ភ្នំពេញ ៖ នៅវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃអាទិត្យ ៥កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបង្កឡើងដោយ រថយន្តដឹកដែកមួយគ្រឿងបានបើកបរលឿនជាន់ហ្រ្វាំងមិនស៊ីបានទាញ់ចង្កូតឡើងសួរច្បារបុករះបង្គោលភ្លើង និងស្លាកសញ្ញារួមទាំងរ៉ឺម៉ក និងឡានដឹកសំរាមមួយគ្រឿងទៀត នៅតាមបណ្តោយផ្លូវចំការដូង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើបានឲ្យដឹងថា មុនដំបូងរថយន្តធុនធំដឹកដែកមួយគ្រឿងបានបើកបរលើកំណត់ផ្លូវ ចំការដូង ក្នុងទិសដៅពីអតីតស្ពានដែកឡើងទៅរង្វង់ដីក្រហមក្នុងល្បឿនយ៉ាងលឿន ប៉ុន្តែខណៈមកដល់ចំណុចកើតហេតុបានគេចម៉ូតូនៅពីខាងមុខក៏ទាញចង្កូតមកឆ្វេងដៃឡើងសួនច្បារបុករះបង្គោលភ្លើង និងស្លាកសញ្ញាអូសជិត២០ម៉ែត្រ ក៏ជ្រុលផ្លោងទៅបុករ៉ឺម៉ក និងរថយន្តក្រុមហ៊ុនស៊ីនទ្រីពេញទំហឹង បណ្តាលឲ្យក្បាលរថយន្តបង្កគាបជាប់ជាមួយគូទថយន្តស៊ីនទ្រីមិនអាចបន្តដំណើរទៅមុខ និងរងការខូចខាតធ្ងន់ធ្ងរ តែក្នុងហេតុការណ៍នេះមិនបណ្តាលឲ្យមនុស្សរងរបួសឡើយ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនគរបាលជំនាញចុះវាស់វែងអូសយករថយន្តបង្ក និងរ៉ឺម៉ករួមទាំងរថយន្តស៊ីនទ្រីទៅរក្សាទុកបណ្តោះអាសន្ននៅការិយាល័យចរារណ៍ផ្លូវគោករាជធានីភ្នំពេញ ដោយសាររថយន្តបង្កធ្វើឲ្យប៉ះពាល់ដល់សម្បត្តិសាធារណៈ និងទ្រព្យសម្បត្តិអ្នកដទៃ ៕ ភារ៉ា ដង្កោ