមិនឃើញ ដោយម្នាក់ៗភ័យរត់យកព្រះអាយូសរៀងៗខ្លួន ព្រោះសំបូរព្រៃក្រាស់ ដូចនេះហើយទើបអ្នកភូមិមានជំនឿជារៀងរាល់ឆ្នាំ តែងតែនាំគ្នាធ្វើពិធីឡើងអ្នកតាសុំសេចក្ដីសុខរហូតដល់បច្ចុប្បន្ននេះផងដែរ ។
សូមបញ្ជាក់ថាជា រៀងរាល់ឆ្នាំនៅទួលត្រពាំងព្រៃខ្លាស្ថិតក្នុងភូមិទទារ សង្កាត់ចេក ក្រុងស្វាយរៀងនេះគឺអ្នកភូមិក៏ដូចជាអាជ្ញាធរមូលដ្ឋានតែងតែរៀបចំធ្វើពិធីបុណ្យឡើងអ្នកតាមិន ដែលខានឡើយព្រោះជឿលឺអបិយជំនឿ និងបន់ស្រន់សុខសប្បាយគ្រប់ៗគ្នាដោយនៅឆ្នាំនេះគឺធ្វើពិធីធំជាងឆ្នាំមុនដោយមានភ្លេងលេងដល់អ្នកភូមិប្រុស ស្រីរាំលេងសប្បាយដល់យប់ជ្រៅផងដែរ ៕ យឹម សុថាន